លំពែងរបស់មនុស្សយើងមាននាទីផលិតអ័រម៉ូន និងអង់ស៊ីមជាច្រើនសម្រាប់ជំនួយដល់ការរំលាយអាហារ។ ដូច្នេះនៅពេលលំពែងមានបញ្ហា វាអាចនឹងបង្កជាអាការៈមិនស្រួលក្នុងខ្លួនដែលត្រូវការពិគ្រោះជាមួយគ្រូពេទ្យហើយ។ ជាមួយគ្នានេះដែរ អ្នកជំនាញខាងក្រពះពោះវៀន បានប្រាប់ថា បើសិនជាអ្នកមានអាការៈព្រមានដូចខាងក្រោមនេះ មានន័យថា លំពែងកំពុងតែមានបញ្ហាហើយ។
លាមកប្រែពណ៌
លំពែងមាននាទីផលិតអង់ស៊ីមជាច្រើនដើម្បីជួយដល់រាងកាយបឺតស្រូបវីតាមីនដែលរលាយក្នុងខ្លាញ់ដូចជា វីតាមីន A, E និង K។ បើសិនជាអ្នកសម្គាល់ឃើញថា លាមកអ្នកហាក់បីដូចជាអណ្តែត និងមានពណ៌ស្លេក វាអាចជាសញ្ញាមួយនៃការបឺតស្រូបជីវជាតិពីចំណីអាហារមិនបានគ្រប់គ្រាន់ហើយ។
ជំងឺទឹកនោមផ្អែមប្រភេទទី២
លំពែងក៏មាននាទីផលិតអ័រម៉ូនជាច្រើនសម្រាប់គ្រប់គ្រង់ដល់ការផលិតអាំងស៊ុយលីន ព្រមទាំងជាតិស្ករក្នុងឈាមដែរ។ ដូច្នេះបើសិនជាលំពែងមានបញ្ហា អ្នកពិតជាអាចមានជំងឺទឹកនោមផ្អែមប្រភេទទី២នេះ។
ចង្អោ និងក្អួត
ចាប់តាំងពីលំពែងមាននាទីផលិតអ័រម៉ូនមកសម្រាប់បំបែកជាតិខ្លាញ់មក បើសិនជាវាមិនអាចធ្វើការបានល្អទេនោះ វាអាចនឹងរំខានដល់ដំណើរការណ៍នៃការរំលាយជាតិខ្លាញ់ និងបង្កជាអាការៈចង្អោកើតឡើង។
ឈឺពោះ
ការឈឺពោះគឺជាអាការៈមួយដ៏ញឹកញ៉ាបនៃជំងឺរលាកលំពែងស្រួចស្រាវ និងមហារីកលំពែង។ ការឈឺចាប់ដោយសារតែការរលាកលំពែងស្រួចស្រាវតែងកើតឡើងភ្លាមៗ ខ្លាំងក្លា និងឈឺពេញនៅចំកណ្តាលនៃពោះតែម្តង។
ស្រកទម្ងន់លឿន
បើសិនជាអ្នកធ្លាប់មានអាការៈឈឺពោះហើយស្រកទម្ងន់លឿនងទៀត វាអាចជាសញ្ញាមួយនៃជំងឺមហារីកលំពែងហើយ។ ជំងឺផ្សេងៗទៀតក៏អាចបណ្តាលឲ្យស្រកទម្ងន់លឿនដែរ ដូចជាបញ្ហាលើក្រពេញទីរ៉ូអ៊ីតជាដើម ដូច្នេះយកល្អគួតែឲ្យពេទ្យពិនិត្យអំពីរឿងនេះផងទៅ៕