ការហើមសួតសំដៅទៅលើជាតិទឹកនៅក្នុងសរសៃឈាមលេចចេញទៅខាងក្រៅ រួចចូលទៅក្នុងជាលិការសាច់សួត ទើបធ្វើអោយសួតទៅជាហើម។ ករណីបែបនេះអាចកើតឡើងបានដោយសារតែសម្ពាធក្នុងសរសៃឡើងខ្ពស់ពេក ឬមិនមានប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងចរន្តឈាមដើម្បីទាញទឹកចេញពី កោសិការចូលក្នុងសរសៃឈាមបាន។

ថង់សួតតូចៗដែលមានឈ្មោះថា Alveoli គឺជាកន្លែងសម្រាប់ប្តូរអុកស៊ីសែនតាមរយៈការដក ដង្ហើមចូល និងនាំឧស្ម័នកាបូនឌីអុកស៊ីតចេញពីក្នុង ឈាមទៅក្រៅវិញតាមរយៈការដកដង្ហើមចេញ។ ជាធម្មតាថង់សួត Alveoli មានកម្រាស់ជញ្ជាំងរបស់វាដ៏ស្តើងដែលអាចប្រើសម្រាប់បណ្តូរឧស្ម័នទាំងនេះបាន ហើយចំពោះជាតិ ទឹកវិញមិនអាចេញចូលបានឡើយ លុះត្រាតែជញ្ជាំងរបស់វាមិនអាចទ្រាំទ្រសម្ពាធឈាមរបស់ឈាមបាន។

មូលហេតុ
ចំពោះមូលហេតុនៃការហើមសួតត្រូវបានចែកចេញពីរធំៗ នោះគឺមូលហេតុទាក់ទងនឹងបេះដូង និងមិនទាក់ទងនឹងបេះដូង។
១. មូលហេតុទាក់ទងនឹងបេះដូង
មូលហេតុដែលទាក់ទងនឹងបេះដូងច្រើនបណ្តាលមកពីសម្ពាធក្នុងសរសៃឈាមក្នុងសួតឡើងខ្ពស់ ដោយសារតែខ្សោយបេះដូង។ ជំងឺខ្សោយបេះដូងកើតឡើងដោយសារតែការច្របាចនៃសាច់ដុំបេះដូងចុះខ្សោយ ជំងឺគាំងបេះដូង ឬជំងឺប្រើសបេះដូងមិនធម្មតា ដែលសុទ្ធតែនាំអោយមានសម្ពាធឈាមកាន់តែច្រើនក្នុងសរសៃឈាមរបស់សួត និងបណ្តាលអោយជាតិទឹកក្នុងសរសៃឈាមរុញចូលទៅក្នុងថង់សួត Alveoli បាន។
២.មូលហេតុដែលមិនមែនបណ្តាលមកពីបេះដូង

ជំងឺហើមសួតដែលមិនបណ្តាលមកពីបេះដូងមានដូចជា៖
- ចង្កោមរោគសញ្ញាពិបាកផ្លូវដង្ហើមស្រួចស្រាវ (Acute Respiratory Distress Syndrome, ARDS)៖ វាគឺជាជំងឺដ៏ធ្ងន់ធ្ងរមួយបង្កឡើងដោយការបង្ករោគធ្ងន់ធ្ងរ បែកបាក់ឆ្អឹង មានរបួសទៅសួត ស្រូបឧស្ម័នពុល ជំងឺសួត ជក់បារីមានជាតិកូកាអ៊ីន ឬបាញ់កាំរស្មីលើសួត។ ជំងឺនេះធ្វើអោយភាពធន់របស់ជញ្ជាំង Alveoli ទៅជាខូចខាត និងមានការរលាក ដែលជាហេតុនាំអោយជ្រាប់ទឹកចេញពីសរសៃឈាមចូលទៅក្នុងនោះបាន។
- ខ្សោយតម្រងនោម៖ ការខ្សោយតម្រងនោម មានន័យថារាងកាយមិនអាចបញ្ចេញជាតិទឹកចេញពីក្នុងខ្លួនបានទេ ដែលវាជាហេតុនាំអោយចាលជាតិទឹកច្រើនក្នុងខ្លួនរហូតដល់ហើមសួត។
- រស់នៅទីខ្ពស់៖ អ្នកដែលរស់នៅលើភ្នំ ឬទីខ្ពស់រហូតដល់៣០០គីឡូម៉ែត្រពីដីរាបច្រើនតែមានជំងឺហើមសួត។
- គ្រោះថ្នាក់ទៅលើខួរក្បាល ហូរឈាមក្នុងខួរក្បាល ប្រកាច់ធ្ងន់ធ្ងរ ឬវះកាត់ខួរក្បាល
- ករណីបូមទឹកក្នុងស្រោមសួត បូមខ្យល់ក្នុងស្រោមសួត
- អ្វីដែលកម្រ គឺប្រើថ្នាំហេរ៉ូអ៊ីន ឬMethadon លើសកម្រិត
- ប្រើថ្នាំអាស្ពីរីនលើសកម្រិត ក៏នាំអោយហើមសួតដែរ ដោយសារតែពុលនឹងថ្នាំនេះជាពិសេសកើតលើមនុស្សចាស់។
កត្តាប្រឈមមុខ
កត្តាប្រឈមមុខនឹងជំងឺហើមសួតគឺជាមូលហេតុសំខាន់ៗរបស់វាដូច ខាងលើនេះ ព្រោះគ្មានកត្តាប្រឈមមុខណាមួយពិសេសសម្រាប់ជំងឺហើមសួតនោះទេ៕