មធ្យោបាយតែមួយគត់ដើម្បីអោយប្រាកដថាអ្នកមានផ្ទៃពោះគឺការធ្វើតេស្តរកមើលការមានផ្ទៃពោះ។ ប៉ុន្តែមានរោគសញ្ញានៃការមានផ្ទៃពោះដំបូងជាច្រើនដែលអាចប្រាប់អោយដឹងថា អ្នកប្រហែលជាមានផ្ទៃពោះ ហើយគួរតែធ្វើតេស្ត។
ស្ត្រីមួយចំនួនពិតជាមិនដឹងពីរាងកាយរបស់ពួកគេ និងការប្រែប្រួលទាំងឡាយណាស់ដែលបញ្ជាក់ថាខ្លួនឯងមានផ្ទៃពោះទេ។ ស្ត្រីខ្លះទៀតក៏មិនដែលសង្ស័យថាខ្លួនឯងមានផ្ទៃពោះដែររហូតដល់ពួកគេបាត់រដូវ។

តើស្ត្រីគ្រប់រូបសុទ្ធតែមានរោគសញ្ញាដំបូងនៃការមានផ្ទៃពោះដែរទេ?
រោគសញ្ញាដំបូងនៃការមានផ្ទៃពោះមានភាពប្រែប្រួលទៅតាមស្ត្រីម្នាក់ៗ និងសភាពនៃការមានផ្ទៃពោះ។ ដូច្នេះមិនមែនស្ត្រីគ្រប់រូបសុទ្ធតែមានរោគសញ្ញាដូចៗគ្នា ឬដូចពេលមានផ្ទៃពោះលើកក្រោយនោះទេ។ ជាមួយគ្នានេះដែរ ដោយសារតែរោគសញ្ញានៃការមានផ្ទៃពោះដំបូងច្រើនតែប្រហាក់ប្រហែលនឹងសញ្ញាកាលពីមុន និងក្នុងពេលមករដូវ អ្នកប្រហែលជាមានរោគសញ្ញាមួយចំនួនដែលមិនអាចសម្គាល់បានថាជាអ្វីនោះទេ។
យកល្អគួរតែចងចាំក្នុងចិត្តថា រោគសញ្ញាប្រហែលជាបង្កឡើងដោយអ្វីផ្សេងទៀតដែលមិនមែនជាការមានផ្ទៃពោះ។ មធ្យោបាយតែមួយគត់ដើម្បីអោយប្រាកថាមានផ្ទៃពោះមែន នោះគឺជាការធ្វើតេស្ត។

មានកន្ទួលៗ និងឈឺរមួលៗសាច់ដុំ
ពីរបីថ្ងៃក្រោយពីមានផ្ទៃពោះរួច ពងមេជីវិតដែលចាប់កំណើតរួចទៅតោងភ្ញាប់នឹងជញ្ជាំងស្បូន។ ករណីនេះអាចបណ្តាលអោយចេញជាសញ្ញាដំបូងគេបង្អោះនៃការមានផ្ទៃពោះ នោះគឺការកន្ទួលៗ និងឈឺរមួលៗសាច់ដុំ។ ការហូរឈាមដោយសារតែការកាច់សម្បុករបស់កូនក៏ជាសញ្ញាមួយទៀតដែរ ដែលកើតឡើងពីថ្ងៃទី ៦ ដល់ ថ្ងៃទី១២ក្រោយពីពងមេជីវិតទាំងពីរលាយចូលគ្នា។
ការឈឺរមួលៗសាច់ដុំប្រហាក់ប្រហែលនឹងការឈឺពេលមករដូវ ធ្វើអោយស្ត្រីមួយចំនួនយល់ច្រឡំថាពួកគេចាប់ផ្តើមមកឈាមរដូវ។ ទោះបីជាយ៉ាងណាក៏ដោយការហូរឈាម និងការឈឺរមួលៗសាច់ដុំមានសភាពតិចតួចទេ។ រឿងផ្សេងៗទៀតដែលអាចអោយមានរោគសញ្ញានេះបានមាន ពិតជាចាប់ផ្តើមមករដូវមែន រដូវមានការប្រែប្រួល ប្រើថ្នាំគ្រាប់ពន្យាកំណើតខុសៗគ្នា មានការបង្ករោគ ឬមានការដាច់រហែកពីការរួមភេទ។

