សព្វថ្ងៃនេះជំងឺទឹកនោមប្រៃពុំសូវមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជននៅឡើយទេ ព្រោះពួកគេច្រើនតែនិយាយអំពីជំងឺទឹកនោមផ្អែមប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ វាជាជំងឺមួយផ្តល់នូវគ្រោះថ្នាក់ដ៏ខ្លាំងក្លាដល់សុខភាព និងបំផ្លាញដល់ សិរីរាង្គជាច្រើនក្នុងខ្លួនរបស់អ្នកជំងឺបាន។ មិនត្រឹមតែប៉ុណ្ណោះជំងឺនេះអាចកើតទាំងមនុស្សចាស់ និងកូនក្មេង។
យើងទាំងអស់គ្នាសុទ្ធតែដឹងថាទឹកនោមធម្មតាគឺប្រៃ ប៉ុន្តែពាក្យថាជំងឺទឹកនោមប្រៃនេះគឺចង់សម្តៅទៅលើជាតិប្រៃដោយសារជាតិប្រូតេអ៊ីនក្នុងឈាមចេញទៅតាមទឹកនោមច្រើន រហូតដល់ច្រើនជាង ៣,៥ក្រាមក្នុងមួយថ្ងៃ។ ហើយជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យឃើញនៅពេលអ្នកជំងឺមកជួបគ្រូពេទ្យដោយមាន អាការៈហើម និងមានបញ្ហាទៅលើតម្រងនោម។
រោគសញ្ញា
- ហើម ជាពិសេសនៅជុំវិញភ្នែក កែងជើង និងប្រអប់ជើង
- ទឹកនោមមានពពុះច្រើន នេះដោយសារតែជាតិប្រូតេអ៊ីននៅក្នុងទឹកនោមច្រើនពេក
- ឡើងទម្ងន់ដោយសារតែហើម
មូលហេតុ
ជំងឺទឹកនោមប្រៃច្រើនតែបណ្តាលមកពីការខូចខាតនូវចង្កោមសរសៃឈាមតូចក្នុងតម្រងនោមទាំងពីររបស់អ្នក (Glomeruli)។
ចង្កោមសរសៃឈាម Glomeruli ប្រៀបដូចជាកញ្ច្រែងច្រោះឈាមរបស់អ្នកក្នុងតម្រងនោម ហើយវាក៏ជាសិរីរាង្គសម្រាប់បែងចែកថាសារធាតុណាត្រូវនៅក្នុងខ្លួន និងមិនត្រូវនៅក្នុងខ្លួន។ ចង្កោមសរសៃឈាម Glomeruli ដែលមានសុខភាពល្អគឺមិនអាចអោយប្រូតេអ៊ីនចេញពីក្នុងឈាមទៅតាមទឹកនោមបានទេ។ នៅពេលចង្កោមសរសៃឈាម Glomeruli ខូចខាត វានឹងធ្វើអោយប្រូតេអ៊ីនក្នុងឈាមលេចចូលទៅក្នុងទឹកនោមបាន និងបង្កើតជាជំងឺទឹកនោមប្រៃ។
មូលហេតុដែលអាចកើតមាន
មានជំងឺជាច្រើនអាចបណ្តាលអោយខូចសរសៃឈាម Glomerular ក្នុងតម្រងនោម និងបង្កទៅជាជំងឺទឹកនោមប្រៃបានមានដូចជា៖
- ជំងឺប្រែប្រួលតិចតួច៖ នេះគឺជាស្ថានភាពដែលបណ្តាលអោយកុមារមានជំងឺទឹកនោមប្រៃញឹកញាប់ជាងគេបំផុត ហើយវាច្រើនបណ្តាលមកពីមុខងារតម្រងនោមមិនធម្មតា ប៉ុន្តែបើយើងពីនិត្យទៅលើជាលិកាតម្រងនោមតាមមីក្រូទស្សន៍ទៅ ឃើញថាមានសភាពធម្មតាទេ។ ចំណែកឯមុខងារមិនធម្មតារបស់វាដល់ពេលនេះហើយមិនទាន់មាននរណារកឃើញនៅឡើយទេ។
