សម្រាប់ការការពាររាងកាយពីជម្ងឺមហារីក អ្នកជំនាញជាច្រើនណែនាំឱ្យទទួលទានរបបអាហារដែលសំបូរដោយរុក្ខជាតិរួមមាន ផ្លែឈើ បន្លែ សណ្តែក និងគ្រាប់ធញ្ញជាតិ។ ខាងក្រោមនេះ គឹជាអាហារមានសមាសធាតុមានប្រយោជន៍ជាច្រើនប្រភេទ ដែលអាចជួយដល់ការទប់ស្កាត់ជម្ងឺមហារីកមាត់ស្បូនលើស្ត្រី។
១. អាហារសំបូរជាតិ Flavonoids៖ សារធាតុនេះត្រូវបានគេជឿថា ផ្តល់ការការពារប្រឆាំងនឹងជម្ងឺមហារីក។ វាត្រូវបានគេរកឃើញនៅក្នុងផ្លែប៉ោម ផ្លែល្ពៅ សណ្តែកខ្មៅ ផ្កាខាត់ណា ស្ពៃ ស្ពៃក្តោប ខ្ទឹមស សាឡាត់ សណ្តែកសៀង ខ្ទឹមបារាំង និងស្ពៃខ្មៅ។
២. អាហារសំបូរជាតិ Folate៖ វាគឺជាវីតាមីនបេរលាយក្នុងទឹក ដែលត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកមាត់ស្បូនចំពោះស្ត្រីដែលមានផ្ទុកវីរុស HPV។ អាហារដែលសំបូរទៅដោយជាតិ Folate រួមមាន ផ្លែបឺរ ឈីស សណ្តែក ក្រូច សាឡាត់ និងផ្លែស្ត្របឺរី។
៣. អាហារសំបូរសារធាតុ Carotenoids៖ វាជាប្រភពវីតាមីនអាដ៏មានតម្លៃ ដែលមាននៅក្នុងផ្លែឈើ បន្លែ និងសណ្តែកភាគច្រើន ជាពិសេសនៅក្នុងអាហារពណ៌ទឹកក្រូច ដូចជា ការ៉ុត ដំឡូងជ្វា និង ល្ពៅជាដើម។
បើទោះបីជាអាហារខាងលើនេះជួយដល់ការការពារជម្ងឺមហារីកមាត់ស្បូនក្តី វានៅមិនទាន់គ្រប់គ្រាន់នោះទេ។ ដោយសារជម្ងឺមហារីកមាត់ស្បូន ច្រើនតែជាប់ទាក់ទងនឹងរបៀបរស់នៅ វាចាំបាច់ណាស់ក្នុងការចាត់វិធានការបង្ការជាមុនដូចជា មិនជក់បារី ការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសHPV និងការធ្វើតេស្តរកជម្ងឺមហារីកមាត់ស្បូន (Pap smears) តាមការណែនាំរបស់គ្រូពេទ្យ៕