ពាក្យមួយឃ្លានិយាយថា អ្វីៗអាចផ្លាស់ប្តូរបានទាំងអស់ លើកលែងតែសេចក្តីស្លាប់មួយប៉ុណ្ណោះ ព្រោះវាជារឿង ដែលមិនអាចចៀសផុតបាន។ យ៉ាងណាមិញ មានរឿងច្រើនណាស់ ដែលអ្នកអាចធ្វើបាន ដើម្បីជួយឲ្យដំណើរជីវិតអ្នក បន្តបានកាន់តែយូរទៅមុខទៀត។
រឿងធម្មតាៗរាល់ថ្ងៃ ដែលធ្វើឲ្យមនុស្សអាយុខ្លីនោះ មានដូចជា ជក់បារី និងការគេងមិនបានគ្រប់គ្រាន់។ ដូច្នេះ បើសិនជាអ្នកចង់បានអាយុវែង ក្រៅពីចៀសវាងរឿងធ្វើឲ្យអាយុខ្លី អ្នកគួរតែព្យាយាម ធ្វើរឿងផ្សេងៗបន្ថែមទៀត ដូចជា ៖
ញ៉ាំទឹកឲ្យបានច្រើន
រាងកាយមនុស្សយើង ត្រូវការជាតិទឹកគ្រប់គ្រាន់ ទើបអាចធ្វើការបានយ៉ាងល្អ។ បើសិនជាគ្មានទឹកទេ អាចនឹងឈប់ធ្វើការ ឬធ្វើការកាន់តែយឺតៗទៅ។ ក្នុងករណីជីវិតរស់នៅ ដោយមិនមានជាតិទឹកគ្រប់គ្រាន់មែននោះ រាងកាយពិតជាងាយមានជំងឺខ្លាំងណាស់។
ចូរប្រាកដថា សើចបានរាល់ថ្ងៃ
ចូរប្រាកដថា ការសើចរបស់អ្នក កើតឡើងពិតប្រាកដ មិនមែនបន្លំឡើយ។ វាគឺជាមធ្យោបាយដ៏ល្អបំផុតមួយ ក្នុងការពង្រឹងលំហូរឈាមទៅបេះដូង។ បើសិនជាអ្នកអាចធ្វើបានរាល់ថ្ងៃ អ្នកនឹងអាចកាត់បន្ថយ ការកើនបញ្ហាកកជាតិខ្លាញ់ ក្នុងសរសៃឈាម ការរលាក និងកំណកឈាមបានយ៉ាងល្អ។ ដូច្នេះចូរចំណាយពេល ពីរបីនាទីក្នុងមួយថ្ងៃ ដើម្បីសើចទៅ។
ឈប់បង្ខំខ្លួនឯងទៀត នៅពេលមានជំងឺហើយ
អ្នកខ្លះគិតថា វាពិតជារឿងមួយអស្ចារ្យណាស់ នៅពេលមនុស្សម្នាក់ អាចធ្វើការងារទាំងខ្លួនមានជំងឺ តែវានឹងធ្វើឲ្យរាងកាយ ចុះខ្សោយកាន់តែខ្លាំងទៅវិញទេ។ ដូច្នេះ នៅពេលអ្នកមានអារម្មណ៍ថា ខ្លួនឯងមិនស្រួលខ្លួនហើយនោះ ចូរចំណាយពេលវេលាខ្លះ ដើម្បីខ្លួនឯងសម្រាកពីការងារខ្លះទៅ ព្រោះរាងកាយ ត្រូវការពេលវេលាដើម្បីជាវិញដែរ។
រំលាយជាតិខ្លាញ់
ការសិក្សាបង្ហាញថា ការរំលាយជាតិខ្លាញ់ យ៉ាងហោចណាស់ ១,១០០ កាឡូរីក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយ ការកកកុញជាតិខ្លាញ់ ក្នុងសរីរាង្គក្នុងពោះបាន ដូច្នេះ អ្នកក៏អាចកាត់បន្ថយ ការកើតជំងឺលើសសម្ពាធឈាម បានយ៉ាងអស្ចារ្យ។ អ្វីដែលអ្នកគួរធ្វើនៅពេលនេះ គឺចំណាយពេលវេលាហាត់ប្រាណ ឲ្យបានច្រើនថ្ងៃក្នុងមួយសប្តាហ៍។
កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
ការស្រាវជ្រាវបានបញ្ជាក់ថា យើងមិនគួរណា ញ៉ាំគ្រឿងស្រវឹងច្រើនជាង ៣ ដងក្នុងរយៈពេល ២៤ ម៉ោងឡើយ ព្រោះវាអាចប្រឈមខ្លាំង នឹងជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងរហូតដល់ ៥ ដងឯណោះ៕