- ជំងឺ Focal Segmental Glomerulosclerosis៖ នេះគឺជាការកើតជាសន្លាកនៅលើសរសៃឈាម Glomeruli ដែលវាបណ្តាលមកជំងឺផ្សេងមួយទៀត ខូចហ្សែន ឬរកមូលហេតុមិនឃើញ។
- ជំងឺ Membranous Nephropathy៖ លក្ខណៈជំងឺតម្រងនោមប្រភេទនេះកើតឡើងដោយសារតែភ្នាសរបស់សរសៃឈាម Glomeruli ទៅជាក្រាស់ពេក។ ចំពោះមូលហេតុរបស់វាគេមិនទាន់រកឃើញនៅឡើយទេ ប៉ុន្តែពេលខ្លះមានជាប់ពាក់ព័ន្ធនឹងជំងឺដែរដូចជា ជំងឺរលាកថ្លើមប្រភេទ B ជំងឺគ្រុនចាញ់ ជំងឺស្បែក Lupus និងជំងឺមហារីក។
- ជំងឺទឹកនោមផ្អែមតម្រងនោម (Diabetic Kidney Disease)៖ ជំងឺទឹកនោមផ្អែមក៏អាចធ្វើអោយខូចតម្រងនោមបានដែរ (Diabetic Nephropathy) ដែលវាប៉ះពាល់ទៅលើសរសៃឈាម Glomeruli។
- ជំងឺស្បែក Systemic Lupus Erythematosus៖ នេះគឺជាជំងឺរលាកស្បែករ៉ាំរ៉ៃដែលអាចវិវត្តន៍ទៅជាជំងឺខូចតម្រងនោមដ៏ធ្ងន់ធ្ងរ។
- ជំងឺ Amyloidosis៖ ជំងឺប្រភេទនេះកើតឡើងនៅពេលសារធាតុប្រូតេអ៊ីន Amyloid កកកុញគ្នាច្រើននៅក្នុងសិរីរាង្គក្នុងខ្លួន។ ការកើនឡើងនៃសារធាតុ Amyloid ច្រើនតែប៉ះពាល់ទៅលើតម្រងនោម និងខូចនូវប្រព័ន្ធច្រោះទឹកនោមរបស់វា។
- ឈាមកកក្នុងសរសៃឈាមវ៉ែនតម្រងនោម៖ កំណកឈាមក្នុងសរសៃឈាមវ៉ែនតទៅតម្រង អាចនឹងបង្កអោយមានជំងឺទឹកនោមប្រៃបាន។
- ខ្សោយបេះដូង៖ ទម្រងនៃជំងឺខ្សោយតម្រងនោមមួយចំនួនដូចជា រលាកស្រោមបេះដូងប្រភេទ Constrictive Pericarditis និងជំងឺខ្សោយបេះដូងខាងស្តាំធ្ងន់ធ្ងរ អាចវិវត្តន៍ទៅជាជំងឺទឹកនោមប្រៃបាន។
កត្តាប្រឈមមុខ
កត្តាដែលអាចប្រឈមនឹងជំងឺទឹកនោមប្រៃកាន់តែខ្លាំងមានដូចជា៖
- ជំងឺដែលអាចអោយខូចតម្រងនោមបាន៖ ជំងឺដែលអាចប្រឈមនឹងជំងឺទឹកនោមប្រៃបានមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺស្បែក Lupus ជំងឺAmyloidosis ជំងឺប្រែប្រួលតិចតួច និងជំងឺតម្រងនោមផ្សេងៗទៀត។
- ការប្រើប្រាស់ថ្នាំ៖ ថ្នាំដែលអាចបង្កទៅជាជំងឺទឹកនោមប្រៃបានមាន ថ្នាំ Nonsteroidal Anti-inflammatory Drugs និងថ្នាំសម្លាប់មេរោគ។
- ជំងឺឆ្លងមួយចំនួនដូចជា ជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទ B, C និងជំងឺគ្រុនចាញ់៕