នៅពេលអាយុកាន់តែច្រើន ការប្រែប្រួលរបស់រាងកាយក៏កាន់តែច្រើនដែរ។ ហើយដំណាក់កាលមួយដែលខ្លាំងបំផុតសម្រាប់ជីវិតស្ត្រីគ្រប់រូបនោះ គឺការរ៉ាំងរដូវតែម្តង ដែលធ្វើឲ្យមានការប្រែប្រួលអ័រម៉ូនខ្លាំងរហូតដល់មានបញ្ហាផ្លូវអារម្មណ៍ ក្តៅពេញខ្លួន និងឡើងទម្ងន់ជាដើម។

យ៉ាងណាមិញ អ្វីដែលស្ត្រីភាគច្រើនមិនបានដឹងនោះគឺថា ការរ៉ាំងរដូវអាចប្រឈមនឹងបញ្ហាសុខភាពបេះដូងទៀត។ ថ្វីបើកត្តាផ្សេងៗដូចជា អាយុ និងប្រវត្តិគ្រួសារធ្លាប់កើតជំងឺបេះដូង ដែលវាមិនអាចផ្លាស់ប្តូរបានក៏ដោយ តែគាត់ក៏អាចបន្ថយការប្រឈមនឹងជំងឺបេះដូងនេះបានតាមរយៈការផ្លាស់ប្តូររបៀបរស់នៅមួយចំនួន។

ខណៈពេលដែល ការរ៉ាំងរដូវគឺជារឿងធម្មជាតិ ការថយចុះរបស់អ័រម៉ូនអេស្ត្រូជែនគឺមានឥទ្ធិពលទៅលើរាងកាយដោយសារតែអ័រម៉ូននោះជួយការពារស្ត្រីពីជំងឺបេះដូងបាន។ ខាងក្រោមនេះគឺជាហេតុផលដែលនាំឲ្យស្ត្រីរ៉ាំងរដូវរួចងាយនឹងកើតជំងឺបេះដូង៖
• ការថយចុះរបស់អ័រម៉ូនអេស្ត្រូជែនក្រោយរ៉ាំងរដូវ នឹងធ្វើឲ្យសរសៃឈាមទៅជារឹង និងមិនសូវមានភាពយឺត ដែលជាហេតុនាំឲ្យកើតជំងឺលើសសម្ពាធឈាម និងប្រឈមខ្លាំងនឹងជំងឺបេះដូងតែម្តង។
• រឿងដែលកើតមានជាញឹកញាប់នោះគឺថា ស្ត្រីក្រោយរ៉ាំងរដូវរួចមានកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ ជាពិសេសកូឡេស្តេរ៉ុលអាក្រក់តែម្តង ដូច្នេះវាពិតជាប្រឈមខ្លាំងនឹងជំងឺបេះដូងសរសៃឈាមណាស់។
• ការធាត់ ឬឡើងទម្ងន់នៅម្តុំក្បាលពោះក្រោយរ៉ាំងរដូវក៏ជាហេតុនាំឲ្យកើតជំងឺបេះដូងខ្ពស់ដែរ។
• អ្វីដែលមិនសូវមានគេដឹងនោះគឺថា ស្ត្រីរ៉ាំងរដូវរួចងាយនឹងរ៉េស៊ីស្តង់នឹងអាំងស៊ុយលីន ព្រមទាំងកើតជំងឺទឹកនោមផ្អែមណាស់។ ហើយកាលណាកើតជំងឺនេះហើយគឺពិតជាប្រឈមខ្ពស់នឹងជំងឺបេះដូង។
• កាលណាស្ត្រីឈានដល់អាយុ ៥០ឆ្នាំ គាត់ពិតជាងាយមានបញ្ហាបេះដូងដើរខុសចង្វាក់ណាស់៕
