ការជ្រើសរើសភេជ្ជៈបានត្រឹមត្រូវអាចជួយដល់ការបំលែងថាមពលរារាំងភាពឃ្លាននិងកាត់បន្ថយកាឡូរី។
តើអ្វីខ្លះជាភេសជ្ជៈដែលល្អសម្រាប់អ្នកសម្រកទម្ងន់?
– ទឹក៖ ចូរជំនួសភេសជ្ជៈកំប៉ុងដោយពិសារទឹកធម្មតានោះអ្នកអាចកាត់បន្ថយកាឡូរីជាច្រើនក្នុងមួយថ្ងៃ។ ការពិសារទឹកពីរកែវមុនពេលបាយអាចជួយធ្វើឲ្យក្រពះឆាប់ឆ្អែតដូច្នេះអ្នកនឹងមិនទទួលទានច្រើនឡើយពេលបាយ។ បន្ថែមពីលើនេះទៀតការស្រាវជ្រាវថ្មីបានណែនាំថា ការពិសារទឹកឲ្យបានច្រើនមានឥទ្ធិពលវិជ្ជមានទៅលើការបំលែងថាមពលរបស់អ្នក។
– ទឹកបន្លែ៖ ទឹកបន្លែមានសារជាតិចិញ្ចឹមច្រើនហើយវាមានកាឡូរីទាបតែមានសូដ្យូមច្រើន។ ការជ្រើសរើសបន្លែណាដែលមានសាច់ក៏អាចផ្តល់ជាតិសរសៃដល់អ្នកដែលជួយគ្រប់គ្រងភាពឃ្លានរបស់អ្នកបាន។
– កាហ្វេខ្មៅ៖ នៅពេលដែលអ្នកត្រូវការជាតិកាហ្វេអ៊ីនកាហ្វេគឺជាជម្រើសល្អជាងទឹកសូដាឬភេសជ្ជៈបំប៉នកម្លាំងផ្សេងៗ។ កាហ្វេខ្មៅគ្មានកាឡូរីឡើយហើយវាសម្បូរទៅដោយអង់ទីអុកស៊ីដង់។ ការសិក្សាស្រាវជ្រាវបានបង្ហាញថាការពិសារកាហ្វេក្នុងកម្រិតល្មម (៣ ទៅ ៤កែវ ក្នុងមួយថ្ងៃ) អាចជួយដល់អារម្មណ៍និងការផ្តោតអារម្មណ៍យកចិត្តទុកដាក់ និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ ២ និងប្រភេទនៃជំងឺមហារីកមួយចំនួនផងដែរ។
– តែបៃតង៖ តែបៃតងគឺជាជម្រើសដ៏ល្អបំផុតនៅពេលដែលអ្នកស្វែងរកសារធាតុបំប៉នស្មារតី។ វាមិនត្រឹមតែគ្មានកាឡូរីប៉ុណ្ណោះទេ ការសិក្សាស្រាវជ្រាវមួយចំនួនណែនាំថាទឹកតែបៃតងអាចជួយជម្រុញដល់ការសម្រកទម្ងន់បានទៀតផង។
– ស្រាបៀរកម្រិតស្រាល៖ ស្រាបៀរមិនមែនជាភេសជ្ជៈដែលអាចជួយអ្នកក្នុងការសម្រកទម្ងន់នោះទេ។ ប៉ុន្តែប្រសិនបើអ្នកមានកម្មវិធីជាមួយមិត្តភក្តិហើយត្រូវការពិសារគ្រឿងស្រវឹងនោះស្រាបៀរប្រភេទស្រាលគឺជាជម្រើសដ៏ល្អ។
– ទឹកដោះគោមានខ្លាញ់តិច៖ ការពិសារអាហារសម្បូរទៅដោយកាល់ស្យូមអាចជួយដល់រាង្គកាយរបស់អ្នកហើយវាក៏អាចជួយអ្នកក្នុងការសម្រកទម្ងន់ផងដែរ។ ការសិក្សាថ្មីៗនេះបានណែនាំថាការពិសារទឹកដោះគោឬគ្រឿងបរិភោគផលិតពីទឹកដោះគោច្រើនអាចជួយសម្រកទម្ងន់ ប៉ុន្តែអ្នកត្រូវពិសារតែទឹកដោះគោទឹកដោះគោជូរនិងឈីសដែលគ្មានជាតិខ្លាញ់ឬមានជាតិខ្លាញ់តិច៕