ការដែលមានអារម្មណ៍ថា អ្នកចង់ខ្យល់គរ ឬសន្លាប់ អាចជារឿងមួយគួរឲ្យខ្លាចណាស់ដោយមិនខ្វល់ថាអ្នកនៅទីសាធារណៈ ឬនៅផ្ទះតែឯង។ ដូច្នេះអត្ថបទនេះនឹងផ្តល់នូវរឿងល្អៗដែលអ្នកអាចធ្វើបានដើម្បីសង្គ្រោះជីវិតខ្លួនឯងអំពីអារម្មណ៍ចង់សន្លប់។
គេង
បើសិនជាអាចគេងបាន យកល្អគួរតែគេងទៅ។ មូលហេតុដ៏ចំបងបំផុតដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់ខ្យល់គរ គឺការចុះសម្ពាធឈាមខ្លាំង។ កាលណាអ្នកគេង វានឹងធ្វើឲ្យឈាមរត់ទៅខួរក្បាលបានយ៉ាងមានប្រសិទ្ធភាព ដើម្បីជួយឲ្យកោសិកាខួរក្បាលទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ កាលណាអ្នកមានអារម្មណ៍ថាបាត់ខ្យល់គរ ហើយក៏មិនត្រូវក្រោកពីគេងវិញលឿនពេកដែរ ព្រោះវាអាចនឹងធ្វើឲ្យខ្យល់គរម្តងទៀតបាន។
ដាក់ក្បាលនៅចន្លោះជង្គង់
មិនបាច់បារម្ភទេបើសិនជាអ្នកមិនអាចគេងបានដោយសារតែអ្នកកំពុងតែស្ថិតនៅទីសារធារណៈ។ ការអង្គុយចុះ និងការដាក់ក្បាលនៅចន្លោះជង្គង់អាចជួយសម្រួលដល់លំហូរឈាមទោខួរក្បាលបាន។ ការដែលស្ថិតក្នុងស្ថានភាពបែបនេះពីរបីនាទីរហូតដល់មានអារម្មណ៍ល្អវិញគឺជារឿងដែលអ្នកគួរតែធ្វើហើយ។
បង្កើនចំណុះឈាម
មានរឿងមួយចំនួនដែលអ្នកប្រហែលជាអាចធ្វើបានដើម្បីបង្កើនចំណុះឈាមក្នុងខ្លួន ដូច្នេះចូរប្រាកដថា កោសិកាខួរក្បាលអ្នកកំពុងតែទទួលបានអុកស៊ីសែនបានគ្រប់គ្រាន់តាមរយៈចរន្តឈាម។ ដំបូងឡើយ ចូរញ៉ាំរបស់ប្រៃៗដូចជា ទឹកស៊ុប ប្រោះវាមានជាតិសូដ្យូម ព្រោះវាជួយឲ្យចំណុះឈាមកើនឡើងជាបណ្តោះអាសន្នបាន។ ទីពីរ ចូរញ៉ាំទឹកឲ្យបានច្រើន ព្រោះការដែលខ្សោះជាតិទឹកក្នុងខ្លួនពេកក៏អាចធ្វើឲ្យសន្លប់បានដែរ។
ញ៉ាំអាហារខ្លះ
តើអ្នកជាមនុស្សដែលតមអាហារដោយសារតែចង់សម្រកទម្ងន់ដែរទេ? ដូច្នេះកុំបាច់ភ្ញាក់ផ្អើលអីបើសិនជាអ្នកមានអារម្មណ៍ថាមានអាការៈចម្លែកៗច្រើនដូចជា មានអារម្មណ៍ចង់សន្លប់។ ការដែលញ៉ាំអាហារមិនមានជីវជាតិ អាចធ្វើឲ្យជាតិស្ករក្នុងឈាមចុះទាបខ្លាំង ហើយវាក៏ជាហេតុផលធ្វើឲ្យមានអារម្មណ៍ចង់ខ្យល់គរដែរ។ ដូច្នេះដំណោះស្រាយគឺត្រូវបញ្ឈប់អាហារបែបនេះសិន ហើយត្រូវញ៉ាំអ្វីបន្ថែមទៀត។
បន្ធូរអារម្មណ៍
ពេលខ្លះ ការដែលស្ថិតក្នុងអារម្មណ៍តក់ស្លុតអាចធ្វើឲ្យមានអារម្មណ៍ថាចង់សន្លប់បាន។ អារម្មណ៍ខ្យល់គរ ឬចង់សន្លប់អាចកើតឡើងដោយសារតែអ្នកជំងឺមានបញ្ហាថប់អារម្មណ៍ដែរ។ បើសិនជាវាមានភាពជាក់ស្តែងថា នោះគឺជាការថប់អារម្មណ៍ដែលធ្វើឲ្យអ្នកចង់សន្លប់ ចូរសម្រាកបន្តិចទៅ។ វាពិតជារឿងដ៏ល្អមួយដែលអ្នកត្រូវធ្វើដើម្បីស្វែងរកជំនួយពីគ្រូពេទ្យជំនាញខាងចិត្តសាស្រ្តព្យាបាល ឬគ្រប់គ្រងរោគសញ្ញាមួយនេះ។
ដកដង្ហើមយឺតៗ
ការដែលដកដង្ហើមញាប់ គឺជារឿងមួយដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ចង់សន្លប់បាន។ គ្រូពេទ្យនិយាយថា ការដកដង្ហើមញ៉ាប់អាចធ្វើឲ្យឈាមផ្ទុកអុកស៊ីសែនខាប់ពេក ដែលវាមិនមែនជារឿងល្អឡើយ ព្រោះវាងាយនឹងធ្វើឲ្យមានអារម្មណ៍វិលមុខ ឬធីងធោងបាន។ បើសិនជាអ្នកដកដង្ហើមញ៉ាប់ ហើយវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ចង់សន្លប់ ចូរដកដង្ហើមក្នុងថង់ ហើយដកដង្ហើមជ្រៅៗ។
ចំណាំ៖ បើសិនជាអ្នកហាក់បីដូចជាមានអារម្មណ៍ចង់ខ្យល់គរគ្រប់ពេល ចូរប្រាកដថា អ្នកបានឲ្យគ្រូពេទ្យដឹងអំពីរឿងនេះផង៕