បើយោងទៅតាមទូរទស្សន៍ CNN បានអោយដឹងថា ផ្លែបឺរី (ផ្លែឈើមួយប្រភេទដែលមានអង់ទីអុកស៊ីដង់ខ្ពស់បំផុត) គឺជាអាហារដែលផ្តល់សុខភាពល្អបំផុតដល់ភ្នែករបស់អ្នក។ ផ្លែបឺរីពណ៌ខៀវដែលផ្ទុកទៅដោយជាតិរ៉ែ និងវីតាមីនដ៏ច្រើននោះ គឺជាអត្ថប្រយោជន៍ជាពិសេសក្នុងការថែរក្សាសុខភាពភ្នែក។ ជីវជាតិសំខាន់ៗរបស់ផ្លែបឺរីពណ៌ខៀវអាចជួយបង្ការជំងឺជាច្រើនដែលនាំអោយខ្វាក់ភ្នែកបាន។
វីតាមីន C
ផ្លែបឺរីពណ៌ខៀវផ្ទុកទៅដោយវីតាមីន C ប្រមាណ ១៤ មីលីក្រាមក្នុងមួយពែង។ វីតាមីន C គឺជាសមាសធាតុដ៏សំខាន់ក្នុងការការពាររាងកាយពីរ៉ាឌីកាល់សេរីដែលទៅបំផ្លាញភ្នែក និងបង្កជំងឺ។ បើយោងទៅតាមសារព័ត៌មាន Journal of Orthomolecular Medicine បានអោយដឹងថា វីតាមីន C ទៅកាត់បន្ថយសម្ពាធក្នុងភ្នែក ហើយវាអាចកាត់បន្ថយឥទ្ធិពលរបស់ជំងឺក្លូកូម។ ជំងឺនេះសម្តៅទៅលើជំងឺភ្នែកដែលមានការខូចខាតសរសៃប្រសាទអុបទិច ហើយក៏ជាជំងឺទីពីរ ដែលច្រើនតែធ្វើអោយជនជាតិអាមេរិកខ្វាក់ភ្នែក។ វីតាមីន C ក៏មានតួនាទីជួយថែរក្សាជាលិកាក្នុងភ្នែក និងប្រហែលជាជួយបង្ការជំងឺភ្នែកដោយសារភាពចាស់ជរាទៀតផង។
វីតាមីន A
វីតាមីន A គឺជាអង់ទីអុកស៊ីដង់មួយប្រភេទ ដែលគេរកឃើញនៅក្នុងផ្លែបឺរីពណ៌ខៀវ (មាន ៨០ IU ក្នុងផ្លែបឺរីមួយពែង) ដែលវាក៏ជួយការពារភ្នែកពីការខូចខាតដោយសាររ៉ាឌីកាល់សេរី និងជួយអោយភ្នែកមានសុខភាពល្អទៀតផង។ វីតាមីន A ជួយប្រឆាំងនឹងការរលាករបស់ភ្នែក។ វីតាមីន A អាចមានប្រយោជន៍ក្នុងការព្យាបាលភ្នែកស្ងួត។
អង់ទីអុកស៊ីដង់ផ្សេងៗទៀត
វីតាមីន E ក្នុងផ្លែបឺរីពណ៌ខៀវប្រហែលជាជួយបញ្ឈប់ការបង្កើតជំងឺភ្នែកឡើងបាយបាន។ ផ្លែបឺរីពណ៌ខៀវក៏ផ្ទុកទៅដោយសារធាតុ Anthocyanins សម្រាប់ដើរតួជាអង់ទីអុកស៊ីដង់។ បន្ថែមពីលើការថែទាំសុខភាព សារធាតុ Anthocyanins ក៏ជួយថែរក្សាសុខភាពភ្នែកផងដែរ។ វាប្រហែលជាជួយកាត់បន្ថយការរលាកដោយសារជំងឺភ្នែក និងខូចភ្នែកដោយសារតែជំងឺទឹកនោមផ្អែម។
ស័ង្គសី
ទឹកផ្លែបឺរីពណ៌ខៀវមួយពែងមានជាតិស័ង្គសីប្រមាណ ០,២៤ មីលីក្រាម។ ជាតិស័ង្គសី គឺជាជាតិរ៉ែផ្សេងមួយទៀតសម្រាប់ជួយអោយភ្នែកមានសុខភាពល្អ ហើយវាក៏ជួយការពារពីជំងឺភ្នែកដោយសារភាពចាស់ជរា និងជំងឺខ្វាក់មាន់ផងដែរ។ ជាតិស័ង្គសី ក៏ជួយអោយរាងកាយបឺតស្រូបជាតិវីតាមីនផ្សេងទៀតដូចជាវីតាមីន A បានយ៉ាងល្អជាងមុនដែរ៕