មានប្អូនស្រីម្នាក់បាន ផ្ញើរសារក្នុង Facebook មកកាន់ទំព័រ Facebook Page ខ្ញុំថា គាត់មានបញ្ហាឈឺចង្កេះខ្លាំងណាស់ ក្នុងពេលមានផ្ទៃពោះ ជាពិសេស នៅពេលពោះគាត់កាន់តែធំ កាន់តែឈឺខ្លាំង។ ដូច្នេះហើយខ្ញុំក៏ឈ្លាតឱកាសនេះ ជួយដោះស្រាយបញ្ហាឲ្យគាត់ និងផ្តល់ជាចំណេះដឹងបន្ថែម ដល់បងប្អូនខ្មែរយើងតែម្តងទៅ។
មានជម្រើសច្រើនណាស់ ដែលអ្នកអាចធ្វើបាន ដើម្បីព្យាបាលបញ្ហាឈឺខ្នង និងចង្កេះ ក្នុងពេលមានផ្ទៃពោះ ដោយមិនបាច់ប្រើថ្នាំ។
ស្អំទឹកកក ឬទឹកក្តៅ
ទាំងរបស់ក្តៅ និងត្រជាក់ អាចប្រើទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនបាន។ មូលហេតុដែលយើងប្រើប្រាស់របស់ទាំងពីរនេះ គឺដើម្បីសម្រួលដល់អារម្មណ៍ឈឺចាប់។ ការចូលក្នុងបន្ទប់សូណា ឬស្ទីមរយៈពេលខ្លី ក៏អាចជួយសម្រួលដល់ការឈឺខ្នងដែរ ប៉ុន្តែ រឿងនេះត្រូវបានហាមប្រាម នៅពេលស្ត្រីឈានដល់ត្រីមាសចុងក្រោយ នៃការមានផ្ទៃពោះ ព្រោះវាអាចប្រឈមខ្ពស់ នឹងការសម្រាលមុនកំណត់។
ហាត់ប្រាណ
ការហាត់ប្រាណ អាចជួយពង្រឹងដល់សាច់ដុំខ្នងបាន។ ការហាត់ប្រាណមួយចំនួន អាចជាការលើករបស់ដែលតិចជាង ៥ គីឡូក្រាមដែរ។ ស្ត្រីមានផ្ទៃពោះ ច្រើនតែត្រូវបានណែនាំ ឲ្យពិគ្រោះជាមួយអ្នកជំនាញខាងធ្វើចលនា មុនពេលធ្វើការហាត់ប្រាណគ្រប់ប្រភេទ។
ប្រការដែលត្រូវចៀសវាង
អ្វីដែលសំខាន់ដែរនោះគឺថា គួរតែចៀសវាងការអោនក្បាលទាបជាងចង្កេះ។ អ្នកគួរតែចៀសវាងការឈរយូរ ឬអង្គុយយូរ។ កុំពាក់ស្បែកជើងកែងខ្ពស់ និងគេងផ្ងារ។ ចូរព្យាយាមគេងចំហៀង ដោយបត់ជង្គត់។
ពាក់ខ្សែក្រវាត់ស្ត្រីមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះមួយចំនួន ប្រហែលជាយល់ថា របស់មួយនេះមានប្រយោជន៍ណាស់ សម្រាប់ពួកគេ។ យ៉ាងណាមិញ ខ្សែក្រវាត់បែបនេះច្រើនតែត្រូវបានប្រើប្រាស់ ចំពោះស្ត្រីមានផ្ទៃពោះ ក្នុងត្រីមាសទីពីរ និងទីបីតែម្តង។