ទឹកត្រជាក់ដាក់ទឹកកមួយកែវពេញ អាចជាភេសជ្ជះដែលល្អបំផុត សម្រាប់អ្នកក្នុងរដូវក្តៅ ឬ បន្ទាប់ពីការ ធ្វើការងារ ដ៏ហត់នឿយមួយ។ ទឹកត្រជាក់ ក៏ត្រូវបានគេនិយាយផងដែរថា វាអាចជួយអោយរាងកាយ មានថាមពលល្អ នៅក្នុងពេលព្រឹក។ តែទោះជាយ៉ាងណាក្តី ការផឹកទឹកក្តៅឧណ្ណៗ គឺពិតជាបាន ផ្តល់ នូវអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព។
មិនថាទឹកក្តៅឧណ្ណៗ ឬ ត្រជាក់ ក៏ដោយ ការរក្សាអោយរាង កាយអ្នក មានជាតិទឹកគ្រប់គ្រាន់ គឺជាវិធីដ៏វិសេសមួយ ក្នុងការរក្សាសុខភាព និង អារម្មណ៍របស់អ្នក អោយបានស្រស់ថ្លា។ តែអ្នកគួរធ្វើការពិចារណាឡើងវិញ អំពីការជ្រើសរើសយកទឹកក្តៅឧណ្ណៗ មកផឹក អោយបានប៉ុន្មានកែវ ជារៀងរាល់ថ្ងៃ ។ ខាងក្រោមនេះ គឺគុណសម្បត្តិនៃការផឹកទឹកក្តៅឧណ្ណៗ ៖
ជួយធ្វើអោយមុខងាររបស់ ដំណើការរបស់ការរំលាយអាហារ និង ពោះវៀនល្អប្រសើរជាងមុន
ការផឹកទឹកក្តៅឧណ្ណៗ ក្នុងអំឡុងពេលនៃការទទួលទានអាហារ អាចជំនួយដល់ ដំណើរការ នៃការរំលាយ អាហារ។ វាជួយ ក្នុងការបំបែកអាហារ នៅក្នុងក្រពះ នេះបើយោងតាមសម្តី របស់គ្រូពេទ្យជំនាញផ្នែក ក្រពះពោះវៀន លោកវេជ្ជបណ្ឌិត Michael F.Picco ។ ទឹកក្តៅ ក៏អាចជួយ ផងដែរ ក្នុងការរំលាយអាហារ ចាស់ៗ ដែលនៅសល់ ជាប់នៅក្នុង បំពង់រំលាយអាហារ, ជួយសម្អាតពោះវៀន ដោយការលាងជំរះ បំពង់អាហារផ្នែកខាងក្នុង ជាមួយនឹងទឹកក្តៅឧណ្ណៗនេះ ។ ម្យ៉ាងវិញទៀត ការផឹកវាជាប្រចាំ ក៏អាចជួយ ផងដែរ ក្នុងការយកចេញនូវ ការកើនឡើងនូវ កាកសណល់ នៅក្នុងបំពង់អាហារ ។ ការផឹកទឹកក្តៅឧណ្ណៗ ដែលលាយជាមួយនឹងទឹកក្រូចឆ្មារ ក៏អាចជួយសម្អាត កាកសំណល់នៅក្នុង រាងកាយបានផងដែរ ហើយជាលទ្ធផលនោះ វានឹងធ្វើអោយមុខងាររបស់ពោះវៀន មានដំណើរការទៅ បានរលូនជាងមុន ។ ជម្ងឺរាគ និង បញ្ហាទល់លាមក ក៏អាចនឹងត្រូវបង្ការបានផងដែរ ។
ជួយបញ្ចេញជាតិពុល ចេញពីក្នុងចិត្ត និង រាងកាយ
ការផឹកទឹកក្តៅឧណ្ណៗ អោយបានពីរបីដង នៅក្នុងមួយសប្តាហ៍ គឺផ្តល់គុណសម្បតិ្ត ក្នុងការបន្សាប ជាតិពុល នេះបើតាមសម្តីរបស់ ប្លុកមួយដែលនិយាយអំពី អត្ថប្រយោជន៍ចំពោះសុខភាព នៃការផឹកទឹក។ នៅពេលដែលអ្នកផឹកទឹក ក្តៅ ឬ ក្តៅឧណ្ណៗ នោះកម្តៅរាងកាយរបស់អ្នក នឹងកើនឡើង ។ ហើយជា លទ្ធផល វានឹងធ្វើអោយបែកញើស ដែលជាដំណើរការធម្មជាតិ មួយក្នុងការជួយអោយរាងកាយត្រជាក់ ស្រួល និង បន្ថែមនូវសារប្រយោជន៍ មួយទៀត គឺជួយបញ្ចេញជាតិពុលចេញពី ក្នុងខ្លួន ។ វិធីនេះ គឺអាច ជួយ ក្នុងការសម្អាតចរន្តឈាម។ វាប្រៀបដូចជា ការចូលទៅក្នុងបន្ទប់សូណា ដូច្នោះដែរ។ ដោយសារតែ ជាតិពុល ត្រូវបានយកចេញពី ក្នុងរាងកាយបាន នោះមានអ្នកថែរក្សាសុខភាពតាមបែបធម្មជាតិជាច្រើន បានជឿថា ការផឹកទឹកក្តៅឧណ្ណៗ ក៏អាចជួយធ្វើ អោយអារម្មណ៍ផ្លូវចិត្តស្រស់ស្រាយបានដែរ។
ជួយសម្អាត ច្រមុះ និង បំពង់ក
ការផឹកទឹកក្តៅ ឬ ក្តៅឧណ្ណៗ អាចជា វិធីដ៏មានប្រសិទ្ធភាពមួយ ក្នុងការជួយសម្អាត និង សម្រាលដល់ អាការៈនៃការតឹងច្រមុះ ដោយសារតែជម្ងឺផ្តាសាយ, អាលែហ្សី ឬ គ្រុនផ្តាសាយជាដើម ។ ការផឹកទឹកនេះ ក៏អាចជួយបន្ថយ នូវការប្រមូលផ្តុំឡើងនៃស្លេស្ម នៅក្នុងរន្ធច្រមុះ ។ ភាពជាក់ស្តែង នៃការផឹកទឹកតែម្យ៉ាង គត់នោះគឺ វាជួយយកចេញ នូវឥទ្ធិពល របស់កាហ្វេអ៊ីន នៃការធ្វើអោយបាត់បង់ជាតិទឹក ដែលមាន នៅក្នុងប្រភេទភេសជ្ជះក្តៅៗដទៃទៀត មានដូចជា ទឺកតែ និង កាហ្វេ ដែលអ្នកគួរតែធ្វើការ ចៀសវាង នៅពេលដែលអ្នកមានជម្ងឺ។ លើសពីនេះទៅទៀត ទឹកក្តៅឧណ្ណៗ អាចជួយប្រឆាំងនឹង ការក្អក ដោយការ យកចេញនូវ កំហាក ឬ ស្លេស្ម ចេញពីក្នុងផ្លូវដង្ហើម ៕