លើសពីនេះទៅទៀត អ្នកប្រហែលជាសម្គាល់ឃើញមានទឹករំអិលពណ៌ស ឬទឹកដោះគោចេញពីទ្វាមាស ដែលការពិតជាប្រតិកម្មភ្លាមៗក្រោយពីមេជីវិតទាំងពីរលាយចូលគ្នារួច ព្រមទាំងធ្វើអោយជញ្ជាំងទ្វាមាសចាប់ផ្តើមក្រាស។ វាគឺជាការលូតលាស់នៃកោសិការកម្រាលរបស់ទ្វាមាស ទើបបណ្តាលអោយហូរទឹករំអិលដូច្នេះ។ ទឹករំអិលនេះអាចបន្តរហូតដល់មានផ្ទៃពោះ ប៉ុន្តែជាធម្មតាវាមិនមានគ្រោះថ្នាក់ ឬត្រូវការព្យាបាលអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសម្គាល់ឃើញមានក្លិនស្អុយហូរចេញមក ឬមានអារម្មណ៍ថាក្រហាយ និងរមាស់ អ្នកគួរតែទាក់ទងមកគ្រូពេទ្យ។ ករណីទាំងនេះអាចជាសញ្ញានៃជំងឺផ្សិត ឬបាក់តេរី។
ប្រែប្រួលលើសុដន់
ការប្រែប្រួលក្នុងសុដន់របស់អ្នកគឺជាសញ្ញាដំបូងមួយផ្សេងទៀតនៃការមានផ្ទៃពោះ។ នៅពេលមានផ្ទៃពោះ រាងកាយអ្នកគឺស្ថិតក្រោមការប្រែប្រួលរបស់អ័រម៉ូនយ៉ាងលឿន។ ដោយសារតែការប្រែប្រួលរបស់អ័រម៉ូន អ្នកប្រហែលជាសម្គាល់ឃើញថាសុដន់អ្នកទៅជាហើម ឈឺ ឬឈឺចាប់ឈៀបៗក្នុងរយៈពេលមួយ ទៅពីរសប្តាហ៍ ឬប្រហែលជាធ្ងន់ ណែន ឬស្ទាប់ទៅឈឺ។ លើសពីនេះទៅទៀត តំបន់នៅជុំវិញក្បាលសុដន់ ប្រហែលជាប្រែពណ៌ទៅជាខ្មៅ។
ការមានផ្ទៃពោះមិនមែនជារឿងមួយគត់ដែលធ្វើអោយសុដន់ប្រែប្រួលនោះទេ ករណីដូច អតុល្យភាពរបស់អ័រម៉ូនដែលមិនទាក់ទងនឹងការមានផ្ទៃពោះ។ ការប្រែប្រួលក៏អាចបណ្តាលមកពីការផ្លាស់ប្តូរថ្នាំគ្រាប់ពន្យាកំណើត ឬអាចជារោគសញ្ញាមុនមករដូវ។
ប្រសិនបើការប្រែប្រួលគឺជាសញ្ញាដំបូងនៃការមានផ្ទៃពោះ ចូរចងចាំថា វាត្រូវបន្តកើតមានជាច្រើនសប្តាហ៍ដើម្បីទទួលបាននូវកម្រិតអ័រម៉ូនថ្មីវិញ។ ប៉ុន្តែនៅពេលវាកើតឡើង សុដន់របស់អ្នកនឹងមានអារម្មណ៍ថាមិនសូវជាឈឺខ្លាំងដូចចាប់ផ្តើមទេ។
អស់កម្លាំង
