តម្រងនោមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសុខភាពរាងកាយល្អប្រសើរ។ វាជួយផលិតកោសិកាគ្រាប់ឈាមក្រហម, គ្រប់គ្រងកម្រិតនៃសម្ពាធឈាម, បន្សាបជាតិពុលសរីរាង្គខាងក្នុង, បញ្ចេញជាតិទឹក ឬសារធាតុរាវដែលលើស និងគ្រប់គ្រងកម្រិតនៃជាតិរ៉ែចាំបាច់ទាំងអស់ក្នុងឈាម។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទាំងនេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមធ្វើយ៉ាងណាកាត់បន្ថយហានិភ័យនៃជំងតម្រងនោមដោយបញ្ឈប់ទម្លាប់អាក្រក់មួយចំនួនជាបន្ទាន់។ ថាតើទម្លាប់អ្វីខ្លះទៅដែលផ្ដល់ផលប៉ះពាល់គួរឲ្យបារម្ភដល់សុខភាពតម្រងនោម? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីទម្លាប់អាក្រក់ដែលអ្នកគួរបញ្ឈប់ភ្លាម ប្រសិនបើមិនចង់ឱ្យខូចតម្រងនោម ៖
១. ទប់នោមយូរ
ការទប់នោមយូរ គឺជាមូលហេតុចម្បងនៃបញ្ហាតម្រងនោម។ ប្រសិនបើអ្នកឧស្សាហ៍ទប់នោម នោះទឹកនោមនឹងត្រូវស្ថិតនៅក្នុងផ្លោកនោមយូរ ហើយបាក់តេរីចាប់ផ្ដើមលូតលាស់កាន់តែលឿន។ នៅទីបំផុតវាអាចបណ្ដាលឱ្យកើតមានផលវិបាកធ្ងន់ធ្ងរមួយចំនួនដូចជា ការឆ្លងមេរោគក្នុងតំរងនោម និងអាការៈនោមទាស់។
២. អង្គុយយូរ
សកម្មភាពរាងកាយទៀងទាត់ជាញឹកញយត្រូវបានផ្សារភ្ជាប់ជាមួយនឹងកម្រិតនៃសម្ពាធឈាម និងការដុតរំលាយអាហារក្នុងរាងកាយដែលសុទ្ធតែជាកត្តាសំខាន់ក្នុងការរក្សាសុខភាពតម្រងនោម។ ការអង្គុយសម្រាប់រយៈយូរបង្កើនហានិភ័យនៃជំងឺតម្រងនោមដល់ទៅ ៣០ ភាគរយឯណោះ។ ប្រសិនបើអ្នកចំណាយពេលច្រើនជាង ៨ ម៉ោងក្នុងមួយថ្ងៃអង្គុយធ្វើការ ព្យាយាមធ្វើសកម្មភាពរាងកាយផ្សេងទៀតនៅផ្ទះ ឬឆ្លៀតពេលទំនេរខ្លះធ្វើលំហាត់ប្រាណដូចជាដើរឱ្យបានយ៉ាងហោចណស់ពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៣. ហាត់ប្រាណខ្លាំងពេក
ការធ្វើលំហាត់ប្រាណខ្លាំងក្លា ឬពិបាកពេកសម្រាប់រយៈពេលយូរអាចបណ្ដាលឱ្យអ្នកកើតជំងឺ rhabdomyolysis ស្ថានភាពមួយដែលសាច់ដុំរងរបួស ហើយសសៃដែលងាប់ហូរចូលទៅក្នុងចរន្តឈាម។ ស្ថានភាពនេះបង្កទៅជាបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភជាច្រើន រួមបញ្ចូលទាំងបញ្ហាខ្សោយតម្រងនោម។ ដូច្នេះប្រសិនបើអ្នកហ្វឹកហាត់ខ្លាំងក្លាស្រាប់តែឈឺចាប់សាច់ដុំខ្លាំង ហើយទឹកនោមប្រែជាមានពណ៌ដិតខ្លាំង អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម។
៤. ការទទួលទានថ្នាំបំបាត់ការឈឺចាប់ច្រើនពេក
ការទទួលទានថ្នាំបំបាត់ការឈឺចាប់ ដើម្បីបំបាត់ការឈឺចាប់តិចតួច គឺមិនល្អចំពោះសុខភាពតម្រងនោមឡើយ។ ការទទួលទានថ្នាំនេះជាប្រចាំអាចបណ្ដាលឱ្យខូចតម្រងនោមធ្ងន់ធ្ងរ ហើយវាក៏បង្កផលប៉ះពាល់គួរឲ្យព្រួយបារម្ភលើមុខងារនៃតម្រងនោមផងដែរ។
