ជំងឺគ្រុនឈាមបង្កឡើងដោយវីរុសបួនប្រភេទដែលចម្លងដោយមូសដែលមានជំងឺខាំ។ ជំងឺគ្រុនឈាមប្រភេទ Dengue Hemorrhage គឺជាទម្រងជំងឺដ៏ធ្ងន់ធ្ងរមួយរបស់ជំងឺគ្រុនឈាម។ រោគសញ្ញាដំបូងគេរបស់ជំងឺនេះកើតមានពី ៣ ទៅ១៥ថ្ងៃក្រោយពីមូសមានជំងឺបានខាំរួច ដែលមានដូចជា ក្តៅខ្លួនខ្លាំង និងឈឺក្បាលខ្លាំងជាមួយនឹងការឈឺចាប់ខ្លាំងនៅក្រោមភ្នែកពេលព្យាយាមធ្វើចលនាភ្នែក។ រោគសញ្ញាពាក់ព័ន្ធផ្សេងៗទៀតមានដូចជា ឈឺសន្លាក់, ឈឺសាច់ដុំនិងឈឺឆ្អឹង, កន្ទួល និងហូរឈាមតិចៗទៀត។ អ្នកជំងឺជាច្រើនតែត្អូញត្អែរអំពីការឈឺចង្កេះដែរ។ ចំពោះកូនកណ្តុរនៅក និងគ្រលានប្រហែលជាឡើងហើម។ ក្មេងតូចៗ និងអ្នកជំងឺទើបតែកើតជំងឺនេះដំបូងច្រើនតែមានរោគសញ្ញាស្រាលជាងមនុស្សធំ។

ចំពោះទម្រង់ជំងឺគ្រុនឈាមប្រភេទ Dengue Hemorrhage វិញចាប់ផ្តើមជាមួយនឹងរោគសញ្ញាធម្មតាៗរបស់ជំងឺគ្រុនឈាមដូចខាងលើដែរ។ ការក្តៅខ្លួនកើតមានរហូតដល់ ២ ទៅ៧ថ្ងៃ។ ក្រោយពីក្តៅខ្លួនចាប់ផ្តើមស្រាកស្រាន្តហើយ វានឹងមានរោគសញ្ញាដែលទាក់ទងនឹងការហូរឈាមចេញពីសរសៃកាពីឡារី។ សញ្ញាទាំងនោះមានដូចជា ឈឺពោះខ្លាំង, ក្អួតជាប់រហូត និងពិបាកដកដង្ហើម។ ការហូរឈាមមានលក្ខណៈដូចជា ងាយនឹងជាំស្បែក, ឈាមច្រមុះ, ហូរឈាមតាមអញ្ចាញធ្មេញ, ហូរឈាមក្រោមស្បែក និងហូរឈាមក្នុងពោះ។ ជំងឺនេះប្រហែលជាវិវឌ្ឈន៍ទៅជាខ្សោយប្រព័ន្ធរបត់ឈាម, ស្យុក និងស្លាប់បាន។
ចូររកមើលសញ្ញាប្រកាសអាសន្ននៅពេលសីតុណ្ហភាពថយចុះពី ៣ ទៅ៧ថ្ងៃក្រោយពីចាប់ផ្តើមមានរោគសញ្ញា។ ចូរទៅជួបគ្រូពេទ្យព្យាបាលភ្លាមបើសិនជាមានរោគសញ្ញាប្រកាសអាសន្នដូចខាងក្រោមនេះ៖
1. ឈឺពោះធ្ងន់ធ្ងរ ឬក្អួតជាប់រហូត
2. មានកន្ទួលក្រហមៗនៅលើស្បែក
3. ហូរឈាមច្រមុះ ឬអញ្ចាញធ្មេញ
4. ក្អួតឈាម
5. លាមកខ្មៅ
6. សន្លឹម ឬកាច
7. ស្លេកស្លាំង, ត្រជាក់ខ្លួន ឬបែកញើសសើមស្អិត
8. ពិបាកដកដង្ហើម៕