អារម្មណ៍នៃការអស់កម្លាំងខុសធម្មតាគឺជាសញ្ញានៃការមានផ្ទៃពោះដំបូងមួយដែលអាចកើតឡើងក្នុងរយៈពេលមួយសប្តាហ៍ក្រោយពីចាប់ផ្តើមានផ្ទៃពោះ។ ភាពអស់កម្លាំងខ្លាំងច្រើនតែទាក់ទងនឹងការកើនឡើងខ្ពស់នៃកម្រិតអ័រម៉ូន Progesterone ក្នុងប្រព័ន្ធរាងកាយទោះបីជាជាតិស្ករក្នុងឈាមថយចុះ សម្ពាធឈាមចុះខ្សោយ និងការផលិតឈាមកើនឡើងក៏ដោយ។
ការអស់កម្លាំងដែលមិនទាក់ទងនឹងការមានផ្ទៃពោះអាចបណ្តាលមកពីស្ត្រេស អស់កម្លាំងរាងកាយ បាក់ទឹកចិត្ត ផ្តាសាយ ឬជំងឺផ្សេងៗទៀត។ ប្រសិនបើការអស់កម្លាំងរបស់អ្នកទាក់ទងនឹងការមានផ្ទៃពោះ យោល្អគួរតែប្រាកដថាត្រូវការសម្រាកអោយបានច្រើន ញ៉ាំអាហារសម្បូវប្រូតេអ៊ីន និងជាតិដែក។
ចង្អោ (ចាញ់កូន)
ការកើនឡើងនៃអ័រម៉ូន Estrogen ក្នុងខ្លួនអាចធ្វើអោយក្រពះក្ររំលាយអាហារអស់ ដែលវាជាហេតុនាំអោយចេញជាសញ្ញាមួយផ្សេងទៀតនៃការមានផ្ទៃពោះ នោះគឺការក្អួតចង្អោ ដែលខ្មែរហៅថាចាញ់កូន។ មិនមែនស្ត្រីទាំងអស់សុទ្ធតែចាញ់កូននោះទេ។
ជាមួយនឹងអារម្មណ៍ក្អួតចង្អោរ ស្ត្រីមួយចំនួនកើតចិត្តរើសអាហារនៅពេលមានផ្ទៃពោះ។ រោគសញ្ញាមានផ្ទៃពោះដំបូងទាំងនេះក៏មានជាប់ទាក់ទងនឹងការប្រែប្រួលអ័រម៉ូនដែរ។
ក្រៅពីការមានផ្ទៃពោះ វាអាចជាសញ្ញានៃការឈឺក្រពះ ឬជំងឺមួយចំនួនដែលបណ្តាលអោយមានអារម្មណ៍ចង្អោ។ ការប្រែប្រួលក្នុងរបបអាហារ ស្ត្រេស បាក់ទឹកចិត្ត ឬករណីមុនមករដូវប្រហែលធ្វើអោយស្ត្រីរើសអាហារ។
រឿងដែលអាចកើតមានថា ការក្អួតចង្អោ និងការរើសអាហារអាចជាសញ្ញចុងក្រោយនៃការមានផ្ទៃពោះ។ សំណាងដែរ ស្ត្រីជាច្រើនមិនសូវជាមានសញ្ញាទាំងនេះក្នុងសប្តាហ៍ទី១៣ ឬទី១៤ទេ។ ពេលនេះ យកល្អគួរតែពិភាក្សាលើរបបអាហាររបស់អ្នកជាមួយគ្រូពេទ្យដើម្បីអោយប្រាកដថាអ្នក និងកូនក្នុងផ្ទៃទទួលបានជីវជាតិសំខាន់ៗហើយ។
បាត់រដូវ
រោគដ៏ជាក់ស្តែងដំបូងបំផុតនោះនៃការមានផ្ទៃពោះគឺការបាត់រដូវ។ ប៉ុន្តែមិនមែនការបាត់រដូវ ឬក្ររមករដូវទាំងអស់សុទ្ធតែជាការមានផ្ទៃពោះនោះទេ។
