ឪពុកម្តាយប្រភេទខាងក្រោមនេះ គួរតែផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ ហើយមិនគួរដាក់សម្ពាធលើកូនឡើយ ក្រែងលោពួកគេងាយនឹងកើតជំងឺបាក់ទឹកចិត្ត។
ឪពុកម្តាយរំពឹងច្រើនពេកពីកូន
ឪពុក និងម្តាយ តែងតែចង់ឱ្យកូនរបស់ពួកគេក្លាយជាមនុស្សដែលមានទេពកោសល្យ និងពូកែ ។ ពីព្រោះឪពុកម្តាយបានបង្ខំកូនៗឱ្យធ្វើតាមការណែនាំរបស់ពួកគេយ៉ាងតឹងរ៉ឹង ។ ឪពុកម្តាយប្រភេទទាំងនេះ ច្រើនតែចូលចិត្តកំណត់ពេលវេលាសម្រាប់កូនៗ ដើម្បីសិក្សា ឬអនុវត្តតាមការចូលចិត្តរបស់ពួកគេយ៉ាងជាក់លាក់។
នេះ គឺជាភាពតឹងរ៉ឹងដែលនឹងធ្វើឱ្យក្មេងស្តាប់បង្គាប់ដោយសារតែការភ័យខ្លាច ដោយគ្មានការប្រកែក និងមិនបង្ហាញពីភាពមិនស្រួល។ ហើយយូរៗ ទៅកុមារទាំងនោះ អាចដកខ្លួនចេញ ហើយមានមិត្តភក្តិតិចតួច ពិបាករួមបញ្ចូលជាមួយមិត្តភក្តិនៅជុំវិញ។ កុមារទាំងនេះ ដោយសារតែពួកគេចង់ផ្គាប់ចិត្តឪពុកម្តាយ គេក៏នឹងមានបំណងចង់ផ្គាប់ចិត្តអ្នកដទៃទោះបីជាពួកគេមិនសប្បាយចិត្តខ្លួនឯងក៏ដោយ។ ជារឿយៗក្មេងៗត្រូវបង្ក្រាបអារម្មណ៍របស់ពួកគេដែលធ្វើឱ្យពួកគេលែងសប្បាយចិត្ត ហើយក្លាយជាធ្លាក់ទឹកចិត្ត។
ឪពុកម្តាយមិនខ្វល់ពីអារម្មណ៍កូន
ឪពុកម្តាយជាច្រើន ដោយសារតែពួកគេចង់បង្ហាត់បង្រៀនកូនឱ្យកាន់តែរឹងមាំ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូនរបស់ពួកគេដោយចៃដន្យ។ នៅពេលដែលក្មេងៗចង់យំ ឪពុកម្តាយតែងតែបង្រៀនកូនៗរបស់ពួកគេឱ្យរឹងមាំកុំឱ្យពួកគេយំ។ នៅពេលដែលកូនពិបាកចិត្ត ឪពុកម្តាយគិតថាគ្មានអ្វីត្រូវសោកស្តាយឡើយ។ វា គឺជាការពិតដែលថាឪពុកម្តាយច្រើនតែមិនខ្វល់ពីអារម្មណ៍កូនៗ របស់ពួកគេ ដូច្នេះរយៈពេលយូរ ក្មេងងាយនឹងធ្លាក់ទឹកចិត្ត។ ដូច្នេះឪពុកម្តាយគួរតែយកចិត្តទុកដាក់ចំពោះអារម្មណ៍កូន ៗ របស់ពួកគេឱ្យបានញឹកញាប់ ព្រោះក្មេងតូចមិនដូចមនុស្សធំទេ។
ឪពុកម្តាយមិនអើពើនឹងការខិតខំរបស់កូនៗ
ឪពុកម្តាយជាច្រើនដោយសារតែពួកគេចង់ឱ្យកូនរបស់ពួកគេល្អប្រសើរ មានទម្លាប់ប្រៀបធៀបកូនជាមួយកូនអ្នកដទៃ។ នេះ គឺជាការប្រមាថកុមារ ជាពិសេសការជេរប្រមាថពួកគេនៅចំពោះមុខអ្នកដទៃ ដែលនេះជារបៀបដែលឪពុកម្តាយកំពុងធ្វើឱ្យការគោរពខ្លួនឯងរបស់កូនៗ ធ្លាក់ចុះ។ ថ្វីត្បិតតែកូនរបស់អ្នកបានព្យាយាមយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែការខិតខំនោះមិនស្មើនឹងអ្នកដ៏ទៃឡើយ។ ដូច្នេះ ឪពុកម្តាយជាច្រើនតែងតែព្រងើយកន្តើយនឹងការខិតខំប្រឹងប្រែងរបស់កូនៗ ធ្វើឲ្យពួកគេពិបាកចិត្ត។
កុមារដែលឪពុកម្តាយតែងតែជេរប្រមាថ ប្រៀបធៀប ឬព្រងើយកន្តើយ នឹងការខិតខំរបស់ពួកគេងាយនឹងធុញទ្រាន់។ ពួកគេមិនចង់ចែករំលែកអ្វីជាមួយឪពុកម្តាយរបស់ពួកគេទៀតទេ ហើយងាយនឹងក្លាយជាក្មេងស្ងប់ស្ងាត់ និងធ្លាក់ទឹកចិត្ត៕