ប្រសិនបើអ្នកសង្កេតឃើញថា ស្បែកមុខរបស់អ្នកមានស្នាមអុចខ្មៅ ឬ អាចម៍រុយ អ្នកមិនត្រូវមើលរំលងវិធីដោះស្រាយដោយធម្មជាតិនោះទេ។ ភាគច្រើននៃអាចន៍រុយ (ក្រៅពីមហារីក) មិនមែនជាអ្វីដែលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនោះទេ។ វាគ្រាន់តែធ្វើឱ្យយើងមិនសូវស្អាត និង បាត់បង់ភាពជឿជាក់លើខ្លួនឯងប៉ុណ្ណោះ។ អ្នកអាចដោះស្រាយវាបានដោយការទៅពេទ្យ។ តែប្រសិនបើអ្នកចង់សាកដោះស្រាយដោយខ្លួនអ្នកសិន អ្នកអាចដឹងវាបាននៅថ្ងៃនេះ ។
អ្វីដែលមនុស្សស្រីខ្វល់បំផុតនោះគឺ មុខឡើងអាចម៍រុយ និងមុន អាចដោយសារមកពីកត្តាតំណពូជ និងដោយសារមកពីត្រូវកម្តៅថ្ងៃច្រើន ។ តើយើងគួរថែទាំស្បែកមុខបែបម៉េចដើម្បីកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬដើម្បីកាត់បន្ថយអាចម៍រុយច្រើនពេក ?
ហេតុអ្វីមុខយើងឡើងអាចម៍រុយ?
យោងតាមគ្រូពេទ្យរោគសើស្បែកបានឱ្យដឹងថា អាចម៍រុយកើតឡើងដោយសារកត្តាហ្សែន ។ ថ្វីត្បិតតែយើងកើតមកអត់មានអាចម៍រុយ តែហ្សែនរបស់យើងជាអ្នកកំណត់ ហើយនៅពេលយើងត្រូវកម្តៅថ្ងៃច្រើន ស្បែករបស់យើងនឹងឡើងអាចម៍រុយដោយសារតែពន្លឺថ្ងៃជំរុញកោសិកាមេឡាណូស៊ីតឲ្យផលិតសារធាតុពណ៌មេឡានីន ដែលផ្តល់ពណ៌ដល់ស្បែកច្រើន។ការណ៍នេះដោយសារអាចម៍រុយមានទំនាក់ទំនងនឹងហ្សែនដែលគ្រប់គ្រងពណ៌ស្បែក និងសក់របស់យើង។ ហ្សែន MC1R គ្រប់គ្រងបរិមាណសារធាតុពណ៌មេឡានីនទាំងពីរប្រភេទដែលកោសិកាមេឡាណូស៊ីតផលិត។
សារធាតុពណ៌មេឡានីនទាំងពីរប្រភេទមានដូចជា អឺមេឡានីន (eumelanin) ដែលមានពណ៌ត្នោតចាស់ និងភីអូមេឡានីន (pheomelanin) ដែលមានពណ៌ទឹកក្រូច។
សារធាតុពណ៌មេឡានីនទាំងពីរប្រភេទមានដូចជាអឺមេឡានីន (eumelanin) ដែលមានពណ៌ត្នោតចាស់ និងភីអូមេឡានីន (pheomelanin) ដែលមានពណ៌ទឹកក្រូច។
ប្រសិនបើហ្សែន MC1R របស់យើងអសកម្ម កោសិកាមេឡាណូស៊ីតនឹងផលិតភីអូមេឡានីនច្រើន ហើយធ្វើឱ្យយើងមានសក់ពណ៌រាងក្រហម ឬពណ៌ទង់ដែង និងមានស្បែកពណ៌លឿងដែលយើងហៅសាមញ្ញថា ស ហើយងាយនឹងឡើងអាចម៍រុយ ព្រោះភីអូមេឡានីនមិនមិនអាចការពារស្បែកយើងពីការបំផ្លាញរបស់កាំរស្មីព្រះអាទិត្យទេ។
ជាក់ស្តែង ខាងក្រោមនេះជាតិចនិកថែរក្សាស្បែកមុខកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬដើម្បីកាត់បន្ថយពណ៌របស់អាចម៍រុយ ៖
១. ចៀសវាងត្រូវកម្តៅថ្ងៃ
កាលណាស្បែកមុខយើងត្រូវពន្លឺថ្ងៃយូរ អាចម៍រុយនៅលើមុខនឹងឡើងកាន់តែច្រើន ហើយឡើងកាន់តែដិត។ ដូច្នេះយើងត្រូវចៀសវាងហាលថ្ងៃនៅចន្លោះពីម៉ោង ១០ ព្រឹកដល់ម៉ោង ៤ ល្ងាចដែលជាពេលពន្លឺព្រះអាទិត្យមានកម្តៅខ្លាំង។
