វាពិតជារឿងមួយងាយនឹងច្រឡំនឹងជំងឺផ្តាសាយធំណាស់នៅពេលចេញរោគសញ្ញាជំងឺរលាកស្រោមខួរក្បាលដំណាក់កាលដំបូង។ សញ្ញារបស់ជំងឺនេះអាចនឹងកើតមានក្នុងរយៈពេលច្រើនម៉ោង ឬមួយ ឬពីរថ្ងៃក្រោយពីឆ្លងរួច។
អាការៈដែលកើតលើក្មេងអាយុចាប់ពី ២ឆ្នាំឡើងទៅ៖
- ក្តៅខ្លួនខ្លាំងភ្លាមៗ
- ឈឺក្បាលខ្លាំង
- រឹងក
- ក្អួត ឬចង្អោរពេលឈឺក្បាល
- វង្វេងវង្វាន់ ឬពិបាកផ្ចង់អារម្មណ៍
- ប្រកាច់
- ងងុយគេង ឬពិបាកភ្ញាក់ពីគេង
- ខ្លាចពន្លឺ
- មិនឃ្លានអាហារ
- ករណីខ្លះមានកន្ទួលលើស្បែកដែរ។

សញ្ញាលើទារកទើបកើត
ទារកទើបនឹងកើតប្រហែលជាមិនមានបង្ហាញរោគសញ្ញាឱ្យចំថា ឈឺក្បាល ឬរឹងកឡើយ។ ប៉ុន្តែសញ្ញារបស់វាស្ថិតក្នុងវ័យបែបនេះអាចមានដែរដូចជា៖
- ក្តៅខ្លួនខ្លាំង
- យំមិនឈប់
- ងងុយគេងខ្លាំង
- សន្លឹម
- បៅមិនកើត
- ប៉ោងបង្ហើយ
- រឹងខ្លួន និងរឹងក។
ទារកដែលមានជំងឺរលាកស្រោមខួរប្រហែលជាពិបាកនឹងមានភាពស្រួលខ្លួនណាស់ ហើយអាចនឹងយំខ្លាំងនៅពេលលើកគេពរ។
ពេលដែលត្រូវជួបគ្រូពេទ្យ
ចូរស្វែងរកសេវាព្យាបាលភ្លាមៗបើសិនជាអ្នក ឬនរណាម្នាក់ក្នុងគ្រួសារមានរោគសញ្ញានៃជំងឺរលាកស្រោមខួរក្បាលខាងក្រោមនេះ៖
- ក្តៅខ្លួន
- ឈឺក្បាលខ្លាំងក្លា
- វង្វេងវង្វាន់
- ក្អួត
- រឹងក
ជំងឺរលាកស្រោមខួរក្បាលដែលបង្កឡើងដោយវីរុសប្រហែលជាស្រួលបួលមកវិញដោយមិនបាច់ព្យាបាលទេ ប៉ុន្តែបើសិនជាបង្កដោយបាក់តេរីគឺធ្ងន់ធ្ងរណាស់ ហើយអាចនឹងត្រូវការព្យាបាលដោយថ្នាំផ្សះឱ្យបានលឿនបំផុតដើម្បីមានឱ្យកាសឆាប់ជាវិញ។ ករណីពន្យារពេលនៃការព្យាបាលលើជំងឺរលាកស្រោមខួរក្បាលដោយបាក់តេរី វានឹងប្រឈមកាន់តែខ្លាំងនឹងការខូចខាតខួរក្បាលជាប់រហូត ឬស្លាប់ទៀតផង។ ក្រៅពីនេះ ការរលាកស្រោមខួរក្បាលដោយបាក់តេរីអាចធ្វើឱ្យអ្នកជំងឺស្លាប់បានក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានមធ្យោបានណាមួយដែលអាចបញ្ជាក់ថា អ្នក ឬកូនមានជំងឺរលាកស្រោមខួរក្បាលបង្កឡើងដោយអ្វីឡើយបើសិនជាមិនមានការពិគ្រោះជាមួយគ្រូពេទ្យ និងការធ្វើតេស្តដោយការបូមទឹកខួរឆ្អឹងខ្នងពិនិត្យ។
វាក៏ជារឿងសំខាន់ណាស់ដែរ ដែលត្រូវពិគ្រោះជាមួយគ្រូពេទ្យក្នុងករណីដែលសមាជិកគ្រួសារ ឬនរណាម្នាក់ដែលអ្នកស្គាល់មានជំងឺរលាកស្រោមខួរក្បាល។ អ្នកប្រហែលជាត្រូវការប្រើថ្នាំដើម្បីបង្ការកុំឱ្យមានការបង្ករោគបន្ថែមទៀត៕