ស្ត្រីដែលមិនបានមករដូវយ៉ាងហោចណាស់បីខែជាប់ៗគ្នា ត្រូវគេបានចាត់ទុកថា មិនមករដូវ ដែលវាមានលក្ខណៈដូចគ្នានឹងស្ត្រីពេញវ័យអាយុ ១៥ ឆ្នាំ មិនទាន់ចាប់ផ្តើមមករដូវអញ្ចឹង។
មូលហេតុដែលកើតមានជាញឹកញាប់បំផុតដែលធ្វើអោយស្ត្រីមិនមករដូវនោះ គឺការមានផ្ទៃពោះតែម្តង។ មូលហេតុផ្សេងៗទៀតមានដូចជា បញ្ហាទាក់ទងនឹងសរីរាង្គប្រដាប់ភេទ ឬក្រពេញភេទ ដែលជួយសម្រួលដល់កម្រិតអ័រម៉ូន។ ការព្យាបាលលើមូលហេតុ ច្រើនតែដោះស្រាយលើបញ្ហាមិនមករដូវនេះបាន។

រោគសញ្ញា
សញ្ញាដ៏សំខាន់នៃការមិនមករដូវ គឺអត់មានការមករដូវ ឬគ្មានធ្លាក់ឈាមរដូវសោះតែម្តង។ បើយោងទៅតាមមូលហេតុនៃការមិនមករដូវនោះគឺថា អ្នកប្រហែលជាធ្លាប់មានរោគសញ្ញាផ្សេងទៀតជាមួយនឹងការមិនមករដូវហើយដូចជា ៖
• ហូរទឹក ដូចទឹកដោះតាមក្បាលសុដន់
• ជ្រុះសក់
• ឈឺក្បាល
• ប្រែប្រួលគំហើញ
• ដុះរោមមុខច្រើន
• ឈឺចាប់ក្នុងអាងត្រគៀក
• កើតមុន។
ពេលណាត្រូវទៅជួបគ្រូពេទ្យ
ចូរពិគ្រោះជាមួយគ្រូពេទ្យ បើសិនជាអ្នកបាត់រដូវយ៉ាងហោចណាស់បីខែជាប់ៗគ្នា ឬមិនធ្លាប់មករដូវសោះ នៅពេលអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ។
មូលហេតុ
ការមិនមករដូវអាចកើតឡើងដោយសារតែហេតុផលច្រើនប្រភេទ។ អ្នកកើតមានបញ្ហានេះដោយខ្លួនឯង តែខ្លះទៀតអាចដោយសារតែផលរំខានរបស់ថ្នាំ ឬសញ្ញានៃជំងឺណាមួយ។
ការមិនមករដូវដោយសារតែធម្មជាតិ
ក្នុងពេលធម្មតានៃជីវិត អ្នកប្រហែលជាធ្លាប់មានបញ្ហាមិនមករដូវ ដោយសារតែហេតុផលធម្មជាតិហើយដូចជា៖
• ការមានផ្ទៃពោះ
• បំបៅដោះកូន
• រាំងរដូវ។
ការពន្យារកំណើត
ស្ត្រីខ្លះដែលប្រើថ្នាំពន្យាកំណើត ប្រហែលជាមិនមករដូវនោះទេ។ ចំណែកឯការពន្យារកំណើតដោយការចាក់ថ្នាំ ឬដាក់ឧបករណ៍ក្នុងស្បូនក៏អាចធ្វើអោយអ្នកមិនមករដូវបានដែរ។
ការប្រើប្រាស់ថ្នាំ
ថ្នាំមួយចំនួនអាចធ្វើអោយរដូវលែងមកបានដូចជា ៖
• ថ្នាំសរសៃប្រសាទ
• ថ្នាំព្យាបាលជំងឺមហារីក
• ថ្នាំប្រឆាំងការបាក់ទឹកចិត្ត
• ថ្នាំបញ្ចុះសម្ពាធឈាម
• ថ្នាំអាលែកស៊ី។
កត្តាទាក់ទងនឹងរបៀបរស់នៅ
ពេលខ្លះកត្តាទាក់ទងនឹងរបៀបរស់នៅក៏នាំអោយអ្នកមិនមករដូវដែរដូចជា៖
• ស្គម ៖ ការដែលស្គមពេក ឬមានទម្ងន់ទាបជាងទម្ងន់ធម្មតា ១០ ភាគរយ អាចនឹងរំខានដល់មុខងារអ័រម៉ូនជាច្រើនក្នុងរាងកាយ ជាពិសេសដំណើរការណ៍នៃការផ្ទុះអូវុលតែម្តង។ ស្ត្រីដែលមានបញ្ហានៃការទទួលទានដូចជា មិនឃ្លានអាហារ ឬញ៉ាំច្រើនតែក្អួតមកវិញ ច្រើនតែមានបញ្ហាមិនមករដូវ ដោយសារតែការប្រែប្រួលអ័រម៉ូនមិនធម្មតា។
