បញ្ហាគួរឲ្យព្រួយបារម្ភបំផុតមួយនៃសម្ពាធឈាមឡើងខ្ពស់ គឺវាអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺសាហាវៗជាច្រើន រួមទាំងជំងឺខ្សោយតម្រងនោម, ដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺទាក់ទឹងនឹងក្រពេញលើតម្រងនោម, ជំងឺតម្រងនោម, ថ្នាំបំបាត់ការឈឺចាប់, ថ្នាំពន្យារកំណើត, ស្ត្រេស, មិនសូវហាត់ប្រាណ, ទទួលទានអាហារមានជាតិប្រៃ ឬអំបិលច្រើន, ទទួលទានគ្រឿងស្រវឹងច្រើនលើសពេក, កត្តាហ្សែន និងជំងឺធាត់ជ្រុល សុទ្ធតែជាមូលហេតុដែលបង្កឲ្យកើតមានបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ដើម្បីរក្សាសុខភាព និងជៀសផុតពីផលវិបាកសុខភាពធ្ងន់ធ្ងរ វាជារឿងសំខាន់ណាស់ដែលយើងត្រូវរក្សាសម្ពាធឈាមក្នុងកម្រិតត្រឹមត្រូវ។ របបអាហារមានតួនាទីសំខាន់ក្នុងការរក្សាសម្ពាធឈាមអោយទាប ឬប្រក្រតី។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សា ឬបញ្ចុះសម្ពាធឈាមក្នុងកម្រិតប្រក្រតី ៖
១. ផ្លែបឺរ ៖ មានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាមបានយ៉ាងប្រសើរ។ ក្រៅពីនេះផ្លែបឺរ ក៏ជាប្រភពនៃសារធាតុ carotenoids ដែលជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗច្រើនទៀតផងដែរ។
២. ផ្លែចេក ៖ ផ្លែឈើមួយប្រភេទទៀតដែលមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមនោះ គឺផ្លែចេក។ ផ្លែឈើនេះងាយរកបាន ហើយមានតម្លៃថោកសមរម្យថែមទៀត! ដើម្បីជៀសផុតពីបញ្ហាសម្ពាធឈាមឡើងខ្ពស់ ឬប្រសិនបើចង់បញ្ចុះសម្ពាធឈាម ចូរទទួលទានផ្លែចេកឱ្យបាន ជាប្រចាំ។
៣. សណ្ដែក ៖ ជាប្រភពដ៏ប្រសើរនៃជាតិសសៃ dietary fibers ព្រមទាំងប៉ូតាស្យូម និងម៉ាញ៉េស្យូម។ ក្រៅពីល្អសម្រាប់សុខភាពពោះវៀនហើយនោះ សណ្ដែកក៏ជួយបញ្ចុះសម្ពាធឈាមផងដែរ។
៤. ផ្កាខាត់ណាខៀវ ៖ ជាបន្លែដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូមជួយបញ្ចុះសម្ពាធឈាម រួមទាំងសារធាតុ phytonutrients ដែលចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
៥. សូកូឡា ៖ ក៏មិនចាញ់បន្លែ និងផ្លែឈើផ្សេងៗដែរ សូកូឡាផ្សំឡើងពីគ្រាប់កាកាវដែលមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូម។ ទោះជាយ៉ាងណា អ្នកមិនត្រូវទទួលទានលើសកម្រិតពេកដែរ។
៦. ស្ពៃក្រញ៉ាញ់ ៖ ជាប្រភពដ៏ប្រសើរនៃអាស៊ីត alpha-linoleic, សារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងជាតិសសៃ និងសារធាតុចិញ្ចឹមសំខាន់ៗច្រើនផ្សេងទៀត។ ស្លឹកនៃស្ពៃក្រញ៉ាញ់មានផ្ទុកសារធាតុប្រឆាំងការរលាក និងសមាសធាតុផ្សេងទៀតជួយធ្វើឱ្យសម្ពាធឈាមថយចុះ៕