ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានខ្ទឹមបារាំង ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថាបន្លែមើមនេះអាចព្យាបាលអាការៈនៃជំងឺផ្ដាសាយបានប្រកបដោយប្រសិទ្ធិភាពខ្ពស់! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នោះក៏ព្រោះតែខ្ទឹមបារាំងមានផ្ទុកសារធាតុប្រឆាំងបាក់តេរីជួយក្នុងការកាត់បន្ថយការរលាក និងជួយបើកផ្លូវដង្ហើមបំបាត់ការស្ទះ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗក្នុងការប្រើប្រាស់ខ្ទឹមបារាំងដើម្បីព្យាបាលបំបាត់អាការៈផ្ដាសាយតឹងច្រមុះ ៖
១. អ្វីដែលអ្នកត្រូវការ ៖ ខ្ទឹមបារាំងស ឬក្រហមឆៅ, ទឹកឃ្មុំ, ចានគោម និងទូរទឹកកក។
២. របៀបអនុវត្ត
– ជំហានទី ១ ( បកសំបក និងហាន់ខ្ទឹមបារាំង) ៖ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរជ្រើសរើសប្រើប្រាស់ខ្ទឹមបារាំងពណ៌ក្រហម។ បកសំបកខ្ទឹមបារាំង រួចហាន់វាជាចំណិតស្ដើងៗ។ ខ្ទឹមបារាំងមិនថាប្រភេទណានោះទេ គឺមានផ្ទុកសារធាតុដែលជួយព្យាបាលជំងឺផ្ដាសាយ គ្រាន់តែខ្ទឹមបារាំងពណ៌ក្រហមសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម quercetin ខ្ពស់ជាងប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ក៏ដូចជាទប់ស្កាត់ការផលិតសារធាតុ histamine។
– ជំហានទី ២ (ដាក់ចំណិតខ្ទឹមបារាំងក្នុងចានគោមមួយ ហើយចាក់ទឹកឃ្មុំចូល) ៖ ប្រើប្រាស់ទឹកឃ្មុំបរិមាណសមល្មមអាចគ្របដណ្ដប់ពេញលើបន្ទះខ្ទឹមបារាំង។ ការធ្វើបែបនេះនឹងជួយកាត់បន្ថយរសជាតិខ្លាំងនៃខ្ទឹមបារាំង ហើយទឹកឃ្មុំក៏ជួយបំបាត់អាការៈក្អកផងដែរ។
– ជំហានទី ៣ (រក្សាទុកខ្ទឹមបារាំងក្នុងទូរទឹកកក) ៖ រក្សាទុកខ្ទឹមបារាំងដែលលាយជាមួយទឹកឃ្មុំរួចក្នុងទូរទឹកកកពេញមួយយប់សិន សឹមទទួលទាននៅព្រឹកបន្ទាប់។ ទឹកឃ្មុំដែលនៅ
សល់ពីការត្រាំជាមួយខ្ទឹមបារាំងក៏អាចទទួលទានបានផងដែរ។
– ជំហានទី ៤ (បន្ថែមខ្ទឹមបារាំងក្នុងអាហារប្រចាំថ្ងៃ) ៖ អ្នកក៏អាចបន្ថែមខ្ទឹមបារាំងក្នុងអាហារប្រចាំថ្ងៃ ដើម្បីកាន់តែឆាប់ជាពីអាការៈនៃជំងឺ។
សម្គាល់ ៖ ខ្ទឹមបារាំង គឺផ្ដល់អត្ថប្រយោជន៍ប្រសើរបំផុតនៅពេលទទួលទានទាំងឆៅ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាតឹងច្រមុះផ្ដាសាយ។ ប៉ុន្តែខ្ទឹមបារាំងឆ្អិន ឬដែលត្រូវបានចម្អិនក៏មិនបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពដែរ។
ចំណុចគួរប្រយ័ត្ន ៖ ខ្ទឹមបារាំង គឺងាយនឹងស្រូបជាប់នូវបាក់តេរីនៅពេលត្រូវខ្យល់ ដូច្នេះអ្នកគួររក្សាទុកវាក្នុងទូរទឹកកក៕