នៅក្នុងពេលប៉ុន្មានទសវត្សចុងក្រោយនេះមានការសិក្សាអំពីកាហ្វេជាច្រើន ដែលបង្ហាញឲ្យឃើញថា កាហ្វេមានផលល្អនិងផលអាក្រក់របស់វាមកលើសុខភាពរបស់យើង។
១- អត្ថប្រយោជន៍របស់កាហ្វេ
- ជំនួយដល់ខួរក្បាល៖ ការសិក្សាបានបញ្ជាក់ឲ្យដឹងថា ការផឹកកាហ្វេក្នុងបរិមាណល្មមគឺពី ១ ទៅ ៥ពែង ក្នុង១ថ្ងៃ អាចជួយកាត់បន្ថយភាពវិកលចរិត (dementia) ការចុះខ្សោយនៃការចងចាំ (Alzheimer’s disease) និងជំងឺញ័រញាក់ (Parkinson’s disease) បាន។ ពួកអ្នកជំនាញបានពន្យល់ថា អង់ទីអុកស៊ីដង់របស់កាហ្វេអាចជួយបង្ការមិនឲ្យកោសិកាខួរក្បាលខូចខាតទៅបាន ហើយអាចជួយជម្រុញសកម្មភាពរបស់ណឺរ៉ូត្រង់ស្មីទ័រ (neurotransmitters) ដែលមានការពាក់ព័ន្ធដល់មុខងារស្គាល់ឬដឹង។ ការសិក្សាខ្លះបានបញ្ជាក់ថា កាលណាគេផឹកកាហ្វកាន់តែច្រើន អត្រានៃឧប្បត្តិហេតុកើតជម្ងឺមហារីកខួរក្បាល (glioma) ក៏ថយចុះទៅដែរ។ ម្យ៉ាងទៀត កាហ្វេក៏អាចធ្វើឲ្យមានការជួសជុលប្រូតេអ៊ីនឌីអិនអេនៅក្នុងកោសិកា (DNA-repairing protein in cells) ផងដែរ ជួយបង្ការមិនឲ្យមានការខូចខាតឌីអិនអេ ដែលធ្វើឲ្យកោសិកាក្លាយទៅជាមហារីកនោះ។
- ជំនះជំងឺទឹកនោមផ្អែម៖ ការសិក្សាបានផ្សារភ្ជាប់ការផឹកកាហ្វេ (៤ពែងក្នុង១ថ្ងៃ) ទៅនឹងហានិភ័យថយចុះនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២។ គេនិយាយថា អង់ទីអុកស៊ីដង់របស់កាហ្វេ គឺcholorogenic acid និង quinides អាចជម្រុញឲ្យកោសិកាមានវេទយិតជាមួយនឹងអាំងស៊ុយលីន ដែលជាអ្នកចាត់ចែងជាតិស្ករនៅក្នុងឈាម។ ហេតុការណ៍នេះរឹតតែមានប្រសិទ្ធភាពខ្លាំងឡើងថែមទៀត កាលណាគេបានដកយកជាតិកាហ្វេអ៊ីនចេញ(decaf)។
- អត្ថប្រយោជន៍ចំពោះបេះដូង៖ មានការសិក្សាខ្លះបង្ហាញថា អ្នកដែលផឹកកាហ្វេក្នុងកម្រិតល្មមៗ គឺពី ១ ទៅ ៣ពែង ក្នុង១ថ្ងៃ មានអត្រាកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (stroke) តិចជាងអ្នកដែលមិនផឹកកាហ្វេសោះ។ នេះគឺដោយសារអង់ទីអុកស៊ីដង់របស់កាហ្វេបានជួយបំបាត់ការរលាករបស់សរសៃអាទែរ (arteries) ហើយបង្កើនសកម្មភាពរបស់ nitric oxide ដែលធ្វើឲ្យសរសៃឈាមរីកធំឡើង ម្ល៉ោះហើយក៏ធ្វើឲ្យសម្ពាធឈាមថយចុះទៅដែរ។
