លំពែង គឺជាផ្នែកនៃសរីរាង្គដ៏សំខាន់មួយរបស់ប្រព័ន្ធរំលាយអាហារ។ វាមិនត្រឹមតែគ្រប់គ្រង និងបន្សាបអាហារមានជាតិអាស៊ីតដែលទទួលទានបានដោយក្រពះប៉ុណ្ណោះទេ អង់ស៊ីមដែលបញ្ចេញដោយលំពែងក៏ជួយក្នុងការរំលាយកាបូអ៊ីដ្រាត, ប្រូតេអ៊ីន និងជាតិខ្លាញ់ផងដែរ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) លំពែងមានសុខភាពល្អជួយរក្សាកម្រិតត្រឹមត្រូវនៃការស្រូបយកជាតិស្ករ និងសម្រួលដល់ដំណើរការនៃការរំលាយអាហារធ្វើឲ្យអ្នកជៀសផុតពីបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភផ្សេងៗ។ ប៉ុន្តែថាតើគួរធ្វើយ៉ាងណាទើបរក្សាបាននូវសុខភាពលំពែងល្អប្រសើរ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទាន រួមជាមួយគន្លឹះងាយៗជួយរក្សាសុខភាពលំពែង ៖
១. រមៀត
រមៀត ដើរតួជាភ្នាក់ងារប្រឆាំងការរលាកបែបធម្មជាតិជួយកាត់បន្ថយការឈឺចាប់ដែលបង្កឡើងដោយការរលាកក្រហាយក្នុងលំពែង។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏ជួយរំញោចពន្លឿនការផលិតអាំងស៊ុយលីនក្នុងលំពែងដែលគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ហើយទប់ស្កាត់ជំងឺទឹកនោមផ្អែមផងដែរ។
២. ខ្ទឹមស
ខ្ទឹមស ជាអង់ទីប៊ីយូទិកធម្មជាតិ ហើយការរួមផ្សំវាក្នុងអាហារផ្សេងៗជួយបង្កើនប្រសិទ្ធិភាពបានកាន់តែច្រើន។ ខ្ទឹមស អាចត្រូវបានដាក់បន្ថែមជាមួយទឹកឃ្មុំ និងខ្ទឹមបារាំងជាដើម ហើយការរួមផ្សំគ្នានេះជួយបង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយ ដោយជួសជុលជាលិកានៃសរីរាង្គខាងក្នុងសឹងគ្រប់ផ្នែក រួមទាំងលំពែងផងដែរ។
៣. ប្រូខូលី ឬផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវ និងបន្លែប្រភេទ cruciferous ដទៃទៀតដូចជា ស្ពៃក្ដោប, ពន្លកផ្កាស្ពៃ និងស្ពៃក្រញាញ់ មានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងកោសិកាមហារីកក្នុងលំពែង និងទប់ស្កាត់ជំងឺផ្សេងៗ។
៤. ទំពាំងបាយជូរក្រហម
ទំពាំងបាយជូរក្រហម មានផ្ទុក resveratrol ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាបំផុតមួយ។ វាជួយកាត់បន្ថយការរលាកលំពែង និងបំផ្លាញកោសិកាមហារីកក្នុងលំពែងផងដែរ។
៥. ដំឡូងផ្អែម
ការទទួលទានដំឡូងផ្អែម ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកលំពែងបានដល់ទៅ ៥០ ភាគរយឯណោះ។ វាក៏ជួយរក្សាភាពប្រក្រតីនៃកម្រិតជាតិស្ករក្នុងឈាម ដោយបញ្ចេញជាតិស្ករបន្តិចម្ដងៗទៅក្នុងចរន្តឈាម។
– គន្លឹះដើម្បីរក្សាសុខភាពលំពែងល្អប្រសើរ
១. អ្នកដែលមានលំពែងមិនល្អ ឬរលាកលំពែង គួរទទួលជាតិកាឡូរីប្រហែល ៣០ ទៅ ៤០ ភាគរយបានហើយពីជាតិខ្លាញ់ និងពីប្រភពធម្មជាតិ។
២. ជៀសវាងទទួលទានគ្រឿងស្រវឹងច្រើនហួសពេក រួមទាំងអាហារកែច្នៃ និងកាបូអ៊ីដ្រាតដែលត្រូវបានចម្រាញ់ ខណៈដែលកាបូអ៊ីដ្រាតដើរតួប្រឆាំងការបញ្ចេញអាំងស៊ុយលីនដោយលំពែង។
៣. ការទទួលទានទឹកធម្មតាបានច្រើនគ្រប់គ្រាន់ គឺជាគន្លឹះសំខាន់ដើម្បីទប់ស្កាត់ជំងឺផ្សេងៗទាក់ទងនឹងលំពែងដូចជា ជំងឺរលាកលំពែង ជាដើម៕