ការថែទាំខ្លួនឯងនៅផ្ទះ Self-Care at Home
បើលោកអ្នកមានជំងឺសរសៃឈាមបេះដូង អនុសាសន៍គ្រូពេទ្យខាងក្រោមនេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធ្វើឲ្យស្ថានភាពរបស់លោកអ្នកបានល្អប្រសើរឡើង ឬដើម្បីបង្ការកុំឲ្យវាកាន់តែដុនដាបទៅៗ។ ក៏ប៉ុន្តែបើសិនជាលោកអ្នកកត់សំគាល់ថាស្ថានភាពមិនបានល្អប្រសើរឡើងទេ នោះលោកអ្នកអាចត្រូវការធ្វើរោគវិនិច្ឆ័យអ្វីផ្សេងទៀតហើយ ឬធ្វើការព្យាបាលតែម្តង។
វិធីដែលសំខាន់ជាងគេនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង ស្ថិតនៅលើការត្រួតពិនិត្យខ្លួនដោយលោកអ្នកខ្លួនឯង មិនមែននៅលើការត្រួតពិនិត្យរបស់អ្នកផ្តល់សេវាថែទាំនោះទេ។

* ការផ្លាស់ប្តូររបៀបរបបរស់នៅគឺជាវិធីដែលមានប្រសិទ្ធភាពជាងគេនៅក្នុងការបង្ការជំងឺបេះដូងកុំឲ្យដុនដាបទៅៗ ឬដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺនេះតែម្តង។
* បាតុភាពនៃការធ្លាក់ចុះនៃអត្រាមរណភាពដោយសារជំងឺបេះដូងក្នុងពេលជាង ៣០ឆ្នាំក្រោយនេះគឺជាលទ្ធផលនៃការកាត់បន្ថយកត្តាគ្រោះថ្នាក់ មិនមែនដោយសារការជឿនលឿនក្នុងការព្យាបាលនោះទេ។
ម្នាក់ៗត្រូវប្រកាន់យកនូវវិធានការខាងក្រោមនេះ ដើម្បីធ្វើឲ្យគ្រោះថ្នាក់នៃជំងឺបេះដូងថយចុះ៖
* ហូបតែរបបហូបចុកដែលធ្វើឲ្យមានសុខភាពល្អ៖ នេះគឺជាជំហានសំខាន់មុនគេបង្អស់ដែលលោកអ្នកអាចប្រកាន់យកដើម្បីការបន្ថយគ្រោះថ្នាក់។
* សូមកាត់បន្ថយការហូបខ្លាញ់៖ ថាមពលដែលបានមកពីខ្លាញ់មិនត្រូវឲ្យលើសពី ៣០% នៃថាមពលសរុបក្នុង១ថ្ងៃៗទេ។ មានន័យថាហូបខ្លាញ់ឲ្យតិចជាង ៦០ក្រាមក្នុង១ថ្ងៃៗ ចំពោះមនុស្សចាស់។
* សូមកត់បន្ថយកូលេស្តេរ៉ុលនៅក្នុងឈាមទៅត្រឹមកម្រិតដែលបានផ្តល់អនុសាសន៍ ជាពិសេសគឺ LDL cholesterol៖ វានឹងមិនធ្វើឲ្យមានកកើតបន្ទះនៅក្នុងសរសៃរោហិណីរបស់លោកអ្នក។
* សូមអនុវត្តការហាត់ប្រាណឲ្យបានទៀងទាត់៖ វាអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូងបាន។ ការហាត់ប្រាណធ្វើឲ្យបេះដូងរបស់លោកអ្នករឹងមាំ និងមានប្រសិទ្ធភាព ហើយកាត់បន្ថយសម្ពាធឈាមនិងកូលេស្តេរ៉ុលមិនល្អ (LDL) ព្រមជាមួយគ្នានោះបង្កើនកូលេស្តេរ៉ុលល្អ (HDL) ឡើង។ សូមសាកសួរអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកជាមុនសិន មុននឹងចាប់ផ្តើមការហាត់ប្រាណណាមួយ។ សមាគមបេះដូងអាមេរិកឲ្យយោបល់ថាត្រូវហាត់ម្តងៗយ៉ាងតិច ៣០នាទី ៣ទៅ៥ដងក្នុង១សប្តាហ៍។
