ការបំបៅកូនដោយទឹកដោះ គឺជាធម្មជាតិ និងភាពស្និទ្ធស្នាលបំផុតនៃឥរិយាបថរបស់មនុស្ស ប៉ុន្តែវាមិនមែនជាការងាយស្រួលនោះទេ សម្រាប់ម្តាយថ្មី និងទារកទើបនឹងកើត ។ មិនថាវាលំបាកប៉ុនណានោះទេ ដើម្បីធ្វើវាទៅបាន ដំបូងម្ដាយត្រូវមានការអត់ធ្មត់ ។
ទឹកដោះដំបូង គឺផលិតចេញពីសុដន់របស់ស្ត្រី ក្នុងអំឡុងពេលពពោះ ។ ពេលខ្លះមនុស្សស្រី មិនបានចាប់អារម្មណ៍សង្កេតឃើញទឹកដោះនេះទេ រហូតដល់សម្រាលកូនទើបឃើញ ។ ការពិតទៅទឹកដោះដំបូងនោះ ផលិតក្នុងបរិមាណតិចតួចប៉ុណ្ណោះ ដែលវាសម្បូរទៅដោយអង់ទីករ និងពពួក immunoglobulins ដែលដើរតួជាអ្នកការពារទារកទើបកើតពីបាក់តេរី និងវីរុស ហើយវាក៏ទៅភ្ញោចឲ្យទារកជុះលាមកដំបូង ដែលហៅថាលាមកព្រៃ( meconium) ដែរ ។
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍នៃទឹកដោះដំបូងរបស់អ្នកម្តាយដែលអាចផ្តល់ដល់កូន។ តើមានអ្វីខ្លះទៅ?
ទឹកដោះដំបូង គឺសំខាន់ណាស់សម្រាប់កូនគ្រប់គ្នាដែលទើបនឹងកើត ហើយក៏ជាអាហារដែលចាំបាច់បំផុត ដែលអ្នកម្តាយគួរតែផ្តល់ឲ្យកូន ព្រោះវាអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំ ថែមទាំងអាចជួយកូនឲ្យទប់ទល់នឹងមេរោគទាំងឡាយ មិនងាយឆ្លងជំងឺអ្វីឡើយ ។
ជាពិសេស កូននឹងមិនងាយជួបនឹងអាការៈខ្វះឈាមឡើយ ក្រោយបៅទឹកដោះអ្នកម្តាយ ។ ដូចនេះ អ្នកម្តាយគួរតែឲ្យកូនបៅទឹកដោះដំបូងរបស់អ្នកមិនត្រឹមតែទឹកដោះដំបូងទេ ដោយអ្នកគួរតែប្រើទឹកដោះអ្នកជាអាហាររបស់កូនជំនួសម្សៅទឹកដោះគោវិញ ទើបកូនអាចមានសុខភាពដ៏រឹងមាំមួយ ៕