ការស្ទះពោះវៀនអាចកើតដោយសារការស្ទះបែបមេកានិច ដូចជាមានខ្លន ឬដុំសាច់ដុះក្នុងពោះវៀនដែលវាទៅស្ទះដល់ពោះ។ ឬអាចបណ្តាលកពីពោះវៀនមិនអាចបំពេញមុខងារបានយ៉ាងល្អ ដែលគេអោយឈ្មោះវាថា Paralytic Ileus (ការស្ទះពោះវៀនក្លែងក្លាយ)។

ការស្ទះពោះវៀនតូចបែបមេកានិច
មូលហេតុដែលកើតមានជាញឹកញាប់បំផុតនៃការស្ទះបែបនេះមាន៖
– ស្អិតពោះវៀន
– មានខ្លនលយចូលពោះវៀន
– ដុំសាច់ក្នុងពោះវៀន
– ជំងឺរលាកពោះវៀនដូចជាជំងឺ Crohn
– ពោះវៀនរមួល
– ពោះវៀនស្រុញចូលគ្នា

ការស្ទះពោះវៀនធំបែបមេកានិច
ការស្ទះពោះវៀនក្នុងតំបន់នេះមិនសូវមានច្រើនដូចពោះវៀនតូចទេ ហើយមូលហេតុរបស់វាមាន៖
– មហារីកពោះវៀនធំ
– ជំងឺ Diverticulitis
– ពោះវៀនធំរមួល
– ស្ទះដុំលាមក
– ពោះវៀនរួមតូចដោយសារតែការរលាក និងសន្លាក

ការស្ទះពោះវៀនបែប Paralytic Ileus
ការស្ទះពោះវៀនប្រភេទនេះធ្វើអោយមានរោគសញ្ញាដូចគ្នានឹងការស្ទះពោះវៀនផ្សេងៗទៀតដែរ ប៉ុន្តែវាមិនមានសម្តែងនូវការស្ទះអ្វីមួយជាក់ស្តែងឡើយ មានន័យថា ពោះវៀនមិនអាចបំពេញមុខងារបានល្អទេដោយសារតែមានបញ្ហាទៅលើសាច់ដុំ ឬសរសៃប្រសាទ។ ការធ្វើចលនាពោះវៀនត្រូវបានកាត់បន្ថយ ឬលែងមានតែម្តង ដែលជាហេតុផលមួយពិបាកដល់អាហារ និងទឹកហូរចូលទៅក្នុងប្រព័ន្ធរំលាយអាហារ។
ការស្ទះបែប Paralytic Ileus អាចប៉ះពាល់ដល់គ្រប់កន្លែងទាំងអស់នៃពោះវៀន ដោយមូលហេតុរបស់វាមានដូចជា៖
– ការវះកាត់ពោះ
– វះកាត់ក្នុងអាងត្រគៀក
– មានឆ្លងរោគ
– កំពុងប្រើថ្នាំ
– សាច់ដុំ និងសរសៃប្រសាទមិនធម្មតាដូចជាជំងឺ Parkinson ជាដើម

កត្តាប្រឈមមុខ
ជំងឺដែលអាចធ្វើអោយប្រឈមនឹងការស្ទះពោះវៀនកាន់តែខ្លាំងនោះមាន៖
– វះកាត់ពោះ ឬអាងត្រគៀក ព្រោះអាចនឹងបណ្តាលអោយស្អិតពោះវៀន
– ជំងឺរលាកពោះវៀន Crohn
– ជំងឺមហារីកក្នុងពោះដែលត្រូវវះកាត់ចោល៕