- ជួយការពារថ្លើម៖ គេសង្កេតឃើញថា កាលណាគេផឹកកាហ្វកាន់តែច្រើន ឧប្បត្តិហេតុនៃការក្រិនថ្លើមក៏ថយចុះទៅដែរ។ ការវិភាគលើការសិក្សាចំនួន ៩ បានរកឃើញថា ការផឹកកាហ្វេ២ពែង ក្នុង១ថ្ងៃ បានកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើមបានដល់ទៅ ៤៣%។ គេពន្យល់ថា នេះគឺមកពីជាតិកាហ្វេអ៊ីន និង chlorogenic and caffeic acids បានជួយបង្ការមិនឲ្យថ្លើមរលាក និងជួយលប់បំបាត់កោសិកាមហារីកចេញ។
២- ផលអាក្រក់របស់កាហ្វេ
- ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចធ្វើឲ្យយើងឆាប់ខឹងឬថប់អារម្មណ៍បាន បើផឹកកាហ្វេច្រើនពេក។ ពីព្រោះថាកាហ្វេអ៊ីននេះវាដូចគ្នាខ្លាំងណាស់ទៅនឹង adenosine ដែលជាសារជាតិគីមីម្យ៉ាងដែលធ្វើឲ្យខួរក្បាលថមថយចុះ ហើយមានការទាក់ទងដោយផ្ទាល់ជាមួយនឹងដំណេកនិងការបន្ធូរសរសៃឈាម។ កាហ្វេអ៊ីនត្រូវបានចងជាប់ទៅនឹង adenosine នៅលើសរសៃប្រសាទ ហើយមិនបានលែង adenosine ទៅវិញទេ ដែលជាហេតុធ្វើឲ្យសរសៃប្រសាទមានសកម្មភាពកើនឡើង ហើយសរសៃឈាមក៏កន្ត្រាក់ញាប់ឡើងដែរ។
- ម្យ៉ាងទៀត បើសិនជាអ្នកផឹកកាហ្វេជាប់រាល់ថ្ងៃ អ្នកអាចនឹងបង្កើតភាពអត់ឱន (tolerance) ចំពោះកាហ្វេអ៊ីន ហើយត្រូវផឹកកាហ្វេឲ្យគ្រប់កម្រិតទើបអាចមានសភាពរហ័សរហួនបាន។ បើមិនបានផឹកកាហ្វេទេ នោះវាហាក់ដូចជារសេះរសោះមិនស្រួលក្នុងខ្លួនទេ។
- ធ្វើមិនឲ្យងងុយដេក: ជាទូទៅ កាហ្វេអ៊ីនអស់ឥទ្ធិពលទៅក្នុងពេល ៦ម៉ោង ក្រោយមក។ ដូច្នេះ បើសិនជាអ្នកមានបញ្ហាក្នុងការដេក សូមផឹកកាហ្វេតែនៅពេលព្រឹកបានហើយ។ ឥទ្ធិពលរបស់កាហ្វេទៅលើដំណេកនេះ កាន់តែធ្ងន់ធ្ងរទៅៗ កាលណាគេកាន់តែចាស់ទៅៗ។
- ធ្វើឲ្យកើនកូលេស្តេរ៉ុល: កាហ្វេមានជាតិ cafestol ដែលធ្វើឲ្យកម្រិតកូលេស្តេរ៉ុលមិនល្អ (LDL – “bad” cholesterol) កើនឡើង។
- ឥទ្ធិពលទៅលើគភ៌និងការបំបៅកូន: បើតាមសាលា American College of Obstetrics and Gynecology នារីមានផ្ទៃពោះអាចផឹកកាហ្វេបានតិចតួច (មិនលើសពី ២ពែង ក្នុង១ថ្ងៃ) ហើយវាហាក់ដូចជាថាការផឹកកាហ្វេច្រើនអាចនឹងធ្វើឲ្យកូនរលូតបាន។ ម្យ៉ាងទៀត នារីបំបៅដោះកូនមិនត្រូវផឹកកាហ្វេច្រើនទេ ព្រោះវាអាចជ្រាបចូលទៅក្នុងទឹកដោះបាន។