ការមានផ្ទៃពោះទាំងអស់ពុំមានការហូរឈាមរដូវទៀតទេ
ស្ត្រីអាចមានការហូរឈាមមួយចំនួនក្នុងពេលមានផ្ទៃពោះ។ ប្រសិនបើអ្នកមានផ្ទៃពោះ ចូរសួរគ្រូពេទ្យថាត្រូវធ្វើអ្វីទៀតចំពោះការហូរឈាមនេះ ដូចជា តើនៅពេលណាដែលជាការហូរឈាមធម្មតា និងពេលណាជាសញ្ញានៃជំងឺបន្ទាន់។
អ្នកអាចបាត់រដូវដោយសារតែបញ្ហាមិនមែនមានផ្ទៃពោះមួយចំនួនដែរ។ ការធាត់ជ្រុល ឬស្រកទម្ងន់ជ្រុលអាចបណ្តាលអោយអ្នកបាត់រដូវដែរ ដែលអាចទាក់ទងនឹងបញ្ហាអ័រម៉ូន អស់កម្លាំង ស្ត្រេស ឬមានសម្ពាធអ្វីមួយ។ ស្ត្រីមួយចំនួនមិនមករដូវនៅពេលពួកគេឈប់ប្រើថ្នាំពន្យាកំណើត។ ប៉ុន្តែប្រសិនបើរដូវអ្នកក្ររមក និងប្រហែលជាអាចមានផ្ទៃពោះ អ្នកគួរតែធ្វើតេស្តរកមើលការមានផ្ទៃពោះទៅ។
រោគសញ្ញាផ្សេងៗទៀត
អតុល្យភាពអ័រម៉ូនក្នុងរាងកាយអាចបណ្តាលមកបណ្តាលអោយមានរោគសញ្ញាជាច្រើនដូចជា៖
• ស្ត្រីភាគច្រើនតែងនោមញឹកក្នុងសប្តាហ៍ទី៦ ឬទី៨ក្រោយពីមានផ្ទៃពោះ។ ទោះបីជាវាបង្កឡើងដោយជំងឺក្នុងប្រព័ន្ធបង្ហួរនោម ទឹកនោមផ្អែម ឬប្រើថ្នាំបញ្ចុះទឹកនោមច្រើន នៅពេលមានផ្ទៃពោះវាច្រើនតែបណ្តាលមកពីអ័រម៉ូនកើនឡើងទេ។
• ការកើនឡើងនៃអ័រម៉ូន Progesterone ក៏អាចធ្វើអោយអ្នកទល់លាមកបានដែរ។ Progesterone ធ្វើអោយពោះវៀនក្របញ្ចេញលាមក។ ការទទួលទានទឹកច្រើន ហាត់ប្រាណ និងអាហារសរសៃខ្ពស់អាចជួយដោះស្រាយបញ្ហានេះបាន។
• អារម្មណ៍មិនល្អជាពិសេសក្នុងត្រីមាសទីមួយច្រើនតែទាក់ទងនឹងការប្រែប្រួលអ័រម៉ូន។
• ស្ត្រីច្រើនតែឧស្សាហ៍ឈឺក្បាលតិចៗ និងឈឺខ្នងរ៉ាំរ៉ៃ
• ការវិលមុខ និងសន្លប់ប្រហែលជាទាក់ទងនឹងការរីកសរសៃឈាម សម្ពាធឈាមថយចុះ និងជាតិស្ករក្នុងឈាមថយចុះ។ ស្ត្រីមួយចំនួនមិនដឹងថា ពួកគេមានផ្ទៃពោះទេរហូតដល់ដួលសន្លប់ រួចទៅជួបគ្រូពេទ្យ។
ប្រសិនបើអ្នកមានផ្ទៃពោះ អ្នកអាចមានរោគសញ្ញាទាំងនេះ ឬពីរឬបីប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើសញ្ញាទាំងអស់រំខានដល់អ្នក ចូរទៅពិគ្រោះជាមួយគ្រូពេទ្យទៅ។