បេះដូង គឺជាសរីរាង្គដ៏សំខាន់បំផុតមួយក្នុងរាងកាយ ហើយវាក៏ច្រើនតែរងការប៉ះពាល់ច្រើនផងដែរ ដោយសាររបៀបរស់នៅ និងរបបអាហារមិនបានត្រឹមត្រូវ ជាពិសេសអាហារកៃឆ្នៃតែម្តង។ បើសិនជាអ្នកបារម្ភក្រែងបេះដូងប្រឈមនឹងការខូចខាត ដោយសារតែអាហារដែលអ្នកញ៉ាំ ដូច្នេះអ្នកគ្រាន់តែផ្លាស់ប្តូរអាហារណាដែលល្អចំពោះសុខភាព នោះអ្វីៗនឹងល្អប្រសើរជាងមុនហើយ។ ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវអាហារមួយចំនួនដែលល្អចំពោះសុខភាពបេះដូងមនុស្សយើង៖
ផ្លែឪឡឹក
សម្រាប់អ្នកដែលចង់រក្សាបេះដូងឲ្យមានសុខភាពល្អ ការញ៉ាំផ្លែឪឡឹកនឹងអាចជួយបាន។ តើអ្វីទៅដែលធ្វើឲ្យផ្លែឈើនេះល្អខ្លាំង? នេះដោយសារតែ វាមានកាឡូរីទាប តែមានជាតិសរសៃខ្ពស់ ព្រមទាំងមានអង់ទីអុកស៊ីដង់ច្រើនទៀត។ ពណ៌ក្រហមរបស់ផ្លែឪឡឹកផ្ទុកទៅដោយសារធាតុ Lycopene ដែលល្អចំពោះសុខភាពបេះដូង។ ក្រៅពីនេះ ផ្លែឪឡឹកគឺជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A និង C ម៉ាញ៉េស្យូម និងប៉ូតាស្យូមដែរ។
យ៉ាអួរ
ភាគច្រើនគេញ៉ាំយ៉ាអួរដើម្បីសម្រកទម្ងន់ ប៉ុន្តែតើអ្នកមានដឹងថា វាមានប្រយោជន៍ចំពោះសុខភាពបេះដូងទេ? ការញ៉ាំយ៉ាអួរមានប្រយោជន៍ច្រើនណាស់ ហើយមួយក្នុងនោះគឺជួយរក្សាអញ្ចាញធ្មេញឲ្យមានសុខភាពល្អ ហើយការពារបេះដូងថែមទៀត។ ការញ៉ាំយ៉ាអួរ នឹងផ្តល់ជាវីតាមីន ជាតិរ៉ែ ព្រមទាំងប្រូបាយអូទិចដែលមានប្រយោជន៍ដល់ការរំលាយអាហារ។
បន្លែ និងផ្លែឈើ
ការញ៉ាំបន្លែនិងផ្លែឈើច្រើនគឺជាអ្វីដែលអាចជួយដល់សុខភាពបេះដូងបានហើយ។ គ្រូពេទ្យភាគច្រើនតែងតែណែនាំឲ្យអ្នកញ៉ាំបន្លែ និងផ្លែឈើយ៉ាងហោចណាស់ ៣ភាគបួននៃអាហារដែលញ៉ាំមួយពេលៗ ដោយសារតែវានឹងផ្តល់នូវជីវជាតិដ៏មានប្រយោជន៍ច្រើនដូចជា វីតាមីន និងជាតិរ៉ែ រួមទាំងអង់ទីអុកស៊ីដង់ ដែលអាចបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ពង្រឹងសុខភាពបេះដូង និងជួយដល់ការសម្រកទម្ងន់ថែមទៀត។
ប៉េងប៉ោះ
ការញ៉ាំផ្លែប៉ោមត្រូវបានគ្រូពេទ្យណែនាំច្រើនណាស់ ដោយសារតែវាមានសារធាតុ Lycopene ដែលអាចការពារបេះដូងពីការខូចខាតបាន។ អ្នកអាចធ្វើទឹកប៉េងប៉ោះញ៉ាំដោយខ្លួនឯង ឬក៏ប្រើវាជាគ្រឿងផ្សំធ្វើម្ហូបកាន់តែល្អថែមទៀត។
សណ្តែកដី
វាតែងតែជាគំនិតដ៏ល្អមួយក្នុងការបន្ថែមសណ្តែកដីទៅក្នុងរបបអាហារ បើសិនជាចង់ការពារសុខភាពរបស់បេះដូង ព្រោះថា សណ្តែកដីសម្បូរទៅដោយជាតិខ្លាញ់ផ្តល់សុខភាព ហើយល្អចំពោះបេះដូងទៀត។ ទាំងនេះហើយគឺជារឿងល្អដែលអ្នកអាចប្រើប្រាស់សណ្តែកដីធ្វើជារបបអាហារដើម្បីទទួលនៅថ្ងៃក្រោយបាន៕