ការធ្វើបែបនេះក៏អាចជួយការពារស្បែកមុខ ពីការការឡើងអាចម៍រុយកាន់តែច្រើន និងជួយកាត់បន្ថយពណ៌អាចម៍រុយនៅលើស្បែកមុខរបស់យើងដែរ ។ ប្រសិនបើយើងត្រូវចេញក្រៅ យើងត្រូវលាបក្រែមការពារកម្តៅថ្ងៃដែលមាន SPF ចាប់ពី ៣០ ឡើងទៅ ហើយអាចការពារបានទាំងកាំរស្មី UVA និង UVB មុន ៣០ នាទី។ ពិសេសជាងនេះទៅទៀត យើងត្រូវពាក់មួកដែលមានគែមធំទូលាយ ឬត្រូវប្រើឆ័ត្រដើម្បីការពារស្បែកមុខយើងពីពន្លឺថ្ងៃ។
២. ខាត់ស្បែកមុខឱ្យបានទៀងទាត់
ការខាត់ស្បែកម្តងក្នុងមួយសប្តាហ៍អាចជម្រុះកោសិកាស្បែកងាប់ចេញ ធ្វើឱ្យស្បែកមុខយើងមានសុខភាពល្អ និងជួយកាត់បន្ថយពណ៌របស់អាចម៍រុយនៅលើមុខ។ ការខាត់ស្បែកក៏ជួយឱ្យស្បែកមុខរបស់យើងអាចស្រូបយកសារធាតុចិញ្ចឹមពីផលិតផលថែមុខផ្សេងៗបានល្អដែរ។
៣. ចៀសវាងប្រើផលិតផលមានសមាសធាតុផ្សំពី Retinol
លោកស្រីវេជ្ជបណ្ឌិត Jaliman ឯកទេសរោគសើស្បែកបានលើកឡើងថា អ្នកដែលមុខឡើងអាចម៍រុយគួរកែប្រែទម្លាប់ថែរក្សាស្បែកមុខ ។ ការប្រើផលិតផលដែលមានសមាសធាតុផ្សំពី Retinol (វីតាមីន A) អាចធ្វើឱ្យស្បែករបស់យើងងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យ ។ ប្រសិនបើយើងចង់ប្រើផលិតផលដែលមានសមាសធាតុផ្សំពី Retinol យើងគួរប្រើតែនៅពេលយប់ដើម្បីចៀសវាងត្រូវពន្លឺថ្ងៃ។
៤.ពិនិត្យមើលរបបអាហារអ្នកឡើងវិញ
អ្វីដែលអ្នកញ៉ាំ អាចប៉ះពាល់ដល់សុខភាពស្បែករបស់អ្នក។ ត្រូវប្រាកដថា អ្នកកំពុងញ៉ាំអាហារមានជីវជាតិល្អសម្រាប់ស្បែក។ វាអាចជួយការពារការឡើងស្នាមអុចខ្មៅ និង បន្ថយអាការៈ ដោយសារការទប់ស្កាត់ទៅលើការស្ត្រេសលើកោសិកា ដែលបណ្តាលមកពី អតុល្យភាពអ័រម៉ូន ការឆ្លងមេរោគ និងការប៉ះពាល់នឹងកម្តៅព្រះអាទិត្យ។ អាហារមួយចំនួនដែលអាចជួយកាត់បន្ថយការឡើងស្នាមអុចខ្មៅ គឺ ផ្លែទទឹម, ស្ពៃខ្មៅ, ខាត់ណានិងការ៉ុត។ ពួកគេអាចផ្តល់ឱ្យរាងកាយរបស់អ្នកនូវវីតាមីន ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងខ្លាញ់ល្អដែលស្បែករបស់អ្នកត្រូវការ។ វាក៏សំខាន់ផងដែរក្នុងការទទួលទានទឹកឱ្យបានគ្រប់គ្រាន់។
មុខយើងឡើងអាចម៍រុយមានន័យថា ស្បែកមុខយើងងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យណាស់ ហើយក៏ងាយខូចដោយសារការបំផ្លាញពីកាំរស្មី UVA និង UVB របស់ពន្លឺព្រះអាទិត្យដែរ ។ ដូច្នេះយើងត្រូវលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំ ទោះបីនៅរដូវរងា ឬរដូវភ្លៀងក៏ដោយ ៕