តើអ្នកធ្លាប់គេងមិនឆ្អែត ហើយមានអារម្មណ៍ថាហត់អស់កម្លាំងពេញមួយថ្ងៃដែរឬទេ? ការផ្លាស់ប្ដូរពេលវេលានៃការគេង គឺហាក់ដូចជានឹងអាចដោះស្រាយបញ្ហានេះបានភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានកត្តាមួយចំនួនផ្សេងទៀតដែលអាចប៉ះពាល់ដល់ដំណេក ហើយយើងមិនធ្លាប់គិតថាកត្តាទាំងនេះជាមូលហេតុដែលធ្វើឲ្យយើងគេងមិនឆ្អែតឡើយ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប្រសិនបើយើងមិនយកចិត្តទុកដាក់ និងបន្តប្រកាន់ខ្ជាប់នូវទម្លាប់ មិនល្អទាំងនេះនោះវានឹងធ្វើឲ្យអារម្មណ៍ ក៏ដូចជាសុខភាពរបស់យើងប្រែជាកាន់តែអាក្រក់ឡើងៗរៀងរាល់ថ្ងៃ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីមូលហេតុមួយចំនួនដែលធ្វើឲ្យអ្នកតែងមានអារម្មណ៍ថានៅតែអស់កម្លាំង បន្ទាប់ពីគេងលក់បានច្រើនម៉ោង ឬគ្រប់ម៉ោងហើយក៏ដោយ ៖
១. អ្នកចូលគេងទាំងឃ្លាន
ពិតណាស់ ការទទួលទានច្រើនពេក គឺជាបញ្ហាមួយដែលធ្វើឲ្យគេងលក់មិនស្រួលស្កប់ប៉ុន្តែការចូលគេងទាំងនៅឃ្លាន ក៏នឹងមិនធ្វើឲ្យអ្នកគេងលក់បានស្រួលដូចគ្នា។ ដូច្នេះការទទួលទានអាហារសម្រន់ប្រហែល ១៥០ កាឡូរី នៅមុនពេលចូលគេងមួយម៉ោង គឺជាការប្រសើរ ដោយវាផ្ដល់ឲ្យរាងកាយនូវថាមពលគ្រប់គ្រាន់ជួយឲ្យឆាប់គេងលក់។ អាហារដ៏ល្អដែលគួរទទួលទានមុនពេលចូលគេងមានដូចជា គ្រាប់ធញ្ញជាតិ និងផ្លែឈើគ្មានជាតិផ្អែម។
២. អ្នកគេងសម្រាកពេលថ្ងៃ
មនុស្សពេញវ័យដែលមានសុខភាពល្អមិនចាំបាច់គេងសម្រាកកំឡុងពេលថ្ងៃឡើយ ប៉ុន្តែជាញឹកញយពួកគេតែងគេងលក់នៅមុខកញ្ចក់ទូរទស្សន៍, លើឡានក្រុង ឬកន្លែងផ្សេងៗទៀតដោយមិនដឹងខ្លួន។ ប្រសិនបើអ្នកបានគេងសម្រាកទោះបីជាមួយភ្លែតក៏ដោយនៅខណៈពេលថ្ងៃ នោះគុណភាពនៃការគេងរបស់អ្នកនៅពេលយប់នឹងប្រែជាអាក្រក់មិនខាន គឺពិបាកគេងលក់។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាងងុយគេងនៅកំឡុងពេលថ្ងៃ ចូរសាកល្បងសន្ធឹងជើងទាំងសងខាង។ វិធីនេះជួយឲ្យលំហូរអុកស៊ីហ្សែនកើនឡើង ចរន្តឈាមមានភាពល្អប្រសើរ ហើយអ្នកនឹងមានអារម្មណ៍ថាស្វាងងងុយគេង។
៣. អ្នកមិនសូវទទួលទានអាហារពេលព្រឹក
