យើងឃើញរឿងជាច្រើនក្នុងសារព័ត៌មានដែលនិយាយពីថ្នាំដែលទើបនឹងរកឃើញថ្មីបំផុត វិធីសាស្ត្រព្យាបាលថ្មីបំផុត រូបមន្តថ្មីបំផុតនិងថ្លៃបំផុតសម្រាប់ព្យាបាលអ្វីគ្រប់យ៉ាងដែលធ្វើឱ្យយើងឈឺ។
អ្វីដែលយើងមិនបានឃើញការផ្សព្វផ្សាយគឺផ្លូវទៅរកជីវិតដែលមានសុខភាពល្អមិនអាចរកបាននៅក្នុងការិយាល័យគ្រូពេទ្យឬមន្ទីរពេទ្យនោះទេ។ អ្នកអាចរកវាឃើញនៅក្នុងផ្ទះ និងក្នុងជីវិតរបស់អ្នក។ ការសប្បាយរីករាយនឹងជីវិតរបស់អ្នកនិងអ្នកដែលនៅជុំវិញខ្លួនអ្នក នឹងជួយដល់សុខភាពរបស់អ្នក និងកាត់បន្ថយឥទ្ធិពលនៃភាពចាស់។
ចំពោះបេត ការតមអាហាររយៈពេល ២០ឆ្នាំ ហាក់ដូចជាអាចបញ្ចប់បានយ៉ាងឆាប់រហ័ស។ គាត់បានឃើញការផ្សាយពាណិជ្ជកម្មមួយថ្នាំមួយប្រភេទសម្រាប់ការបញ្ចុះទម្ងន់ដែលទប់ស្កាត់ការស្រូបយកជាតិខ្លាញ់ក្នុងប្រព័ន្ធរំលាយអាហារ។ គាត់បានពិភាក្សាជាមួយគ្រូពេទ្យ ហើយគ្រូពេទ្យក៏បានចេញវេជ្ជបញ្ជាឱ្យគាត់ប្រើថ្នាំនេះរយៈពេលមួយខែ។
ក្រោយមកបន្តិច បេតបានដឹងថាថ្នាំនេះមានផលវិបាកមិនល្អមួយគឺ ធ្វើឱ្យរាគភ្លាមៗ។
ថ្នាំនេះត្រូវបានគេសន្មតថាជួយជម្រុញអ្នកតមអាហារឱ្យបរិភោគអាហារណាដែលមានជាតិខ្លាញ់ទាប ព្រោះវាធ្វើឱ្យជាតិខ្លាញ់ក្នុងអាហារចេញពីរាង្គកាយតាមរយៈការបញ្ចេញចោល។ ប៉ុន្តែបើទោះបីជា បេត មិនបានបរិភោគអាហារដែលមានជាតិខ្លាញ់ខ្ពស់ក៏ដោយ ក៏គាត់ត្រូវតែប្រញាប់រត់ទៅរកបង្គន់ក្រោយពេលបរិភោគអាហារបានកន្លះម៉ោង។
នាងកាន់តែគិតពីវា គាត់កាន់តែមានការសង្ស័យទៅលើគោលការណ៍ទាំងមូល។ គាត់និយាយថា “អ្នកមិនអាចប្រើប្រាស់ថ្នាំរហូតនោះទេ។ ទម្ងន់របស់អ្នកនឹងត្រលប់មកវិញនៅថ្ងៃណាមួយ។ អ្នកនឹងត្រលប់ទៅរកទម្លាប់ចាស់ដែលធ្វើឱ្យអ្នកឡើងទម្ងន់វិញដដែល។ ប្រសិនបើអ្នកមិនផ្លាស់ប្តូរជីវិតរបស់អ្នក វាមិនសមស្របក្នុងការដោះស្រាយបញ្ហានេះឡើយ”។ ក្រោយពេលបញ្ឈប់ការប្រើប្រាស់ថ្នាំសម្រកទម្ងន់ បេត បានផ្តោតទៅលើការកាត់បន្ថយកាឡូរីដែលបរិភោគប្រចាំថ្ងៃ និងការដើរជារៀងរាល់ថ្ងៃ។
គាត់និយាយថា គាត់មានអារម្មណ៍ធូរស្រាលជាមួយនឹងការផ្តោតលើរបៀបរស់នៅដែលផ្តល់ផលល្អដល់សុខភាព ជាជាងការផ្តោតទៅលើតែការស្រកទម្ងន់។ បេត និយាយថា “ខ្ញុំមានអារម្មណ៍ល្អប្រសើរជាងមុនចំពោះខ្លួនឯង ហើយខ្ញុំឈប់ស្វែងរកបង្គន់ដែលនៅជិតជាងគេបង្អស់ទៀតហើយ”។