ផ្កាអង្គាដី ជាបន្លែផ្កាដែលអាចទទួលទានបានទាំងឆៅ ឬចម្អិនបែបអន្លក់ និងសម្ល។ ចំពោះរសជាតិនៃបន្លែផ្កានេះវិញ គឺល្វីងតិចៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើទោះជាធ្លាប់ស្គាល់ ឬចូលចិត្តទទួលទានក៏ដោយ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនចាប់អារម្មណ៍ដឹងទេថា ផ្កាអង្គាដី អាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាព។ ខាងក្រោមវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីឥទ្ធិពលល្អៗនៃការទទួលទានផ្កាអង្គាដី ៖
១. បញ្ចុះសម្ពាធឈាម និងរក្សាភាពបត់បែននៃសសៃឈាម
ផ្កាអង្គាដី មានផ្ទុកសម្បូរទៅដោយវីតាមីន C ចាំបាច់សម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរ និងជួយកាត់បន្ថយហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់គួរឱ្យកត់សម្គាល់។ វីតាមីន C ក៏ដើរតួយ៉ាងសំខាន់ក្នុងការពន្យឺតដំណើរការនៃភាពឡើងរឹងរបស់សសៃឈាម ឬជំងឺស្ទះសសៃឈាមផងដែរ។ ការទទួលទានផ្កាអង្គាដីជួយរក្សាភាពបត់បែននៃសសៃឈាម និងទប់ស្កាត់ការបំផ្លាញពីសំណាក់កូឡេស្តេរ៉ូល។ អ្នកដែលទទួលទានអាហារមិនមានផ្ទុកជាតិវីតាមីន C គ្រប់គ្រាន់ងាយប្រឈមមុខនឹងហានិភ័យនៃជំងឺគាំងបេះដូង, ជំងឺត្បៀតសសៃឈាមជើង និងជំងឺដាច់សសៃឈាមខួរក្បាល។
២. ល្អសម្រាប់ការលូតលាស់នៃគភ៌ក្នុងផ្ទៃ
ផ្កាអង្គាដី ក៏ជាប្រភពដ៏ប្រសើរនៃជាតិ Folate ដែលដើរតួយ៉ាងសំខាន់ក្នុងការលូតលាស់នៃគភ៌។ ហើយជាតិ Folate នេះក៏ចាំបាច់សម្រាប់រក្សាសុខភាពស្ត្រីមានផ្ទៃពោះផងដែរ។ កង្វះសារជាតិ Folate កំឡុងពេលមានផ្ទៃពោះអាចនាំឱ្យកើតមានបញ្ហាគួរឱ្យព្រួយបារម្ភចំពោះទារកក្នុងផ្ទៃដូចជាជំងឺប្រេះឆ្នឹងខ្នង (neural tube defects)។
៣. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហមដោយកង្វះជាតិដែក
កង្វះនៃជាតិដែកក្នុងរាងកាយបណ្ដាលឱ្យកម្រិតនៃអ័រម៉ូនអេម៉ូក្លូប៊ីនថយចុះ។ ជាលទ្ធផលបរិមាណនៃកោសិកាគ្រាប់ឈាមក្រហមក៏ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ហើយបង្កជាជំងឺស្លេកស្លាំង ឬខ្វះគ្រាប់ឈាមក្រហម។ ផ្កាអង្កាដី មានផ្ទុកសម្បូរទៅដោយជាតិដែក ដូច្នេះដើម្បីជៀសផុតពីបញ្ហានៃជំងឺខ្វះគ្រាប់ឈាមក្រហម អ្នកគួរតែរួមបញ្ចូលបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃ។
៤. ជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំ
ផ្កាអង្គាដី ជាប្រភពនៃជាតិសេលេញ៉ូម និងវីតាមីន C ដែលចាំបាច់សម្រាប់ដំណើរការមុខងារនៃប្រព័ន្ធភាពស៊ាំរាងកាយទប់ស្កាត់ជំងឺផ្សេងៗ។
៥. ទប់ស្កាត់ជំងឺភ្លេចភ្លាំង
ផ្កាអង្គាដី មានផ្ទុកសម្បូរទៅដោយវីតាមីន B1 ដែលជួយពន្យឺតដំណើរការនៃជំងឺភ្លេចភ្លាំង។ ដូច្នេះហើយទើបការរួមបញ្ចូលផ្កាអង្គាដីក្នុងរបបអាហារប្រចាំថ្ងៃ គឺប្រសើរណាស់ក្នុងការទប់ស្កាត់ជំងឺភ្លេចភ្លាំង៕