នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក សហគ្រាសផលិតឱសថ PPM និងលោក Sandeep Tewari នាយកគ្រប់គ្រងផ្នែកផលិតផលថែរក្សាសុខភាព ប្រចាំប្រទេសកម្ពុជា និងឡាវ នៃក្រុមហ៊ុន DKSH (Cambodia) Ltd. ចុះហត្ថលេខារួមគ្នាក្នុងការបន្តកិច្ចព្រមព្រៀង ភាពជាដៃគូពាណិជ្ជកម្មរយៈ៥ឆ្នាំបន្តទៀត នៅទីស្នាក់ការកណ្តាលរបស់សហគ្រាសផលិតឱសថ PPM នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខានាថ្ងៃនេះជាសក្ខីកម្មមួយយ៉ាងសំខាន់បំផុត ដែលបានបង្ហាញឲ្យឃើញពីទំនុកចិត្ត និងការពេញចិត្តគ្នាទៅវិញទៅមក ចំពោះទំនាក់ទំនងភាពជាដៃគូនាពេលកន្លងមក ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ រហូតមកទល់នឹងបច្ចុប្បន្ន។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្នុងភាពជាដៃគូល្អ ទាំងសហគ្រាសផលិត ឱសថប៉េប៉េអឹម ទាំងក្រុមហ៊ុនចែកចាយ DKSH ទទួលបាននូវការរីកលូតលាស់គួរឲ្យកត់សម្គាល់ជារៀងរាល់ឆ្នាំដូចគ្នា។
លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាងប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹមបានបង្ហាញនូវ ភាពសប្បាយរិករាយក្នុងចិត្តដោយសារតែកិច្ចសហប្រតិបត្តិការរវាងសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុន DKSH មានកិច្ចសហការគ្នាបានយ៉ាងរលូនល្អ និងនាំមកនូវភាពជោគជ័យជាច្រើន និងទទួលបានផ្លែផ្កាទាំងអស់គ្នា។
លោកឧកញ៉ាឱសថបណ្ឌិតបានបញ្ជាក់បន្ថែមថា៖ «រយៈពេល៥ឆ្នាំនៃការសហការរវាងប៉េប៉េអឹម និង DKSH វាហាក់ដូចត្រឹមតែមួយពព្រិចភ្នែក គឺពេលវេលាទៅមុខលឿនណាស់។ យើងសង្កេតឃើញថា ទំនាក់ទំងជាមួយ DKSH គឺជាទំនាក់ទំនងដៃគូដ៏ល្អ ពីព្រោះថា អ្វីដែលយើងត្រូវការ DKSH គាត់មាន ហើយអ្វីដែល DKSH ត្រូវការយើងក៏មាន។ នេះជាកិច្ចសហប្រតិបត្តិការមួយដែលនាំមកនូវភាពចំណេញទៅវិញទៅមក»។
លោក Sandeep Tewari នាយកគ្រប់គ្រងផ្នែកផលិតផលថែរក្សាសុខភាពប្រចាំប្រទេសកម្ពុជា និងឡាវ នៃក្រុមហ៊ុន DKSH (Cambodia) Ltd. បានមានប្រសាសន៍ថា លោកពិតជាមានមោទនភាពណាស់ដែលត្រូវបានទទួលការទុកចិត្តធ្វើជាដៃគូជាមួយសហគ្រាសផលិតឱសថប៉េប៉េអឹម។
សូមរំឭកថា ទាំងសហគ្រាសផលិតផលឱសថ PPM និងក្រុមហ៊ុន DKSH (Cambodia) Ltd. សុទ្ធតែជាតួអង្គសំខាន់ៗនៅក្នុងវិស័យឱសថ ដោយ PPM គឺជាសហគ្រាសផលិតឱសថដំបូងគេ និងធំជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគ្រប់ផលិតផល PPM ត្រូវបានទទួលស្គាល់ទាំងគុណភាព និងសុវត្ថិភាព ដែលធ្វើឲ្យ PPM មានសមត្ថភាពនាំចេញផលិតផលឱសថរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិជាង ២០ប្រទេស នៅទ្វីបអាហ្រ្វីក និងអាស៊ីអាគ្នេយ៍។
ដោយឡែក ក្រុមហ៊ុន DKSH ជាក្រុមហ៊ុនស្វីសដែលបានចាក់ឫសយ៉ាងមាំនៅតំបន់អាស៊ីជាង ១៥០ឆ្នាំមកហើយក្នុងការផ្តល់នូវភាពរីកចម្រើនដល់ក្រុមហ៊ុនជាដៃគូអាជីវកម្មជាច្រើននៅក្នុងតំបន់អាស៊ី និងបណ្តាប្រទេស ផ្សេងៗទៀតនៅលើពិភពលោក។ សម្រាប់នៅប្រទេសកម្ពុជា DKSH មានវត្តមានចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៥០ និងសព្វថ្ងៃនេះគឺជា ក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារផ្នែកថែរក្សាសុខភាពដ៏ធំបំផុតមួយនៅក្នុងប្រទេស៕