អាហារពេលព្រឹកហាក់ដូចជាគ្មានអ្វីពាក់ព័ន្ធជាមួយនឹងការគេងនៅពេលយប់ឡើយ។ ទោះជាយ៉ាងណា បន្ទាប់ពីរាងកាយទទួលបានថាមពលខ្លះក្នុងរយៈពេលមួយម៉ោងក្រោយពេលភ្ញាក់ពីគេង នោះវានឹងចាប់ផ្ដើមរាប់ពេលវេលាមុនពេលគេងយប់។ លើសពីនេះទៅទៀតអាហារពេលព្រឹកកំណត់ការរំលាយអាហារក្នុងរាងកាយ។ នៅពេលអ្នករំលងអាហារពេលព្រឹកខួរក្បាលគិតថាវាប្រហែលជាត្រូវឃ្លាន។ ដូច្នេះនៅចន្លោះពេលអាហារនីមួយៗ អ័រម៉ូនស្ត្រេសត្រូវបានបង្កើតឡើង ហើយអ័រម៉ូននេះអាចបង្កឲ្យគេងមិនលក់។
៤. អ្នកមិនសម្អាតបន្ទប់គេង
ទោះបីជាអ្នកហាក់ដូចជាមិនខ្វល់ពីភាពរញ៉េរញ៉ៃនៅជុំវិញខ្លួនក៏ដោយ ប៉ុន្តែខួរក្បាលរបស់អ្នកមិនគិតដូច្នេះដែលនោះទេ។ វាត្រូវបានគេជឿថា ខួរក្បាលចងចាំនូវរឿងគ្រប់យ៉ាងដែលនៅជុំវិញយើង ហើយប្រសិនបើអ្វីចុងក្រោយដែលអ្នកបានឃើញនៅមុនពេលចូលគេង គឺភាពច្របូកច្របល់ នោះការគេងរបស់អ្នកនឹងក្លាយជាបែបនេះដូចគ្នា។ លើសពីនេះទៅទៀតគ្មាននរណាគេងបានលក់ស្រួលនៅកន្លែងដែលពោរពេញដោយធូលីដីឡើយ។ ដូច្នេះចូរព្យាយាមកំណត់ចំនួនរបស់របរដែលអ្នកមានក្នុងបន្ទប់គេង ហើយព្យាយាមសម្អាតឲ្យបានញឹកញាប់ដើម្បីធ្វើឲ្យអ្នកគេងដកដង្ហើមបានកាន់តែស្រួល។
៥. សីតុណ្ហភាពក្នុងបន្ទប់ គឺក្ដៅពេក
ក្នុងកំឡុងពេលយប់សីតុណ្ហភាពខ្ពស់ គឺនឹងកាត់បន្ថយគុណភាពនៃការគេងរបស់អ្នក។ សីតុណ្ហភាពដ៏ល្អបំផុតសម្រាប់គេង គឺប្រហែល ២១ អង្សារសេ។
៦. អ្នកគេងផ្កាប់មុខ
របៀប ឬទីតាំងនៃការគេងដ៏ល្អបំផុត គឺគេងផ្ងារ ឬគេងផ្អៀង។ ការគេងផ្កាប់ គឺអាក្រក់បំផុត ក៏ព្រោះក្នុងទីតាំងនេះខួរឆ្អឹងខ្នង និងសាច់ដុំមិនបានសម្រាក, ទ្រូងត្រូវសង្កត់ជាប់ ពិបាកនឹងដកដង្ហើម។ ការគេងផ្កាប់ គឺមិនល្អសោះឡើយចំពោះអ្នកដែលមានជំងឺសសៃឈាមបេះដូង, ជំងឺសួត ឬអ្នកដែលមានបញ្ហាកកជាតិខ្លាញ់តាមសសៃឈាមបេះដូង។
៧. អ្នកទទួលទានអាហារផ្អែមនៅមុនពេលចូលគេង
ជាតិផ្អែម គឺជាអាហារសម្រាប់ខួរក្បាល ហើយប្រសិនបើខួរក្បាលសកម្មពេកនៅកំឡុងពេលយប់នោះមិនមែនជារឿងល្អឡើយ។ វាអាចនាំឲ្យមានសុបន្តិអាក្រក់។ ប្រសិនបើអ្នកទទួលទានសូកូឡានៅមុនពេលគេងមិនថាតិច ឬច្រើនឡើយ វាអាចបណ្ដាលឲ្យគេងមិនលក់ ក៏ព្រោះសូកូឡាមានផ្ទុកជាតិកាហ្វេអ៊ីន៕