៥. ទទួលទានទឹកមិនបានគ្រប់គ្រាន់
ការទទួលទានទឹកបានគ្រប់គ្រាន់ជួយដល់តម្រងនោមផលិតទឹកនោមដើម្បីកម្ចាត់ ឬបញ្ចេញជាតិសូដ្យូម រួមទាំងជាតិពុលផ្សេងៗចេញពីរាងកាយ។ ប្រសិនបើអ្នកមិនទទួលទានទឹកបានគ្រប់គ្រាន់ជាប្រចាំទេនោះ វាអាចបង្កបញ្ហាសុខភាពធ្ងនធ្ងរជាច្រើន រួមបញ្ចូលទាំងគ្រួសក្នុងតម្រងនោម។ ថាតើអ្នកអាចដឹងបានថាខ្លួនឯងទទួលទានទឹកបានគ្រប់គ្រាន់ឬនៅបែបណាទៅ? ងាយណាស់ ប្រសិនបើអ្នកទទួលទានទឹកបានគ្រប់គ្រាន់នោះទឹកនោមរបស់អ្នកនឹងមានពណ៌លឿងស្រាល ហើយទឹកនោមដែលមានពណ៌ដិតណាមួយនោះអាចជារោគសញ្ញានៃបញ្ហាខូចតម្រងនោម។
៦. គេងមិនបានគ្រប់គ្រាន់
វាបង្ហាញថាការសម្រាកនៅពេលយប់បានគ្រប់គ្រាន់ គឺមានសារៈសំខាន់ខ្លាំងណាស់មិនមែនសម្រាប់តែសុខភាពទូទៅប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សុខភាពតម្រងនោមផងដែរ។ វដ្តនៃការគេង និងភ្ញាក់របស់អ្នកគ្រប់គ្រង ក៏ដូចជាសម្របសម្រួលដល់មុខងារតម្រងនោម ហើយ ជាលិកាសរីរាង្គនេះត្រូវបានបង្កើតឡើងវិញនៅពេលអ្នកកំពុងគេង។ ដូច្នេះប្រសិនបើអ្នកមិនទទួលបានការគេងឱ្យបានគ្រប់គ្រាន់ទេនោះវាហាក់ដូចជាអ្នកកំពុងបង្អាក់ដំណើរការនេះ និងបង្កើនហានិភ័យនៃការខូចតម្រងនោម។
៧. ទទួលទានសាច់ច្រើន
ការទទួលទានជាតិប្រតេអ៊ីនចេញពីសាច់សត្វច្រើនពេកបង្កើតជាតិអាស៊ីតក្នុងឈាមដែលបណ្ដាលឱ្យកើតជំងឺ acidosis ស្ថានភាពមួយដែលតម្រងនោមរបស់អ្នកមិនអាចរក្សាកម្រិត pH ក្នុងរាងកាយឱ្យមានតុល្យភាពបាន។ យូរទៅបញ្ហានេះបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀតដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោមរ៉ាំរ៉ៃ។
៨. ទទួលទានអំបិល និងស្ករច្រើនពេក
៩៥ ភាគរយនៃនៃជាតិសូដ្យូមដែលមាននៅក្នុងអាហារត្រូវបានរំលាយអាហារដោយតម្រងនោម។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារប្រៃច្រើនពេក សរីរាង្គនឹងត្រូវធ្វើការ ឬទទួលបន្ទុកខ្លាំងជាងមុនដើម្បីកម្ចាត់ចោលជាតិសូដ្យូមដែលលើស។ នៅទីបំផុតវាអាចបណ្តាលឱ្យមុខងារតម្រងនោមថយចុះ។ ការទទួលទានស្ករច្រើនពេកអាចបណ្ដាលឱ្យកើតមានបញ្ហាសម្ពាធឈាមឡើងខ្ពស់បង្កជំងឺធាតុជ្រុល និងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។ ជំងឺទាំងនេះក៏ផ្ដល់ផលប៉ះពាល់ដល់តម្រងនោមធ្វើឱ្យខ្សោយតម្រងនោមផងដែរ។ ដូច្នេះអ្នកមិនគួរទទួលទានអំបិលលើសពី ៣.៧៥ ក្រាមក្នុងមួយថ្ងៃ ឬលើសពី ២៥ ទៅ ៣៨ ក្រាមក្នុងមួយថ្ងៃសម្រាប់ស្ករឡើយ៕