មានការនិយាយតៗគ្នាថាការហូបមង្ឃុតជាមួយនឹងស្ករអាចធ្វើអោយពុលស្លាប់បាន ។ តើរឿងនេះ ជាការពិតដែរ ឬទេ? មង្ឃុតត្រូវបានគេចាត់ទុកថា ជាផ្លែឈើដ៏មានរសជាតិផ្អែមឆ្ងាញ់ និងមានផលប្រយោជន៍ជាច្រើន ។
ទាក់ទងនឹងចម្ងល់ដែលថា ការហូបផ្លែមង្ឃុតជាមួយនឹងស្ករអាចធ្វើអោយពុលស្លាប់ដែរឬទេនោះ គេមិនឃើញការគាំទ្រផ្នែកវិទ្យាសាស្ត្រណាមួយអាចគាំទ្រនឹងការលើកឡើងយ៉ាងដូច្នេះឡើយ។ ទន្ទឹមពេលជាមួយគ្នានោះក៏គ្មានសេចក្តីរាយការណ៍ព័ត៌មានណាមួយថា មានអ្នកស្លា.ប់ដោយសារការហូបមង្ឃុតជាមួយស្ករឡើយ ។
ផ្ទុយទៅវិញ ប្រជាជនសិង្ហបូរី និងម៉ាឡេស៊ីចូលចិត្តហូបមង្ឃុតក្រោយពីការហូបទុរេនហើយពីព្រោះគេយល់ថាទុរេន គឺជាផ្លែឈើដែលក្តៅ និងមានជាតិស្ករច្រើន ។ គេហូបផ្លែមង្ឃុតក្រោយការហូបទុរេន គឺមានបំណងធ្វើអោយខ្លួនត្រជាក់វិញ។ ដូច្នេះបើសិនជាការហូបមង្ឃុតជាមួយស្ករអាចធ្វើអោយពុលស្លាប់នោះ វាប្រហែលជាធ្ចើអោយស្លាប់អស់ ហើយជនជាតិសិង្ហបូរីនិងម៉ាឡេស៊ី ពីព្រោះនៅក្នុងទុរេនមានជាតិស្ករយ៉ាង ច្រើន។
ផ្អែកទៅលើអំណះអំណាងនេះ វាប្រហែលជាមិនមានការពិតទេដែលថាការហូបមង្ឃុតជាមួយ ស្ករអាចធ្វើអោយមនុស្សពុលស្លាប់។ ទន្ទឹមពេលជាមួយគ្នានោះ វាក៏គ្មានហេតុផលអ្វីដែលយើង ត្រូវហូបផ្លែមង្ឃុតជាមួយស្ករដែរ ពីព្រោះមង្ឃុតមានរសជាតិផ្អែមឆ្ងាញ់ស្រាប់ទៅហើយ។
ម្យ៉ាងទៀតនោះ មង្ឃុតគឺជាផ្លែឈើដ៏មានប្រយោជន៍យ៉ាងសំខាន់ផងដែរសម្រាប់សុខភាព របស់យើងទាំងអស់គ្នា។
១ មង្ឃុតអាចកាត់បន្ថយការកើតមហារីក
សារធាតុម្យ៉ាងមានឈ្មោះថា xanthone អាចមានមុខងារប្រឆាំងអុកស៊ីតកម្ម និង មានឥទ្ឋិពលប្រឆាំង ការរលាក ( antiinflamotory )។ ដោយសារតែមុខងារទាំងនេះ មង្ឃុតអាចកាត់បន្ថយ ការកើតជំងឺ មហារីក ដូចជាមហារីកសុដន់ មហារីកក្រពះ និង មហារីកសួតជាដើម។ ការសិក្សាស្រាវជ្រាវជាច្រើនរកឃើញថា សារធាតុ xanthone ដែលមានតែនៅក្នុងផ្លែមង្ឃុត មានឥទ្ធិពលក្នុងការទប់ស្កាត់ការកើតជំងឺមហារីក។
២ មង្ឃុតអាចជួយសម្រកទម្ងន់
