ម៉ាក់ប៉ាមានដឹងអត់ថា កូនក្នុងផ្ទៃលូតលាស់បានល្អ កើតមកមានប្រាជ្ញាវាងវៃ មានកត្តារួមផ្សំច្រើន ក្នុងនោះមានទាំងកត្តាសុខភាពម្តាយ ការបំប៉នចំណីអាហារ ការថែទាំសុខភាព រួមទាំងសកម្មភាពផ្សេងៗ។ ខាងក្រោមនេះ ជាគន្លឹះខ្លះៗ សម្រាប់ម៉ាក់ៗដែលកំពុងតែមានផ្ទៃពោះ ត្រូវធ្វើដើម្បីជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត។
១. ញ៉ាំអាហារចម្រុះមុខ
អាហារចម្រុះមុខមាន ត្រី សាច់ ស៊ុត បន្លែ និងផ្លែឈើ ល្អខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ។ ត្រី សាច់ ស៊ុត ផ្តល់នូវពពួកប្រូតេអ៊ីនដែលជាប្រភពនៃអាមីណូអាស៊ីដ សម្រាប់ចិញ្ចឹមសរីរាង្គកាយស្ត្រីមានផ្ទៃពោះ និងកូនក្នុងផ្ទៃឲ្យលូតលាស់ល្អ ជាពិសេសជួយដល់ការវិវត្តខួរក្បាលរបស់ទារក និងបង្កើនគ្រាប់ឈាមក្រហម ឯបន្លែផ្លែឈើ វាផ្តល់នូវវីតាមីន សារធាតុរ៉ែ និងជាតិកាកសរសៃ ជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ សម្រួលការរំលាយអាហារ កាត់បន្ថយបញ្ហាទល់លាមក។
២. ញ៉ាំថ្នាំវីតាមីន និងជាតិរ៉ែ
ថ្នាំវីតាមីនសម្រាប់ស្ត្រីពពោះ មានវីតាមីនចម្រុះមុខ ជាតិរ៉ែ ជាតិដែក និងអាស៊ីដហ្វូលិក ដែលស្ត្រីមានផ្ទៃពោះអាចញ៉ាំប្រចាំថ្ងៃ បន្ថែមពីរបបអាហារប្រចាំថ្ងៃរបស់ខ្លួន បង្កើនគ្រាប់ឈាមក្រហមក្នុងខ្លួន កាត់បន្ថយភាពស្លេកស្លាំងជាដើម។
៣. និយាយលេងជាមួយកូនឲ្យបានច្រើន
ម៉ាក់ប៉ាមួយចំនួនប្រហែលជាមិនសូវនិយាយលេងជាមួយក្នុងពោះនោះទេ ដោយគិតថា គេមិនទាន់អាចស្តាប់សំឡេងបាន តែតាមពិតទៅកូនក្នុងផ្ទៃអាចស្តាប់ឮសំឡេងយើងបានតាំងពីអាយុ ២៧សប្តាហ៍មកម្ល៉េះ។ ការដែលម៉ាក់ប៉ាព្យាយាមនិយាយជាមួយកូនឲ្យបានច្រើនតាំងពីនៅក្នុងពោះ ធ្វើឲ្យកូនរីករាយ ថែមទាំងជួយដល់ការលូតលាស់ផ្នែកខួរក្បាល។
បន្ថែមពីការនិយាយលេង យើងអាចអានសៀវភៅ ឬរឿងនិទានឲ្យកូនស្តាប់តាំងពីនៅក្នុងពោះ ក៏ជាវិធីមួយដែលជួយឲ្យពួកគេឆ្លាតដែរ ទោះជាកូនយើងមិនដឹងពីអត្ថន័យ ឬពាក្យពេចន៍ដែលយើងអានក៏ដោយ។
៤. ចាក់ចម្រៀងឲ្យកូនស្តាប់
តន្ត្រីធ្វើឲ្យយើងសប្បាយរីករាយ បាត់អស់ទុក្ខកង្វល់ ក្រៅពីនិយាយជាមួយកូនឲ្យបានច្រើន ម៉ាក់ប៉ាគួរតែរកចម្រៀងណាពីរោះៗ សប្បាយៗ ចាក់ឲ្យនៅក្នុងពោះស្តាប់ ទើបកូនយើងមានអារម្មណ៍ស្រស់ស្រាយ ឯខួរក្បាលក៏ភ្លឺថ្លាទៅតាមនោះដែរ។
៥. អង្អែលក្បាលពោះម្តាយ
ការអង្អែលក្បាលពោះម្តាយថ្នមៗ ជាសកម្មភាពបង្កើនភាពស្និទ្ធស្នាល និងភាពកក់ក្តៅដល់កូន។ ម៉ាក់ៗអាចអង្អែលក្បាលពោះខ្លួនឯង ឬក៏ប៉ាៗឧស្សាហ៍អង្អែលក្បាលពោះម៉ាក់ៗក៏បាន ដែលការធ្វើបែបនេះ ម៉ាក់ក៏កក់ក្តៅ កូនក៏កក់ក្តៅ។
៦. ធ្វើចិត្តឲ្យរីករាយ
ស្រីៗពពោះផ្លូវចិត្តមិនសូវល្អប៉ុន្មានទេ ដោយសារតែអ័រម៉ូនផ្លាស់ប្តូរ រាងកាយប្រែប្រួល ណាមួយជួបអាការៈចាញ់កូនទៀត អ៊ីចឹងហើយងាយនឹងឆាប់ខឹងមួរម៉ៅ អាចជះឥទ្ធិពលមិនល្អដល់កូនផ្ទៃ។ តែទោះយ៉ាងណាយើងអាចក្រែប្រែស្ថានការណ៍ទាំងនោះបាន ដោយម៉ាក់ៗព្យាយាមធ្វើចិត្តឲ្យរីករាយ ឯប៉ាៗវិញគួរតែធ្វើរឿងល្អៗ ឲ្យប្រពន្ធសប្បាយចិត្ត ឬក៏ឧស្សាហ៍នៅប្រពន្ធដើរលេង៕