អ្នកជំនាញផ្នែកចំណីអាហារ វីតាមីន គឺមានសារៈសំខាន់ខ្លាំងដើម្បីជួយដល់សុខភាពភ្នែក។ ដូចនេះគ្នាយើងគួរចេះរៀបចំ និងដាក់បន្លែ ផ្លែឈើ ដែលមានវីតាមីនសំខាន់ៗនេះទៅក្នុងរបបអាហារដើម្បីជួយដល់សុខភាពភ្នែក។ ទាំងនេះជាការពន្យល់លម្អិតជួយគ្នាយើងបានដឹងពីអត្ថប្រយោជន៍នៃវីតាមីនទាំងនោះ។
១. តាមីនAនិងបេតាការ៉ូទីន
វីតាមីនA គឺជាបណ្ដុំនៃសារធាតុកម្ចាត់ជាតិពុលជួយការពារភ្នែក និងរក្សារបកគំហើញឲ្យនៅល្អ។ វីតាមីននេះជួយសាច់ដុំភ្នែកនិងស្រទាប់កញ្ចក់ភ្នែក ( cornea) ប្រឆាំងនឹងការចម្លងរោគបង្កដោយបាក់តេរី ឬវីរុស។ វីតាមីនAមានផ្ទុកនៅក្នុងបន្លែ និងផ្លែឈើជាច្រើនដែលមានពណ៌ខុសៗគ្នាមានឈ្មោះថាព្រីវីតាមីនA និងសារធាតុការ៉ូទីន។ នៅពេលដែលសមាសធាតុទាំងនេះផ្ដល់ទៅឲ្យរាងកាយ ពួកវានឹងក្លាយទៅជាសារធាតុរ៉េទីណុលដែលនាំយកអត្ថប្រយោជន៍ជាច្រើនទៅកាន់ភ្នែក។ សារធាតុបេតាការ៉ូទីនមានផ្ទុកនៅក្នុងបន្លែពណ៌លឿង ឬក្រហមដូចជាការ៉ុត ស្ពៃស្ពីណាត់ សណ្ដែកខៀវ ប៉េងប៉ោះ ម្ទេសប្លោក ដំឡូងជ្វា និងត្រសក់ស្រូវ។
២. វីតាមីនC
វីតាមីនC ជួយបង្ការហានិភ័យជំងឺភ្នែកជាច្រើនមានដូចជាភ្នែកឡើងបាយ ជំងឺរលាកភ្នែកដោយសារជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធភ្នែក។ លើសពីនេះទៀតវីតាមីននេះក៏កែប្រែរូបរាង និងបង្កើនកម្លាំងជាលិកាភ្ជាប់ដូចជាខូឡាជែននិងការពារផ្ទៃភ្នែកនិងស្រទាប់កញ្ចក់ភ្នែក។ ចលនានៃប្រព័ន្ធរបត់ឈាមក៏ជួយដឹកនាំទៅដល់សរសៃប្ដូរនៃស្រទាប់រេទីនដែលជួយបង្ការជំងឺរលាកកែវភ្នែកពេលវ័យជរា(AMD)។ វីតាមីនC មានផ្ទុកនៅក្នុងបន្លែដែលមានជាតិជូរជាច្រើនដូចជា ក្រូចឆ្មារ បន្លែសម្បកលឿង ក្រូចលឿង និងទំពាំងបាយជូរជាដើម។ មានការណែនាំមួយលើកឡើងថាការញ៉ាំទឹកក្រូចលឿងស្រស់មួយកែវក្នុងមួយថ្ងៃអាចជួយរក្សាសុខភាពកែវភ្នែក។
៣. វីតាមីនE
វីតាមីនEគឺមានសារៈប្រយោជន៍ក្នុងការបង្ការបញ្ហាចុះអន់ខ្សោយ និងជំងឺភ្នែកឡើងបាយ។ គ្នាយើងអាចស្វែងរកវីតាមីនEនៅក្នុងសណ្ដែក គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន ស្ពៃស្ពីណាត់ ប៉េងប៉ោះ ផ្លែគីវី ស្វាយ និងសណ្ដែកផ្សេងៗទៀតបាន។
៤. វីតាមីនD
គ្រូពេទ្យឯកទេសភ្នែកតែងតែណែនាំឲ្យយើងបានត្រូវពន្លឺព្រះអាទិត្យដើម្បីបានស្រូបយកពន្លឺព្រះអាទិត្យជួយបង្កើនសុខភាពកែវភ្នែក ព្រមទាំងជួយដល់រាងកាយក្នុងការធ្វើសំយោគវីតាមីនD។ វីតាមីនD ក៏អាចជួយបង្ការជំងឺAMD និងបង្កើនរបកគំហើញផងដែរ។ ក្រៅពីពន្លឺព្រះអាទិត្យ យើងអាចទទួលបានវីតាមីនDតាមរយៈការញ៉ាំសាច់ត្រីសាល់ម៉ុន ត្រីស្បៃកា ត្រីសាឌីន ទឹកដោះគោ និងផ្លែឈើផ្សេងៗ។
៥. អាស៊ីដខ្លាញ់អូមេហ្គា–៣
អាស៊ីដខ្លាញ់អូមេហ្គា–៣ ជួយបង្កើនសុខភាពស្រទាប់រេទីន បង្កើតទឹកភ្នែកកាត់បន្ថយសម្ពាធ និងបង្ការហានិភ័យនៃជំងឺAMD។ អាស៊ីដខ្លាញ់អូមេហ្គា–៣សម្បូរនៅក្នុងសណ្ដែក វ៉លណាត់ គ្រាប់ផ្កាឈូករ័ត្ន ខ្លាញ់ត្រី និងប្រេងអូលីវ។ ជាពិសេសត្រីសាល់ម៉ុនដែលយើងគួរតែបរិភោគជាប្រចាំព្រោះវាសម្បូរទៅដោយសារធាតុអូមេហ្គា–៣។
ការផ្ដល់នូវវីតាមីនដល់រាងកាយតាមរយៈប្រភពធម្មជាតិបែបនេះ គឺជាជម្រើសល្អបំផុតសម្រាប់សុខភាពភ្នែក។ ក្រៅពីនេះយើងក៏អាចប្រើប្រភពផ្សេងទៀតក្នុងការផ្ដល់វីតាមីនឲ្យបានគ្រប់គ្រាន់សម្រាប់ភ្នែកអ្នកផងដែរ៕