លុះត្រាតែអ្នកទទួលទានបន្លែ, ផ្លែឈើ, គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិជាប្រចាំទើបអ្នកមិនបាត់បង់នូវជាតិសសៃដែលរាងកាយត្រូវការដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ។ ថាតើជាតិសសៃមានសារៈសំខាន់យ៉ាងណាខ្លះទៅ? (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកគួរដឹងជាមុនសិនថា ជាធម្មតាជាតិសសៃមានពីរប្រភេទ គឺជាតិសសៃរលាយដែលភាគច្រើនមានផ្ទុកក្នុងគ្រាប់ធញ្ញជាតិ, សណ្ដែក, ប៊្លូបឺរី និងត្រសក់។ រីឯមួយប្រភេទទៀត គឺជាតិសសៃមិនរលាយដែលមានផ្ទុកក្នុងបន្លែបៃតង, បន្លែភ្លៅកង្កែប, សណ្ដែកខៀវ និងការ៉ុត។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានអាហារមានផ្ទុកជាតិសសៃ ៖
១. សុខភាពបេះដូង
ហានិភ័យនៃជំងឺបេះដូងធ្លាក់ចុះដល់ទៅ ៩ ភាគរយ ក្នុង ៧ ក្រាមនៃការទទួលទានអាហារមានផ្ទុកជាតិសសៃជាប្រចាំ។ នោះក៏ព្រោះតែជាតិសសៃមានប្រសិទ្ធិភាពកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។
២. គ្រប់គ្រងជាតិស្ករក្នុងឈាម
ជាតិសសៃរលាយអាចជួយពន្យឺតការស្រូបយកជាតិស្កររបស់រាងកាយ ហើយក៏ជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។
៣. សុខភាពខួរក្បាល
ការបន្ថែមជាតិសសៃត្រឹមតែ ៧ ក្រាមចូលក្នុងរបបអាហារប្រចាំថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលបានយ៉ាងហោចណាស់ ៧ ភាគរយឯណោះ។
៤. ព្យាបាល និងទប់ស្កាត់អាការៈទល់លាមក
ជាតិសសៃមានប្រសិទ្ធិភាពជួយសម្រួលដល់ការរំលាយអាហារ និងបន្ទន់លាមក ក៏ដូចជាកាកសំណល់ឱ្យឆ្លងកាត់ប្រព័ន្ធរំលាយអាហារបានឆាប់រហ័ស។
៥. សុខភាពសួត
ជាតិសសៃ Dietary fiber ជួយបំបាត់ការរលាកតាមប្រព័ន្ធក្នុងរាងកាយ និងថែមទាំងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗបង្កឡើងដោយការរលាក រួមទាំងជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ផងដែរ។
៦. សុខភាពតម្រងនោម
ការទទួលទានជាតិសសៃច្រើនជាង ២១ ក្រាមជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងតម្រងនោមបានដល់ទៅ ២២ ភាគរយ។
៧. សុខភាពពោះវៀន
ការបន្ថែមជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃអាចជួយគ្រប់គ្រងតុល្យភាពនៃបាក់តេរីសុខភាពល្អសម្រួលដល់ដំណើរការនៃការរំលាយអាហារ។
៨. ជួយឱ្យស្រកទម្ងន់
អ្នកដែលបង្កើនជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃដល់ទៅ ៣០ ក្រាម ឬច្រើនជាងនេះ គឺអាចស្រកទម្ងន់បានដូចទៅនឹងអ្នកដែលតមអាហារដែរ។
៩. សុខភាពស្បែក
ជាតិសសៃជួយកម្ចាត់រោគផ្សិតចេញពីរាងកាយដែលធ្វើឱ្យស្បែកជៀសផុតពីបញ្ហាកន្ទួលរមាស់,ឡើងរោលក្រហម ឬរោគមុន៕