អាការៈមាត់មានក្លិនមិនល្អគឺមិនទៀងទាត់ឡើយ អាស្រ័យទៅតាមប្រភព ឬមូលហេតុរបស់វាដែរ។ អ្នកខ្លះមានការបារម្ភច្រើនចំពោះក្លិនមាត់របស់ខ្លួន ទោះបីជាពួកគេមានក្លិនមាត់តិចតួច ឬគ្មានក៏ដោយ ខណៈពេលដែលអ្នកផ្សេងមានក្លិនមាត់ស្អុយតែម្តង តែមិនដឹងខ្លួន។ ដោយសារតែវាមានការពិបាកនឹងវិនិច្ឆ័យថាអ្នកមានក្លិនមាត់អាក្រក់ប៉ុនណានោះ ចូរសាកសួរមិត្តស្និទ្ធស្នាលរបស់អ្នក ឬសាច់ញាតិអ្នកទៅ។
បើសិនជាអ្នកមានក្លិនមាត់អាក្រក់ ចូរធ្វើការរំលឹកទៅលើទម្លាប់អនាម័យមាត់ធ្មេញរបស់អ្នកឡើងវិញទៅ។ ចូរព្យាយាមផ្លាស់ប្តូររបៀបរស់នៅដូចជា ដុសសម្អាតធ្មេញ និងអណ្តាតក្រោយពីញ៉ាំអាហាររួច ការប្រើប្រាស់អំបោះរុះសម្អាតធ្មេញ និងញ៉ាំទឹកឱ្យបានច្រើន។
បើសិនជាក្លិនមាត់ អ្នកនៅតែបន្តអាក្រក់ជាប់ក្រោយពីផ្លាស់ប្តូររបៀបរស់នៅខាងលើហើយនោះ វាគួរតែដល់ពេលជួបពេទ្យធ្មេញហើយ។ បើសិនជាពេទ្យសង្ស័យថាមានជំងឺធ្ងន់ធ្ងរបង្កឱ្យមានក្លិនមាត់អាក្រក់នោះ គាត់អាចនឹងណែនាំអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យព្យាបាលជំងឺទូទៅវិញ៕