អង្គការសុខភាពពិភពលោកលើកឡើងថា ការតាមដានដឹងថាស្ត្រីពពោះ និងកុមារតូចមានបញ្ហាខ្វះជាតិដែកគឺជារឿងសំខាន់។ បញ្ហាខ្វះជាតិដែកលើកុមារអាយុក្រោម ២ឆ្នាំធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ការអភិវឌ្ឍខួរក្បាល។ បើតាមអង្គការសុខភាពពិភពលោក បញ្ហានេះនឹងបង្កជាផលអវិជ្ជមានដល់កុមារនៅពេលធំឡើង ដូចជាជួបបញ្ហារៀនមិនសូវបានល្អជាដើម។
ដូចគ្នាដែរ ការអភិវឌ្ឍខួរក្បាលរបស់កុមារក៏រងផលប៉ះពាល់ដែរ បើសិនជាម្ដាយពេលពពោះនៅត្រីមាសទី៣ ជួបបញ្ហាខ្វះជាតិដែក។ ការពិនិត្យសុខភាពពេលពពោះ ដើម្បីបានដឹងថាខ្លួនមានបញ្ហាខ្វះជាតិដែកឬយ៉ាងណា គឺជារឿងចាំបាច់ដើម្បីជួយឲ្យកូនក្នុងផ្ទៃចៀសផុតពីផលវិបាកនានាពីបញ្ហាខ្វះជាតិដែក។
ទំនាក់ទំនងរវាងជាតិដែក និងខួរក្បាលកុមារ
ការសិក្សានាពេលថ្មីៗនេះបានរកឃើញថាស្ត្រីកំពុងពពោះដែលមានជាតិដែកគ្រប់គ្រាន់ ជួយឲ្យកូនក្នុងផ្ទៃមានការលូតលាស់ខួរក្បាលបានល្អ ហើយក្មេងដែលកើតពីម្ដាយមានបញ្ហាស្លេកស្លាំងដោយខ្វះជាតិដែកពេលកំពុងពពោះវិញ គឺប្រឈមនឹងបញ្ហាអភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទ។
ជាតិដែកត្រូវបានគេរកឃើញថាមានសារសំខាន់សម្រាប់ដំណើរការកោសិកា និងសរីរាង្គផ្សេងទៀត និងសំខាន់បំផុតសម្រាប់ការលូតលាស់ខួរក្បាល ក្នុងដំណាក់កាលមូលដ្ឋានគ្រឹះនៃការផលិតសម្បកណឺរ៉ូន និងការធ្វើមេតាប៉ូលិសលើថាមពល និងតំណភ្ជាប់ប្រព័ន្ធប្រសាទ។ កង្វះជាតិដែកលើកុមារ ពិសេស ១ ០០០ថ្ងៃដំបូង គិតតាំងពីចាប់កំណើតក្នុងផ្ទៃ នឹងអាចធ្វើឲ្យកុមារមានផលវិបាករយៈពេលវែង ដូចជាជួបបញ្ហាធ្លាក់ចុះបញ្ញាស្មារតី និងបញ្ហាអាកប្បកិរិយា ជាដើម។ បញ្ហាទាំងនេះបើសិនជាកើតលើកុមារ នោះនឹងធ្វើឲ្យពិបាកក្នុងការសិក្សារៀនសូត្រ ឬរៀនសូត្រមិនបានល្អដូចក្មេងដទៃនិងខ្សោយការផ្ចង់អារម្មណ៍ជាដើម។
បង្ការបញ្ហាខ្វះជាតិដែក
សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារតូចជាក្រុមមនុស្សដែលងាយប្រឈមនឹងបញ្ហាខ្វះជាតិដែក ព្រោះថា ក្នុងដំណាក់កាលនេះទាំងស្ត្រីមានផ្ទៃពោះ និងកុមារតូចត្រូវការជាតិដែកខ្ពស់ដើម្បីទ្រទ្រង់ដល់ការលូតលាស់។
ស្ត្រីមានផ្ទៃពោះអាចទទួលបានជាតិដែកតាមរយៈរបបអាហារ និងថ្នាំគ្រាប់ជាតិដែកដែលគ្រូពេទ្យបានណែនាំ។ ការរក្សាជាតិដែកបានត្រឹមត្រឹមត្រូវអំឡុងពេលពពោះ កាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតលើកូនក្នុងផ្ទៃ និងក្រោយសម្រាល។
សម្រាប់ទារកទើបកើត ការបន្តទទួលបានការបំបៅទឹកដោះម្ដាយជាកត្តាសំខាន់បំផុតមួយក្នុងការបំពេញជាតិដែកដែលកូនត្រូវការ។ ក្រោយវ័យ៦ ខែទារកនៅអាចបន្តទទួលការបំបៅដោះ និងត្រូវបន្ថែមរបបអាហារក្រៅ ដែលមានបន្លែ និងផ្លែឈើចម្រុះ ដើម្បីធានាថាកូនបានទទួលជាតិដែក និងសារជាតិចិញ្ចឹមផ្សេងទៀតបានគ្រាប់គ្រាន់សម្រាប់ការលូតលាស់ទាំងផ្នែកបញ្ញាស្មារតី និងរាងកាយ ។
អាហារល្អៗដែលសម្បូរជាតិដែកសម្រាប់តម្រូវការរាងកាយរបស់កុមារមានដូចជាត្រី សាច់ គ្រឿងសមុទ្រ និងបន្លែបៃតង។ មួយវិញទៀតប៉ាម៉ាក់គួរសង្កេតមើលពីសញ្ញាសង្ស័យមួយចំនួនដូចជា កូនខ្សោយ អស់កម្លាំង ស្លេកស្លាំង មានបញ្ហាអាកប្បកិរិយា និងមានការឆ្លងរោគញឹកញាប់ ដែលអ្វីទាំងនេះអាចថាកូនកំពុងជួបបញ្ហាខ្វះជាតិដែក និងគួរនាំកូនទៅជួបគ្រូពេទ្យ៕