* សូមបញ្ឈប់ការជក់បារី៖ វានឹងផ្តល់មកឲ្យនូវអត្ថប្រយោជន៍យ៉ាងច្រើន។ ៣ឆ្នាំបន្ទាប់ពីឈប់ជក់បារី គ្រោះថ្នាក់កើតជំងឺបេះដូងរបស់លោកអ្នកបានថយចុះមកស្មើនឹងអ្នកដែលមិនដែលជក់បារីសោះ។ អ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកអាចជួយលោកអ្នកឲ្យឈប់ជក់បារីបាន ដោយផ្តល់ការណែនាំខ្លះអំពីការផ្លាស់ប្តូរការប្រព្រឹត្ត។ មានឱសថមួយចំនួនដែលជួយធ្វើឲ្យឈប់ជក់បារីបានដែរ។
* សូមត្រួតពិនិត្យសម្ពាធឈាម និងជាតិស្ករក្នុងឈាម៖ បើសិនជាលោកអ្នកមានជំងឺទឹកនោមផ្អែម សូមធ្វើការត្រួតពិនិត្យជាតិស្ករក្នុងឈាមលោកអ្នកជារៀងរាល់ថ្ងៃ។ លោកអ្នកត្រូវដឹងអំពីតម្លៃនៃ HbA1c របស់លោកអ្នក ពោលគឺរង្វាស់មួយសម្រាប់ត្រួតពិនិត្យជាតិស្ករនៅក្នុងឈាម ដែលត្រូវតិចជាង ៧.០។
*សូមលេបអាស្ពីរីនបន្តិចរាល់ថ្ងៃ៖ វានឹងជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺគាំងបេះដូងបាន។ ក៏ប៉ុន្តែការប្រើអាស្ពីរីនអាចធ្វើឲ្យមានគ្រោះថ្នាក់ក្នុងការហូរឈាមវិញដែរ ដូច្នេះសូមសាកសួរអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកសិន មុននឹងចាប់ប្រើអាស្ពីរីនរាល់ថ្ងៃ។
* នៅមិនទាន់មានការសាកល្បងគ្លីនិកបែបវិទ្យាសាស្ត្រលើមនុស្សណាមួយ ដែលបង្ហាញថាវីតាមីនមានផលល្អមកលើបេះដូងនោះទេ។
សូមកត់សំគាល់ថាអស់កាលជាច្រើនឆ្នាំមកហើយ គេបានអនុវត្តការព្យាបាលដោយប្រើអ័រម៉ូន(hormone replacement therapy HRT) ដើម្បីបង្ការជំងឺសរសៃឈាមបេះដូង និងរោគគាំងបេះដូង ចំពោះស្ត្រីដែលបានអស់រដូវទៅហើយ (menopause)។
* គេបានគិតថាការប្រើអ័រម៉ូនមួយចំនួនអាចការពារស្ត្រីមុននឹងអស់រដូវ ពីជំងឺបេះដូងបាន។
* ការស្រាវជ្រាវមួយដែលទើបតែបានបញ្ចប់នៅក្នុងឆ្នាំ ២០០២ បានរកឃើញថាស្ត្រីៗដែលបានប្រើ HRT មានគ្រោះថ្នាក់កើតជំងឺបេះដូងខ្លាំងជាងស្ត្រីៗដែលមិនបានប្រើ HRT នេះ។