ផ្លែមង្ឃុតត្រូវបានគេល្បីថា មានឥទ្ធិពលនៅក្នុងការសម្រកទម្ងន់ផងដែរ។ គេបានធ្វើការសិក្សាស្រាវជ្រាវ ទៅលើ មនុស្ស និងសត្វកណ្តុរ ហើយរកឃើញដូចគ្នាថា មង្ឃុតធ្វើអោយស្រកគីឡូ ។ ប៉ុន្តែគេនៅតែ ត្រូវធ្វើការសិក្សាស្រាបវជ្រាវទ្រង់ទ្រាយធំបន្ថែមទៀត មុននឹងឈានដល់ពេលប្រកាសជាសាធារណៈថា មង្ឃុត គឺជាផ្លែឈើដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកធាត់ហើយចង់មានផែនការសម្រកតម្ងន់។
៣ មង្ឃុតអាចជួយអ្នកជំងឺទឹកនោមផ្អែមនៅក្នុងការគ្រប់គ្រងជាតិស្ករក្នុងខ្លួន
ផ្លែមង្ឃុតមានឥទ្ធិពលនៅក្នុងការសម្រកទម្ងន់ដោយសារកត្តាពីរយ៉ាងដែលគេបានសិក្សាស្រាវជ្រាវឃើញ។ វាមានឥទ្ធិពលបែបនេះ គឺដោយសារវាមានសារធាតុ xanthone និងជាតិសរសៃ ( fiber) ។ គេបានធ្វើការសិក្សាស្រាវជ្រាវទៅលើស្ត្រីដែលធាត់លើសទម្ងន់ហើយបានរកឃើញស្ត្រីដែលហូបផ្លែមង្ឃុតក្នុងទម្រង់ជាអាហារបំប៉ន គឺបានកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម។
៤ មង្ឃុតធ្វើអោយប្រព័ន្ធភាពសាំរឹងមាំក្នុងការតទល់នឹងជំងឺនានាដោយសារវាមានជាតិសរសៃនិងវីតាមីន C នោះ មង្ឃុតមានសារសំខាន់នៅក្នុង ការធ្វើអោយប្រព័ន្ធភាពស៊ាំ រឹងមាំ ដើម្បីអោយខ្លួនប្រាណយើងអាចតទល់ជាមួយជំងឺនានា។ ការសិក្សាស្រាវជ្រាវមួយចំនួនរកឃើញថា សារធាតុនៅក្នុងមង្ឃុតមមានសារធាតុប្រឆាំងបាក់តេរី។ ដោយសារការសិក្សាស្រាវជ្រាវទាំង នោះមានទំហំតូចនៅឡើយ គេទាមទារការសិក្សាស្រាវជ្រាវធំជាងនេះ មុនដល់ពេលគាំទ្រពេញលេញដល់ការអះអាងនេះ។
៥ មង្ឃុតអាចជួយថែរក្សាស្បែកមិនអោយឆាប់ចាស់
ស្បែកមនុស្សយើងរងការខូចខាត ដោយសារកម្តៅថ្ងៃ។ គេបានធ្វើការសិក្សាស្រាវជ្រាវមួយទៅលើ សត្វកណ្តុរដោយផ្តល់អោយវាស៊ីសារធាតុដែលចម្រាញ់ចេញពីមង្ឃុតរយះពេលបីខែ។ គេរកឃើញថា វាបានកាត់បន្ថយមិនអោយស្បែកឆាប់ចាស់។
អ្នកស្រាវជ្រាវក៏យល់ថា សារធាតុប្រឆាំងអុកស៊ីតកម្ម និង សារធាតុប្រឆាំងការរលាកក្នុងផ្លែមង្ឃុត បានធ្វើអោយវាមានសមត្ថភាពក្នុងការការពារស្បែកមិនអោយឆាប់ចាស់និងមិនអោយកើតមហារីកស្បែក៕