យោងទៅតាមគ្រូពេទ្យជំនាញខាងរោគកុមារ ការដែលក្មេងក្តៅខ្លួនខ្លាំង វាគ្រាន់តែជារោគសញ្ញាមួយប៉ុណ្ណោះ តែមិនមែនជាជំងឺធ្ងន់ធ្ងរលើកុមារឡើយ ។ ដូច្នេះហើយឪពុកម្តាយមិនបាច់ភ័យខ្លាច ឬបារម្ភច្រើនពេកទេ តែត្រូវធ្វើចិត្តឲ្យស្ងប់វិញ ។ ការដែលក្មេងក្តៅខ្លួនវា គឺជាប្រតិកម្មដ៏ល្អមួយនៃរាងកាយរបស់ក្មេងនៅពេលពួកគេត្រូវបានឆ្លងជំងឺដោយវីរុស ។
បើសិនជាកូនតូចអ្នកក្តៅខ្លួន តែនៅតែអាចញ៉ាំអាហារ និងលេងធម្មតាបានមិនរញ៉ាំរញ៉ូវ អ្នកមិនបាច់បារម្ភអី ព្រោះការបង្ករោគរបស់ពួកគេនឹងបាត់ទៅវិញលឿនទេ។ ដូច្នេះបើសិនជាកូនក្តៅខ្លួនលើកក្រោយ ឪពុកម្តាយគួរតែចងចាំថា មិនត្រូវធ្វើរឿងទាំងអស់ខាងក្រោមនេះឡើយបើសិនជាមិនចង់ស្តាយក្រោយមួយជីវិត៖
បិតបង់ស្អិតបញ្ចុះកម្តៅនៅថ្ងាស
៩៩ភាគរយនៃម្តាយគ្រប់រូបគិត និងធ្វើរឿងនេះដំបូងគេ។ ពួកគេមិនបានដឹងថា វាមិនគ្រាន់តែមានតម្លៃថ្លៃទេ តែក៏មិនមានប្រយោជន៍អ្វីដែរ។ យ៉ាងណាមិញ បត់ស្អិតបញ្ចុះកម្តៅដែលបិតនៅថ្ងាស់ប្រហែលជាមិនបង្កគ្រោះថ្នាក់អ្វីដល់ក្មេងដែរ។
ខ្ចប់ទឹកកក្នុងកន្សែង ហើយយកទៅជូតខ្លួនកូន
មានឪពុកម្តាយមួយចំនួនតូចដែលដឹងថា វាគឺជាទង្វើរដែលមិនត្រឹមត្រូវទេ ដោយសារតែវានឹងបង្កគ្រោះថ្នាក់ដល់កូនបាន និងធ្វើឲ្យក្មេងអាចខ្សោយផ្លូវដង្ហើមបានដោយសារត្រជាក់ពេក។ ជាពិសេស ក្មេងដែលក្តៅខ្លួនដោយសារការបង្ករោគដូចជា ជំងឺរលាកសួត វិធីសាស្ត្រនេះនឹងធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរថែមទៀត។ បើសិនជាកូនក្តៅខ្លួនក្រោម ៣៨.៥អង្សារ ឪពុកម្តាយមិនត្រូវឲ្យកូនលេបថ្នាំបញ្ចុះកម្តៅឡើយ។ ជាមួយគ្នានេះដែរ មិនត្រូវឲ្យកូនលេបថ្នាំក្នុងពេលដែលគេប្រកាច់ភ្លាមៗដែរ ព្រោះវានឹងធ្វើឲ្យគ្រូពេទ្យពិបាកកំណត់រោគវិនិច្ឆ័យជំងឺ។
បិទទ្វារ
នៅពេលកំពុងតែក្តៅខ្លួន មិនត្រូវប្រើភួយដណ្តប់ឲ្យជិត ឬមិនត្រូវបិទទ្វារឲ្យជិតឡើយ តែត្រូវបើកទ្វារប្រើកង្ហារ ដូច្នេះវានឹងជួយផ្តល់នូវខ្យល់ដែលស្អាតនៅក្នុងផ្ទះបាន។ វិធីនេះ ក្មេងនឹងមានអារម្មណ៍ថាត្រជាក់ខ្លួន និងហើយក្នុងខ្លួនក៏មានកម្តៅល្មមវិញដែរ៕