• ហាត់ប្រាណច្រើនពេក ៖ ស្ត្រីដែលចូលរួមធ្វើសកម្មភាពទាំងឡាយណាដែលត្រូវការប្រើកម្លាំងខ្លាំងៗពេកដូចជា ការរាំរបាំបាឡេ ប្រហែលជារដូវរបស់ពួកគេរងការប៉ះពាល់ហើយ។ មានកត្តាច្រើនណាស់ដែលនាំអោយអ្នកមិនមករដូវក្នុងពេលលេងកីឡាអត្តពលកម្មដូចជាជាតិខ្លាញ់ក្នុងខ្លួនតិច ស្ត្រេស និងការប្រើកម្លាំងខ្លាំងពេក។
• ស្ត្រេស ៖ ការដែលមានភាពតានតឹងក្នុងអារម្មណ៍អាចធ្វើអោយប្រែប្រួលមុខងាររបស់ Hypothalamus ដែលជាកន្លែងមួយក្នុងខួរក្បាល សម្រាប់គ្រប់គ្រងលើអ័រម៉ូនធ្វើអោយមានរដូវ។ ការមករដូវប្រហែលជាត្រូវឈប់ ប៉ុន្តែ វានឹងត្រលប់មកធម្មតាវិញ ពេលដែលអ្នកលែងមានស្ត្រេស។
អតុល្យភាពអ័រម៉ូន
ជំងឺច្រើនប្រភេទណាស់ដែលអាចធ្វើអោយមានអតុល្យភាពអ័រម៉ូនបានដូចជា ៖
• ចង្កោមរោគសញ្ញាដុំសាច់ច្រើនក្នុងក្រពេញអូវ៉ែ ៖ ជំងឺមួយនេះនឹងធ្វើអោយកម្រិតអ័រម៉ូនឡើងខ្ពស់ជាងធម្មតា ជាពិសេសដំណើរការវដ្តរដូវតែម្តង។
• ក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានល្អ ៖ ក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំងពេក ឬធ្វើការមិនល្អ អាចបណ្តាលអោយការមករដូវមិនទៀងទាត់ ហើយក៏មិនមករដូវទៀតក៏មានដែរ។
• ដុំសាច់ក្នុងក្រពេញ Pituitary ៖ ដុំសាច់មិនមែនមហារីកក្នុងក្រពេញ Pituitary អាចនឹងរំខានដល់ការសម្របសម្រួលអ័រម៉ូនសម្រាប់ការមករដូវបាន។
• ឆាប់រាំងរដូវពេក ៖ ការរាំងរដូវច្រើនតែចាប់ផ្តើមនៅអាយុជាង ៥០ ឆ្នាំ។ ប៉ុន្តែ មានស្ត្រីខ្លះ ក៏អាចរ៉ាងរដូវមុនអាយុ ៤០ ឆ្នាំបានដែរ។
បញ្ហារចនាសម្ព័ន្ធ
បញ្ហាដែលទាក់ទងនឹងសរីរាង្គភេទក៏អាចធ្វើអោយរាំងរដូវបានដែរដូចជា ៖
• ការមានសន្លាកនៅស្បូន ៖ ចង្កោមរោគសញ្ញា Asherman’s Syndrome ជាជំងឺមួយប្រភេទដែលកើតមានសន្លាកជាលិកាក្នុងស្បូន ហើយពេលខ្លះអាចកើតឡើងក្រោយពីការគៀរក្នុងស្បូន សម្រាលកូនដោយការវះកាត់ ឬព្យាបាលជំងឺដុំសាច់ក្នុងស្បូន។
• កង្វះសរីរាង្គភេទ ៖ ពេលខ្លះ បញ្ហាអាចកើតមានក្នុងពេលវិវត្តរបស់កូនដែលធ្វើអោយកូនស្រីកើតមកគ្មានផ្នែកសំខាន់ណាមួយនៃប្រដាប់បន្តពូជដូចជាស្បូន មាត់ស្បូន ឬទ្វារមាស។ ដោយសារតែប្រព័ន្ធប្រដាប់ភេទរបស់នាងមិនលូតលាស់ដូចធម្មតា នាងក៏មិនអាចមានរដូវដូចស្ត្រីធម្មតាបានដែរ។
• រចនាសម្ព័ន្ធមិនធម្មតារបស់ទ្វារមាស ៖ ការស្ទះតំបន់ណាមួយរបស់ទ្វារមាសប្រហែលជាមិនអាចអោយយើងមើលឃើញលំហូរឈាមរដូវបានទេ។ ភ្នាស ឬជញ្ជាំងប្រហែលជាអាចកើតមានក្នុងទ្វារមាស និងបណ្តាលអោយស្ទះដល់លំហូរឈាមចេញពីស្បូន និងមាត់ស្បូនបាន៕