ការបែកញើសនៅពេលយប់ គឺធម្មតា ប្រសិនបើអ្នកកំពុងស្ថិតក្រោមបរិយាកាស ឬអាកាសធាតុក្ដៅ, ស្លៀកពាក់សម្លៀកបំពាក់ក្រាស់ៗ ឬច្រើនជាន់។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកនៅក្នុងបន្ទប់ដែលមិនក្ដៅ ប៉ុន្តែអ្នកបែរជាបែកញើសជោគសម្លៀកបំពាក់ពេលក្រោក នោះវាអាចជាបញ្ហាទាក់ទងនឹងសុខភាពហើយ! ប្រសិនបើអ្នកកំពុងឆ្ងល់ថាតើហេតុអ្វីបានជាឧស្សាហ៍បែកញើសនៅពេលយប់ ខាងក្រោម
វេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុចម្បងនៃបញ្ហានេះ ៖
១. សីតុណ្ហភាពរាងកាយឡើងខ្ពស់
នេះ គឺជាមូលហេតុទូទៅបំផុតមួយដែលបណ្ដាលឱ្យបែកញើស ដោយសារបរិយាកាសនៃដំណេក។ បន្ទប់គេងដែលមានសីតុណ្ហភាពខ្ពស់អាចធ្វើឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់តាមនោះដែរ។ ហើយបញ្ហាដូចគ្នានេះកើតឡើងផងដែរ ប្រសិនបើអ្នកស្លៀកសម្លៀកបំពាក់ក្រាស់ៗ ឬច្រើនជាន់នៅពេលយប់ ឬដណ្ដប់ភួយជិតរាងកាយ។
២. សីតុណ្ហភាពរាងកាយធ្លាក់ចុះនៅម៉ោង ៤ ព្រឹក
មនុស្សមួយចំនួនជួបប្រទះអាការៈធ្លាក់ចុះនូវសីតុណ្ហភាពរាងកាយ ជាធម្មតានៅម៉ោង ៤ ព្រឹក ដែលបណ្ដាលឱ្យរាងកាយបែកញើសច្រើនខណៈពេលនេះ។
៣. បញ្ហាទាក់ទងនឹងការគេង
ប្រសិនបើអ្នកបែកញើសច្រើននៅពេលយប់ នោះក៏អាចមានន័យថាអ្នកកំពុងមានបញ្ហាពាក់ព័ន្ធនឹងការគេងហើយ។ ក្នុងចំណោមបញ្ហាចម្បងៗទាក់ទងនឹងការគេងដែលបណ្ដាលឱ្យបែកញើសនៅពេលយប់មានដូចជា ៖
– ជំងឺគេងមិនដកដង្ហើម ៖ បញ្ហានេះ គឺនៅពេលអ្នកពិបាកដកដង្ហើមនៅពេលគេង។ ជាលទ្ធផលអ្នកក៏ព្យាយាមប្រើកម្លាំង ឬខំប្រឹងដកដង្ហើមដែលធ្វើឱ្យបែកញើស។ ជាធម្មតានៅពេលស្រមុក ឬគេងមិនដកដង្ហើម គឺវាបណ្ដាលឱ្យមានរំញោចដាស់ដល់អ័រម៉ូនស្ត្រេស cortisol ដូច្នេះទើបអ្នកអាចដកដង្ហើមបានធម្មតាវិញ។
– ក្ដៅភាយពេញខ្លួន ឬ Hot Flushes ៖ ចំពោះស្ត្រីអាការៈនេះ គឺអាចជារោគសញ្ញាមួយនៃការអស់រដូវ។ ការបែកញើសនៅពេលយប់កើតឡើងដោយសារការបាត់បង់នូវអ័រម៉ូនស្ត្រីអេស្ត្រូសែន (estrogen) និងអ័រម៉ូន progesterone ចំពោះស្ត្រីវ័យចំណាស់។
– ទាក់ទងនឹងជាតិអាល់កុល ៖ មនុស្សមួយចំនួនមិនអាចគេងលក់នៅពេលយប់ដោយឡើយប្រសិនបើមិនទទួលទានគ្រឿងស្រវឹង។ នៅពេលពួកគេទទួលទានមិនថាភេសជ្ជៈមានផ្ទុកជាតិអាល់កុលប្រភេទណាក៏ដោយ គឺពួកគេងាយនឹងបែកញើសជាងធម្មតា។ នេះក៏ព្រោះតែជាតិអាកុល ឬគ្រឿងស្រវឹងជួយសម្រួលដល់សាច់ដុំដែលអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវដង្ហើមខាងលើ ហើយនឹងបណ្ដាលឱ្យអាការៈស្រមុកកាន់តែអាក្រក់ឡើង ក៏ដូចជាជំងឺគេងមិនដកដង្ហើម។
– បញ្ហានៃការគេងបណ្ដាលមកពីថប់បារម្ភ ៖ ភាពតានតឹងក្នុងអារម្មណ៍ និងភ័យព្រួយស្លន់ស្លោរអាចបណ្ដាលឱ្យអ្នកបែកញើសនៅពេលយប់។ អ្នកដែលយប់សប្តិអាក្រក់បណ្ដាលមកពីភាពតានតឹងក្នុងអារម្មណ៍ច្រើនតែបែកញើសច្រើនជាងអ្នកធម្មតា។
ដើម្បីជាការប្រសើរ មិនថាការបែកញើសនៅពេលយប់បណ្ដាលមកពីមូលហេតុអ្វីក៏ដោយ ក៏អ្នកគួរទៅជួបពិនិត្យសុខភាពជាមួយគ្រូពេទ្យ ប្រសិនបើអ្នកបែកញើសច្រើនខុសធម្មតានៅពេលយប់ ជាពិសេសប្រសិនបើសីតុណ្ហភាពក្នុងបន្ទប់មិនក្ដៅសោះ៕