សុខភាព គឺជារឿងសំខាន់ដែលមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់ការពារ ដើម្បីជៀសផុតពីបញ្ហាផ្សេងៗគួរឱ្យបារម្ភ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចំណុចមួយនៃការថែរក្សាសុខភាពបានល្អប្រសើរជៀសផុតពីជំងឺឆ្លង គឺការមិនចែករំលែក ឬប្រើប្រាស់របរមួយចំនួនរួមគ្នាជាមួយអ្នកដទៃ និងសូម្បីអ្នកដែលស្និតបំផុតក៏ដោយ! ថាតើរបស់របរទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបស់ដែលអ្នកមិនគួរប្រើរួម ឬចែករំលែកជាមួយនរណាម្នាក់ ៖
១. កន្ត្រៃកាត់ក្រចក
យើងមើលមិនឃើញឡើយនឹងភ្នែកទទេរ ប៉ុន្តែនៅលើម្រាម និងក្រចកដៃជើងរបស់មនុស្សមានផ្ទុកសម្បូរទៅដោយមេរោគបាក់តេរីច្រើនប្រភេទ! ដូច្នេះកន្ត្រៃកាត់ក្រចកធម្មតាអាចក្លាយជាភ្នាក់ងារចម្លងមេរោគពីមនុស្សម្នាក់ទៅម្នាក់ទៀតយ៉ាងងាយ។ ជាញឹកញយការប្រើប្រាស់កន្ត្រៃកាត់ក្រចករួមគ្នាបង្កការកើនឡើងនូវហានិភ័យនៃការឆ្លងជំងឺ ឬមេរោគផ្សិត និងវីរុស HPV ដែលនាំឱ្យកើតមានជំងឺគួរឱ្យព្រួយបារម្ភ។
២. ក្រវិល
ក្នុងត្រចៀក គឺមានសសៃឈាមច្រើនណាស់។ ដូច្នេះហើយទើបវាងាយនឹងឆ្លង ឬចម្លងមេរោគផ្សេងៗពីម្នាក់ទៅម្នាក់ដោយគ្រាន់តែពាក់ក្រវិលបន្តគ្នា។ ដើម្បីជាការប្រសើរ លើកក្រោយប្រសិនបើអ្នកចង់ខ្ចីក្រវិលនរណាពាក់នោះ ចូរជូតវានឹងអាល់កុលជាមុនសិន។
៣. ក្រែមលាបមាត់
នៅក្រោមបបូរមាត់ក៏មានផ្ទុកសសៃឈាមដែរ។ ហើយវីរុសនៃជំងឺពងមាត់ និងរើមមាត់ គឺងាយនឹងឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតនៅពេលប្រើប្រាស់ក្រែមលាបមាត់រួមគ្នា។ ទោះបីជាអ្នកផ្ទុកមេរោគគ្មានរោគសញ្ញាណាមួយលេចឡើងឱ្យឃើញក៏ដោយ។
៤. ដង្កៀបដករោមភ្នែក
ប្រសិនបើអ្នកប្រើប្រាស់ដង្កៀបរបស់នរណាម្នាក់ដើម្បីដករោមដែលលើសមួយពីរនោះវាគ្មានអ្វីគួរឱ្យបារម្ភឡើយ! ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់វាដើម្បីដករោមដែលកប់ក្នុងសាច់ហើយមានឈាមនោះ ដង្កៀបដករោមធម្មតានេះអាចបណ្ដាលឆ្លងមេរោគធ្ងន់ធ្ងរជាច្រើននៅថ្ងៃអនាគត។ ករណីមួយចំនួនដង្កៀបដករោមអាចចម្លងមេរោគថ្លើមប្រភេទ C និងមេរោគអេដស៍។ ប្រសិនបើអ្នកគ្មានជម្រើសអ្វីផ្សេងៗក្រៅពីប្រើប្រាស់របស់គេនោះ ចូរជូតវាជាមួយនឹងអាល់កុលជាមុនសិន។
៥. រ៉ូលអនលាបក្លៀក
រ៉ូលអនលាបក្លៀកអាចផ្ទុក ឬបង្កការឆ្លងមេរោគធ្ងន់ធ្ងរ ជាពិសេសប្រសិនបើបាក់តេរីចូលទៅក្នុងរបួសតូចៗដែលកើតមានក្រោយកោររោម។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសនូវរ៉ូលអនប្រភេទប្រឆាំងបាក់តេរី ហើយកុំចែករំលែកវាជាមួយអ្នកផ្សេង។
៦. សាប៊ូដុំ
វីរុសបាក់តេរីគ្របដណ្ដប់ពេញលើសាប៊ូដុំក្រោយពេលប្រើម្ដង ហើយអាចឆ្លងយ៉ាងងាយពីមនុស្សម្នាក់ទៅម្នាក់! ដើម្បីកាត់បន្ថយហានិភ័យនៃរោគឆ្លង ចូរប្រើប្រាស់សាប៊ូទឹក។
៧. ក្រាសសិតសក់
កុំឱ្យក្រាសសិតសក់ទៅនរណាម្នាក់ ឬប្រើប្រាស់របស់គេ។ វាងាយនឹងបង្កើនហានិភ័យនៃពពួកប៉ារ៉ាស៊ីតដូចជា ចៃ រោគសើរស្បែក និងសូម្បីតែរោគផ្សិត។
៨. កន្សែង
កន្សែង គឺជាជម្រកនៃពពួកបាក់តេរីច្រើនប្រភេទ ជាពិសេសប្រសិនបើត្រូវបានព្យួរចោលក្នុងបន្ទប់ទឹកពោរពេញដោយសំណើម។ កន្សែងអាចចម្លងមេរោគផ្សិត និងបាក់តេរីផ្សេងៗទៀតដែលបង្ករោលកន្ទួលក្រហមលើស្បែក, រោគមុន និងជំងឺភ្នែកក្រហម។ ដើម្បីជៀសផុតពីគ្រោះថ្នាក់ ចូរបោកសម្អាតកន្សែងជូតមុខ និងខ្លួន ក្រោយប្រើបានពី ៤ ទៅ ៥ ដង និងតែងដាក់វាហាលឱ្យស្ងួតជានិច្ច។
៩. ស្បៃដុសខ្លួន
ស្បៃដុសខ្លួនក៏មិនខុសពីកន្សែងដែរ! ដូច្នេះចូរដាក់ហាលស្បៃដុសខ្លួនឱ្យស្ងួតល្អជានិច្ច ហើយកុំចែករំលែកវាជាមួយនរណាម្នាក់ឱ្យសោះ។
១០. កាស
កាសរបស់មនុស្សម្នាក់ៗអាចបង្កការរីកលូតលាស់នូវពពួកបាក់តេរីក្នុងត្រចៀកបានយ៉ាងងាយ! ហានិភ័យនៃការឆ្លងមេរោគផ្សេងៗគួរឱ្យព្រួយបារម្ភក៏កើនឡើងនៅពេលអ្នកប្រើប្រាស់កាសរបស់អ្នកដទៃ ឬឱ្យគេខ្ចីប្រើ។ ដូច្នេះដើម្បីជាការប្រសើរមុននឹងប្រើរបស់គេនោះចូរជូតវានឹងអាល់កុលជាមុនសិន៕