ក្មេងៗភាគច្រើនចាប់ផ្ដើមចូលចិត្តទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករតាំងពីវ័យក្មេងខ្លាំង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នេះក៏ព្រោះតែពកល្អិតៗដឹងរសជាតិលើអណ្ដាតកាត់បន្ថយឱជារស ឬការដឹងនូវរសជាតិរបស់ពួកគេ ដូច្នេះអាហារធម្មតាហាក់ដូចជាមិនសូវផ្ដល់រសជាតិទាក់ទាញទេ។ ទោះជាយ៉ាងណា មានអាហារច្រើនណាស់ដែលក្មេងៗមិនគួរទទួលទានក៏ព្រោះវាអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព និងជីវិតរបស់ពួកគេគួរឱ្យព្រួយបារម្ភ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកជាឪពុកម្ដាយគួរ ឬមិនគួរឱ្យកូនញុាំ ៖
១. ទឹកផ្លែឈើ
ទឹកផ្លែឈើ ជាភេសជ្ជៈដ៏ពេញនិយមក្នុងចំណោមកុមារសឹងតែគ្រប់វ័យ ដោយសាររសជាតិផ្អែម និងពណ៌ស្រស់ទាក់ទាញរបស់វា។ ទោះជាយ៉ាងណា ទឹកផ្លែឈើមួយកែវមានផ្ទុកស្ករពី ៥ ទៅ ៦ ស្លាបព្រាកាហ្វេឯណោះ។ នៅពេលទទួលទានជាតិស្ករក្នុងទឹកផ្លែឈើរលាយភ្លាមៗជ្រាបចូលក្នុងលំហូរឈាមដែលនឹងផ្ដល់ផលមិនល្អចំពោះការរំលាយអាហារនៃកាបូអ៊ីដ្រាត។ ដូច្នេះដើម្បីជាការប្រសើរចូរឱ្យកូនទទួលទានផ្លែឈើស្រស់ជំនួសទឹកផ្លែឈើ។
២. យ៉ាអួរ
ដើម្បីជ្រើសរើសបាននូវយ៉ាអួរល្អចំពោះសុខភាព អ្នកត្រូវអានគ្រឿងផ្សំលើផលិតផលឱ្យបានច្បាស់។ ទី១ កុំទិញផលិតផលយ៉ាអួរដែលមិនល្អចំពោះសុខភាពមិនត្រូវបានគេស្ដុកទុកក្នុងទូរទឹកកក ប៉ុន្តែដាក់លើធ្នើរចំហរធម្មតា។ ទី២ ទិញយ៉ាអួរធម្មជាតិជំនួសយ៉ាអួរដែលមានជាតិផ្អែម។ យ៉ាអួរលាយផ្លែឈើមានផ្ទុកសម្បូរទៅដោយជាតិស្ករ, ខ្លាញ់ ក៏ដូចជាកាឡូរីដែលអាចបណ្ដាលឱ្យក្មេងធាត់លើសទម្ងន់ ហើយប្រឈមមុខនឹងហានិភ័យនៃជំងឺទឹកនោមផ្អែម។
៣. ទឹកឃ្មុំ
ក្មេងក្រោមវ័យ ២ ឆ្នាំ មិនគួរទទួលទានទឹកឃ្មុំឡើយ។ មិនត្រឹមតែអាចនឹងជួបប្រទះបញ្ហាប្រតិកម្មប៉ុណ្ណោះទេ ប៉ុន្តែពេលខ្លះទឹកឃ្មុំមានផ្ទុកបាក់តេរីដែលអាចបណ្ដាលឱ្យក្មេងឆ្លងជំងឺធ្ងន់ធ្ងរមួយហៅថា botulism។
៤. ទំពាំងបាយជូរ
ផ្លែឈើនេះមានផ្ទុកវីតាមីន និងជាតិរ៉ែចាំបាច់ជាច្រើនដែលកុមារត្រូវការ។ ប៉ុន្តែមូលហេតុចម្បងមួយដែលអ្នកមិនគួរឱ្យកូនតូចទទួលទានទំពាំងបាយជូរនោះ គឺវាមានទំហំធំ ហើយងាយនឹងរអិលដែលអាចធ្វើឱ្យក្មេងស្លាក់។ ប្រព័ន្ធរំលាយអាហាររបស់ក្មេងតូចក៏ពិបាកនឹងរំលាយទំពាំងបាយជូរផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរឱ្យកូនតូចវ័យក្រោម ២ឆ្នាំរបស់អ្នកទទួលទានផ្លែចេកជំនួសវិញ។
៥. វីតាមីនចម្រុះ
បញ្ហាច្រើនកើតឡើងនៅពេលឪពុកម្ដាយមួយចំនួនឱ្យកូនតូចរបស់ពួកគេទទួលទានថ្នាំគ្រាប់វីតាមីនផ្សេងៗដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ។ ជាក់ស្ដែងក្មេងៗគួរទទួលបានវីតាមីនចាំបាច់សម្រាប់ការលូតលាស់ពីអាហារ និងផ្លែឈើ មិនចាំបាច់អ្វីត្រូវលេបថ្នាំគ្រាប់វីតាមីនឡើយ៕