ដំឡូងបារាំង ជាបន្លែមើមមួយប្រភេទដែលសម្បូរលក់ណាស់ដែរក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានដំឡូងបារាំងរួចហើយ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា បន្លែមើមនេះអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាពបាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីផលល្អៗនៃការទទួលទានដំឡូងបារាំង ៖
១. ផ្ទុកសម្បួរទៅដោយសារធាតុចិញ្ចឹមចាំបាច់
ដំឡូងបារាំង ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រក្សាសុខភាពរាងកាយ រួមបញ្ចូលទាំងជាតិសសៃរលាយ និងមិនរលាយដែលល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។ ក្រៅពីនេះដំឡូងបារាំងក៏មានផ្ទុកនូវសារធាតុ flavanoids និង kukoamine ជួយបញ្ចុះសម្ពាធឈាម។ វីតាមីន C ល្អសម្រាប់ប្រព័ន្ធភាពស៊ាំ និងស្បែក រួមទាំងវីតាមីន B6 ជួយពង្រឹងសុខភាពបេះដូង។ ដំឡូងបារាំងក៏មានផ្ទុកជាតិដែក និងទង់ដែងជួយកម្រិតសម្ពាធឈាម និងការពារសុខភាពបេះដូងផងដែរ។
២. ជួយសម្រកទម្ងន់
មនុស្សភាគច្រើនគិតថា ការទទួលទានដំឡូងបារាំងធ្វើឱ្យធាត់ ប៉ុន្តែតាមពិតទៅអាហារនេះប្រសើរណាស់សម្រាប់អ្នកចង់ស្រកទម្ងន់នោះក៏ព្រោះវាមានផ្ទុកជាតិទឹកពី ៧០ ដល់ ៨០ ភាគរយជួយឲ្យឆាប់ឆ្អែត។ ប៉ុន្តែត្រូវប្រាកដថា អ្នកមិនទទួលទានវាលាយជាមួយបឺរ និងជាតិខ្លាញ់ ឬអាហារបន្ថែមរសជាតិណាមួយដែលសម្បូរទៅដោយជាតិកូឡេស្តេរ៉ូល។
៣. បង្កើនការរំលាយអាហារ
ដំឡូងបារាំង មានផ្ទុកសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត រួមទាំងជាតិសសៃដែលល្អសម្រាប់ក្រពះ និងដំណើរការនៃការរំលាយអាហារទាំងមូលតែម្ដង ហើយថែមទាំងទប់ស្កាត់អាការៈទល់លាមក ក៏ដូចជាជំងឺមហារីកពោះវៀនធំផងដែរ។
៤. ព្យាបាលជំងឺរលាកសន្លាក់
ដំឡូងបារាំង ជាប្រភពនៃជាតិម៉ាញ៉េស្យូម និងកាល់ស្យូមធ្វើឱ្យវាក្លាយជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់អ្នកជំងឺរលាកសន្លាក់ឆ្អឹង។
៥. ប្រយុទ្ធប្រឆាំងជំងឺមហារីក និងជំងឺបេះដូង
ដំឡូងបារាំង ជាបន្លែមើមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ zeaxanthin រួមជាមួយ carotenes ដែលជួយទប់ស្កាត់ជំងឺមហារីកបានយ៉ាងច្រើនប្រភេទ។ ហើយក៏ព្រោះតែដំឡូងបារាំងអាចជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាមដោយមានជំនួយពីជាតិសសៃ និងវីតាមីន C ដែលវាមានផ្ទុកនោះជាលទ្ធផលអ្នកអាចរក្សាបាននូវសុខភាពបេះដូងល្អប្រសើរ និងថែមទាំងជៀសផុតពីបញ្ហាជំងឺផ្សេងៗដូចជា ជំងឺទឹកនោមផ្អែម, ពិបាករំលាយអាហារ និងអតុល្យភាពនៃសារធាតុចិញ្ចឹម។
– ដើម្បីទទួលបានជាតិសសៃពេញលេញពីដំឡូងបារាំង ចូរទទួលទានទាំងសំបក។ ប៉ុន្តែត្រូវប្រាកដថាអ្នកលាងសម្អាតវាបានស្អាតត្រឹមត្រូវ៕