ជនជាតិជប៉ុនបានប្រើការផឹកទឹកសម្រាប់ព្យាបាលជម្ងឺតាំងពីបុរាណកាលមក ហើយបានអនុវត្តវិធីនេះជាពិសេសនៅសម័យសង្គ្រាមលោកលើកទី២។ គេមានការជឿជាក់ថា ការផឹកទឹកក្នុងពេលដែលក្រពះនៅទទេ ជួយសម្អាតរាងកាយ និងធ្វើឱ្យមានថាមពលចាំបាច់ដើម្បីបង្ការនិងព្យាបាលជម្ងឺមួយចំនួន។
តាមពិតទៅ ទឹកពិតជាមានតួនាទីសំខាន់ខ្លាំងមែនចំពោះសុខភាព។ ទឹកជាសមាសធាតុមួយចំណែកធំនៃរាងកាយ ដែលមានវត្តមាននៅក្នុងគ្រប់ជាលិកាទាំងអស់ ហើយចាំបាច់ខ្លាំងណាស់សម្រាប់ដំណើរការល្អរបស់សព៌ាង្គកាយ។ ទឹកដើរតួនាទីជាអ្នកធ្វើឱ្យមានសំណើម ឱ្យមានចរន្តឈាមរត់ ឱ្យតម្រងនោមនិងសាច់ដុំអាចដំណើរការបាន។ ហើយទឹកក៏ជាអ្នកដែលលាងសម្អាតកាកសំណល់ពីរាងកាយ ផងដែរ។
ចុះតើផឹកទឹកយ៉ាងណាទៅ?
គេត្រូវផឹកទឹកក្តៅឧណ្ហៗភ្លាមក្រោយពីភ្ញាក់ពីដំណេក ឱ្យបាន៤កែវ គឺស្មើប្រហាក់ប្រហែលទៅនឹង៦៤០មីល្លីលីត្រ។ បន្ទាប់មក គេមិនត្រូវផឹកអ្វី ឬទទួលទានអ្វីទេ ក្នុងចន្លោះពេល៤៥នាទីក្រោយមក។
គេក៏ត្រូវផឹកទឹកក្តៅផងដែរនៅក្នុងពេលបរិភោគអាហារ ឬក្រោយបរិភោគចំនួន១៥នាទី។ ការបរិភោគអាហារត្រូវមានចន្លោះពីមួយទៅមួយទៀតយ៉ាងតិចពីរម៉ោង។
ចំពោះអ្នកដែលមានការពិបាកក្នុងការផឹកទឹក ដូចជាមនុស្សចាស់ឬអ្នកជម្ងឺ ត្រូវចាប់ផ្លើមផឹក តិចៗសិន តែផឹកជាបន្តបន្ទាប់រហូតដល់គ្រប់៤កែវ។
ប្រសិទ្ធភាពនៃការព្យាបាលនេះ
ការអនុវត្តការព្យាបាលដោយទឹកនេះនឹងជួយលាងសម្អាតរាងកាយក្នុងរយៈពេល៣០ថ្ងៃ ហើយជួយបង្ការនិងព្យាបាលជម្ងឺមួយចំនួន រួមមានជម្ងឺរលាកស្រោមខួរក្បាល ទឹកនោមផ្អែម រលាកក្រពះ ឈឺក្បាល ហឺត រលាកទងសួត ឈឺសន្លាក់ ស្កន់ ជម្ងឺបេះដូង ពកសាច់ ឈឺភ្នែក ឈឺពេលមករដូវ។ល។
ការព្យាបាលដោយផឹកទឹកនេះបានធ្វើឱ្យប្រជាជនជប៉ុនមានអាយុវែង គឺមានមនុស្សអាយុលើស១០០ឆ្នាំរហូតដល់ទៅ៣៣០០០នាក់ នៅក្នុងឆ្នាំ២០០៨៕