* ដោយហេតុនេះ គេលែងឲ្យប្រើ HRT ដើម្បីបង្ការជំងឺបេះដូងទៀតហើយ។
របបហូបចុកដែលធ្វើឲ្យបេះដូងមានសុខភាពល្អ៖ ខាងក្រោមនេះគឺជារបបហូបចុកដែលសមាគមបេះដូងអាមេរកបានផ្តល់អនុសាសន៍។
* សូមចាប់ផ្តើមថ្ងៃជាមួយនឹងការទទួលទាននំប៉័ង whole-grain bread ឬធញ្ញជាតិ ជាមួយផ្លែឈើ។
* ចំពោះអាហារថ្ងៃត្រង់និងពេលល្ងាច សូមទទួលទានតែធញ្ញជាតិ និងបន្លែឲ្យបានច្រើន (make whole grains and vegetables the main course)។ អាចថែមសាឡាត់ ឬបន្លែទៀតបើសិនជាអាហារមានសាច់ច្រើន។ ផលិតផលសណ្តែកសៀង (soy products) នឹងជួយកាត់បន្ថយកូលេស្តេរ៉ុល LDL ។
* សូមទទួលទានផ្លែឈើឬទឹកដោះគោជូរមានជាតិខ្លាញ់ទាបជាបង្អែម។ កាត់បន្ថយជាតិផ្អែមនិងស្ករជាអតិបរមា។
* សូមចំអិនចំណីអាហារដោយប្រើប្រេងអូលីវ (olive) ឬកាណូឡា (canola) ដែលមានជាតិខ្លាញ់ monounsaturated fats ខ្ពស់។ ខ្លាញ់ទាំងអស់នេះជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល LDL និងកូលេស្តេរ៉ុលសរុប។
* សូមទទួលទានត្រី ឬអាហារសមុទ្រឲ្យបានម្តងឬពីរដងក្នុងមួយសប្តាហ៍។
* សូមទទួលទានគ្រាប់ផ្លែឈើ (nuts) ដែលសំបូរជាតិខ្លាញ់ hazelnuts, almonds, pecans, គ្រាប់ស្វាយច័ន្ទី, walnuts, និងmacadamia nuts។ ផ្លែឈើទាំងអស់នេះជួយធ្វើឲ្យមានសុខភាពល្អ តែមានជាតិខ្លាញ់ច្រើន ដូច្នេះត្រូវទទួលទានបន្តិចបន្តួចបានហើយ។
* សូមប្រើខ្ទឹមសក្នុងការចំអិនអាហារដោយ វាជួយកាត់បន្ថយកូលេស្តេរ៉ុលបានបន្តិចដែរ។
សុរាអាចទទួលទានក្នុងបរិមាណតិចតួចបានហើយ៖
* ការសេពសុរាតិចជាងពីរកែវក្នុង១ថ្ងៃៗចំពោះបុរសៗ និងមួយកែវចំពោះនារីៗ អាចជួយបង្កើនកូលេស្តេរ៉ុលល្អ (HDL) បាន។
* បើទោះជាយ៉ាងណាក្តី អ្នកខ្លះមិនត្រូវប្រើសុរាទេ ដូចជាអ្នកដែលមានបញ្ហាថ្លើមឬតម្រងនោម មានបញ្ហាជាមួយឱសថមួយចំនួន មានបញ្ហាជាមួយនឹងការប្រើបំពានសុរា ឬកំពុងប្រើឱសថដែលមិនត្រូវសេពសុរា។
* បើលោកអ្នកមិនចេះសេពសុរាទេ អ្នកប្រកបវិជ្ជាជីវវេជ្ជសាស្ត្រភាគច្រើនឲ្យយោបល់ថាសូមកុំសេពវាដើម្បីអត្ថប្រយោជន៍នៃបេះដូងនោះ។
* បើមានសំណួរទាក់ទងទៅនឹងផលវិបាកវិជ្ជមាននិងអវិជ្ជមានរបស់សុរា សូមសាកសួរគ្រូពេទ្យ។