ពិតណាស់ ការទទួលទានទឹកដោះគោស្រស់ជាប្រចាំអាចជួយពង្រឹងសុខភាពឆ្អឹង និងធ្មេញ ក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយកាល់ស្យូម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក៏ដោយ មិនមែនអ្នកគ្រប់គ្នាសុទ្ធតែអាចទទួលទានទឹកដោះគោបាននោះទេ ជាពិសេសនោះ គឺអ្នកដែលចាញ់ឡាក់តូស។ ប៉ុន្តែកុំបារម្ភ ក៏ព្រោះក្រៅពីទឹកដោះគោហើយនោះ នៅមានអាហារផ្សេងៗច្រើនប្រភេទទៀតដែលមានផ្ទុកនូវជាតិកាល់ស្យូមច្រើនជាងទឹកដោះគោស្រស់ទៅទៀត។ ខាងក្រោមវេបសាយសុខភាព Health.com.kh ជាអាហារដែលមានប្រសិទ្ធិខ្ពស់ក្នុងការពង្រឹងសុខភាពធ្មេញ និងឆ្អឹង ៖
១. ត្រីសាលម៉ុន និងត្រីសាឌីនកំប៉ុង
ចង់ដឹងមែនទេថាអ្វីដែលធ្វើត្រីសាលម៉ុន និងត្រីសាឌីនកំប៉ុងជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម? នោះក៏ព្រោះតែឆ្អឹងនៃត្រីកំប៉ុងទាំងពីរនេះអាចទទួលទានបាន! ក៏មិនខុសពីឆ្អឹងរបស់មនុស្សដែរ ឆ្អឹងត្រី គឺជាផ្នែកដែលមានផ្ទុកជាតិកាល់ស្យូមច្រើនបំផុតក្នុងខ្លួនត្រី។ ក្រៅពីជាតិកាល់ស្យូម ត្រីសាលម៉ុន និងត្រីសាឌីន មានផ្ទុកនូវសារធាតុចិញ្ចឹមដ៏ចាំបាច់មួយទៀតសម្រាប់សុខភាពធ្មេញ និងឆ្អឹងនោះ គឺវីតាមីន D។ ត្រីសាលម៉ុន និងត្រីសាឌីន ក៏ជាប្រភពដ៏ល្អប្រសើរនៃអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ដែលមានសមត្ថភាពទប់ទល់នឹងការរលាកផងដែរ។ ដូចដែលបានដឹងហើយថា ការរលាកភាគច្រើន គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាឆ្អឹងចុះខ្សោយ។
២. ម្ស៉ៅធញ្ញជាតិ
អ្នកឯកទេសខាងចំណីអាហារជាច្រើនបាននិយាយថា ត្រឹមតែ ១ភាគ២ នៃម្ស៉ៅស្រូវសាឡី ឬម្ស៉ៅធញ្ញជាតិមិនទាន់ចម្អិន គឺមានផ្ទុកនូវជាតិកាល់ស្យូមដែលល្អសម្រាប់ពង្រឹងសុខភាពឆ្អឹង និងធ្មេញ ដល់ទៅ ២០០ មីលីក្រាមឯណោះ។ ហើយប្រសិនបើអ្នកចម្អិនម្ស៉ៅធញ្ញជាតិជាមួយទឹកដោះគោស្រស់ទៀតនោះ គឺបរិមាណនៃជាតិកាល់ស្យូមនឹងមានកាន់តែច្រើនឡើងសម្រាប់ផ្គង់ផ្គង់ដល់រាងកាយ។
៣. បន្លែស្លឹកពណ៌បៃតងចាស់
បន្លែពណ៌បៃតងចាស់ គឺជាប្រភពដ៏ល្អនៃជាតិកាល់ស្យូមដូចទៅនឹងម្ស៉ៅធញ្ញជាតិដែរ។ ក្រៅពីជួយពង្រឹងសុខភាពធ្មេញ និងឆ្អឹងហើយនោះ ការទទួលទានបន្លែពណ៌បៃតងចាស់ក៏ផ្ដល់នូវអត្ថប្រយោជន៍ច្រើនផ្សេងទៀតចំពោះសុខភាពរាងកាយផងដែរ។ ដូច្នេះការបន្ថែមបន្លែពណ៌បៃតងចាស់ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺសំខាន់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយ ក៏ដូចជារក្សាឲ្យធ្មេញ និងឆ្អឹងជៀសផុតពីបញ្ហាផ្សេងៗ។