រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាយើងបានចាប់ផ្តើមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សារជាថ្មីនៅក្នុងសហគមន៍ និងអ្នកដំណើរមកពីក្រៅប្រទេសដោយម៉ាស៊ីនPCR និងតេស្តរហ័ស បន្ទាប់ពីរយៈពេល៥២ថ្ងៃជាប់គ្នា គ្មានករណីឆ្លង ។
យោងតាមសារសម្លេងពិសេសរបស់សម្តេចតេជោ នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចបញ្ជាក់ថា ៖«ថ្ងៃនេះយើងបានសង្កេតឃើញពីការចាប់ផ្តើមឆ្លងឡើងវិញនូវជំងឺកូវីដ១៩ នៅក្នុងនោះយើងរកឃើញអ្នកឆ្លងក្នុងសហគមន៍តាមរយៈធ្វើតេស្ត PCR មួយចំនួន និងធ្វើតេស្តPCRបំពេញទម្រង់បែបបទសម្រាប់ចេញទៅក្រៅប្រទេសមួយចំនួន និងមួយចំនួនទៀត គឺអ្នកបានវិលត្រឡប់ពីក្រៅប្រទេសចូលមកក្នុងប្រទេសវិញ» ។
សម្តេចបន្តថា នៅតាមទីកន្លែងមួយចំនួនការធ្វើតេស្តរហ័សក៏បានរកឃើញវិជ្ជមាននូវជំងឺកូវីដ១៩ដែរ ដូច្នេះអាចសន្មត់ថា កូវីដ១៩ចាប់ផ្តើមកើតឡើងវិញទោះបីមានចំនួនតិចហើយ អាការៈមិនទាន់ធ្ងន់ធ្ងរក៏ដោយ ។
សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នកចំពោះសុខភាពផ្ទាល់ខ្លួន ហើយនៅគ្រប់ទីកន្លែងទាំងអស់ត្រូវមានវិធានការម៉ត់ចត់ ដើម្បីបញ្ជៀសការរីករាលដាលចូលក្នុងសហគមន៍ ក្រុមគ្រួសារ ក៏ដូចជាតាមស្ថាប័ន ។
ជាមួយគ្នានោះដែរសម្តេចតេជោក៏បានស្នើឲ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើកិច្ចនេះដើម្បីបញ្ជៀសករណីនេះកុំឲ្យកើតមានករណីរីករាលដាលដ៏ធ្ងន់ធ្ងរដែលអាចកើតមានជាយថាហេតុ ។
សម្តេចបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋត្រូវបន្តការអនុវត្តនូវវិធានការសុខាភិបាលដែលបានចាក់ចេញ ក្នុងនោះវិធានការ៣កុំ៣ការពារ ។ ទោះបីបានតិចឬ ច្រើនត្រូវខិត ខំអនុវត្ត ដើម្បីបញ្ជៀសការរីករាលដាលនូវជំងឺឆ្លងនេះ» ។
ជាមួយគ្នានេះខ្ញុំ សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនជនរួមជាតិដែលមិនទាន់ទទួលបានវ៉ាក់សាំងត្រូវ ខិតខំចាក់វ៉ាក់សាំងដូសជំរុញ» ។ សម្តេចតេជោ ក៏បានព្រមានថាបើសិនគ្មានវិធានការម៉ត់ចត់ទេនោះប្រទេសកម្ពុជាយើងនឹងត្រូវវិលត្រឡប់ទៅស្ថានភាពអាក្រក់វិញជាមិនខាន ៕