ទឹកផ្លែល្ហុង គឺមានផ្ទុកសម្បូរទៅដោយសារធាតុរ៉ែ រួមទាំងវីតាមីនល្អៗជាច្រើនដែលធ្វើឲ្យទឹកផ្លែឈើនេះសាកសមនឹងរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកបំផុត។ យើងនឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍នៃទឹកផ្លែល្ហុងស្រស់ និងរបៀបងាយៗក្នុងការធ្វើទឹកផ្លែឈើនេះ ៖
អត្ថប្រយោជន៍ចំពោះសុខភាពរាងកាយ និងសម្រស់នៃទឹកផ្លែល្ហុង
១. បង្ការជំងឺមហារីក
ទឹកផ្លែល្ហុង គឺមានប្រសិទ្ធិភាពគួរឲ្យកត់សម្គាល់ក្នុងការបង្ការជំងឺមហារីក ជាពិសេសជំងឺមហារីកពោះវៀនធំ។ នេះ គឺដោយសារតែបរិមាណដ៏ខ្ពស់នៃជាតិសសៃ និងសារធាតុ lycopene ដែលមានផ្ទុកក្នុងផ្លែល្ហុង។ ជាតិសសៃរារាំងជាតិពុលដែលបង្កជំងឺមហារីកពីកោសិកាពោះវៀនធំដែលមានសុខភាពល្អ ដូច្នេះវាជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
២. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល
ផ្លែល្ហុងអាចជួយក្នុងការគ្រប់គ្រងមូលហេតុចម្បងបំផុតនៃជំងឺបេះដូងនោះ គឺកូឡេស្តេរ៉ូល។ ការទទួលទានទឹកផ្លែល្ហុងស្រស់យ៉ាងហោចណាស់ ២ ដង ក្នុងមួយថ្ងៃ គឺអាចកាត់បន្ថយការប្រមូលផ្ដុំកូឡេស្តេរ៉ូលក្នុងរាងកាយ។ នេះ គឺដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ពីផ្លែល្ហុង វាមិនអនុញ្ញាតឲ្យកូឡេស្តេរ៉ូលប្រមូលផ្ដុំក្នុងរាងកាយ។ ទឹកផ្លែល្ហុងក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង និងជំងឺលើសឈាមផងដែរ។
៣. សុខភាពភ្នែក
ទឹកផ្លែល្ហុង ក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ២ ប្រភេទទៀត គឺ Zeaxanthin និង lutein ដែលជួយការពារភ្នែកពីការបំផ្លាញដោយសារកាំរស្មីយូវី និងពន្លឺពណ៌ខៀវពីអេក្រង់នៃគ្រឿងអេឡិចត្រូនិក។
៤. សុខភាពបេះដូង
ផ្លែល្ហុង គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ដូចជា lycopene និង beta-carotene។ សារធាតុទាំងនេះធ្វើការរួមគ្នាដើម្បីការពារការស្រូបយកអុកស៊ីហ្សែននៃកូឡេស្តេរ៉ូលក្នុងប្រព័ន្ធសសៃឈាមបេះដូង។ ទឹកផ្លែល្ហុងស្រស់ត្រឹមមួយកែវ គឺមានផ្ទុកនូវកម្រិតនៃវីតាមីន B ខ្ពស់ ដែលជួយក្នុងការគ្រប់គ្រងកម្រិតនៃ homocysteine ក្នុងលំហូរឈាម។ កម្រិតខ្ពស់នៃ homocysteine អាចបំផ្លាញសសៃឈាម និងបង្កើនហានិភ័យនៃជំងឺបេះដូង។ ទឹកផ្លែឈើនេះ ក៏ជាប្រភពដ៏ល្អនៃវីតាមីន C និងវីតាមីន E ដែលការពារសុខភាពរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង និងជួយរក្សាសុខភាពសសៃឈាមបេះដូងផងដែរ។
៥. សុខភាពស្បែក
បរិមាណវីតាមីន C ខ្ពស់ដែលមានវត្តមានក្នុងទឹកផ្លែល្ហុងអាចជួយជម្រុញដំណើរការនៃការផលិតកូឡាជែនសម្រាប់រក្សាភាពតឹងណែនក្មេងជាងវ័យនៃស្បែក។ សារធាតុផ្សេងទៀតដូចជា lycopene, វីតាមីន E, beta-cryptoxanthin និង beta-carotene ដែលមានផ្ទុកក្នុងទឹកផ្លែល្ហុងនឹងជួយការពារកោសិកាស្បែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី។
របៀបធ្វើទឹកផ្លែល្ហុង
១. គ្រឿងផ្សំ ៖ ផ្លែល្ហុង ១ ពែង (កាត់ជាដុំៗយកគ្រាប់ចេញ), ទឹកធម្មតា ៣ ភាគ ៤ ពែង, ទឹកឃ្មុំ ១ ភាគ ២ ស្លាបព្រាកាហ្វេ និងទឹកកក ៤ ដុំ។
២. អ្វីដែលអ្នកត្រូវធ្វើ គឺដាក់ទឹកធម្មតា, ទឹកកក និងល្ហុងចួលក្នុងម៉ាស៊ីនក្រឡុក។ កិនក្រឡុករហូតដល់ទឹកកកម៉ដ្ឋ។ បន្លែមទឹកឃ្មុំចូល បន្ទាប់មកក្រឡុកបន្តិចទៀតជាការស្រេច។