គីសខ្លាញ់គឺជាប្រភេទដុំសាច់ខ្លាញ់មួយប្រភេទដែលលូតលាស់យឺត និងច្រើនតែនៅខាងក្រោមស្បែក និង។ គីសខ្លាញ់ច្រើនតែមិនឈឺ ហើយមានចលនាពេលសង្កត់។ គីសប្រភេទនេះតែងរកឃើញនៅវ័យកណ្តាល ហើយអាចកើតមានលើសពីមួយ។
គីសខ្លាញ់មិនមែនជាមហារីកទេ ហើយក៏មិនមានគ្រោះថ្នាក់អ្វីដែរ។ ជាទូទៅ វាមិនត្រូវការការព្យាបាលអ្វីទេ ប៉ុន្តែបើសិនជាដុំគីសនេះរំខានអ្នកដូចជា ឈឺចាប់ខ្លាំង ឬលូតលាស់ធំទៅៗ អ្នកប្រហែលជាដល់ពេលយកវាចេញហើយ។
ចំពោះមូលហេតុរបស់វាវិញគឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែគីសនេះគឺកើតជាលក្ខណៈគ្រួសារតែម្តង ដូច្នេះកត្តាហ្សែនទំនងជាដើរតួនាទីជាមូលហេតុរបស់វាហើយ។
ដើម្បីកំណត់រោគវិនិច្ឆ័យកាន់តែច្បាស់ថាជាគីសខ្លាញ់ គ្រូពេទ្យប្រហែលជាត្រូវធ្វើការងារដូចខាងក្រោមនេះ៖
- ពិនិត្យរាងកាយ
- ច្រឹបសាច់គីសនោះទៅវិភាគ
- ថតអេកូ ឬថតរូបភាពវេជ្ជសាស្ត្រផ្សេងៗទៀតដូចជា MRI ឬ CT Scan ក្នុងករណីដែលគីសនោះធំ មានសណ្ឋានមិនធម្មតា ឬនៅជ្រៅជាងស្រទាប់ជាលិកាខ្លាញ់។
សំណាងដែរ គីសប្រភេទខ្លាញ់បែបនេះមានឱកាសតិចតួចណាស់ដែលអាចក្លាយទៅជាមហារីកបាន។ គីសខ្លាញ់មហារីកវិញគឺជាដុំសាច់ដែលលូតលាស់យ៉ាងលឿន មិនស្ថិតនៅក្រោមស្បែកទេ តែមានការឈឺចាប់ខ្លាំង។ ការច្រឹបសាច់ទៅវិភាគ ការថត MRI ឬ CT Scan ច្រើនតែត្រូវធ្វើបើសិនជាគ្រូពេទ្យសង្ស័យថាជាមហារីក៕