ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ហើយថា ក្រូចទ្រើង ឬផាស្សិន គឺជាផ្លែឈើមួយប្រភេទដែលមានគ្រាប់ច្រើន រួមជាមួយនឹងរសជាតិជូរស្រស់ ហើយផ្លែនេះសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ គេអាចយកផ្លែក្រូចទ្រើងទៅធ្វើជាភេសជ្ជៈ, បង្អែម, លាយក្នុងស្រាក្រឡុក ឬទទួលទានសាច់វាសុទ្ធតែម្ដងក៏បាន។ បើទោះជាចូលចិត្ត ឬឧស្សាហ៍ទទួលទានក៏ដោយ ប៉ុន្តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា ផ្លែក្រូចទ្រើងអាចផ្ដល់អត្ថប្រយោជន៍ល្អប្រសើរចំពោះសុខភាពបាន ។
នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកនូវសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺផ្សេងៗគួរឲ្យកត់សម្គាល់ ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីសារៈសំខាន់នៃការទទួលទានផ្លែក្រូចទ្រើង ដើម្បីរក្សាបាននូវសុខភាពរាងកាយល្អរឹងមាំ៖
១. គ្រប់គ្រងសម្ពាធឈាម
គ្រាន់តែទទួលទានផ្លែក្រូចទ្រើង ១ ផ្លែ ជាប្រចាំនោះរាងកាយនឹងទទួលបាននូវជាតិប៉ូតាស្យូមគ្រប់គ្រាន់តាមតម្រូវការ។ ប៉ូតាស្យូម គឺចាំបាច់ណាស់ក្នុងការជម្រុញបង្កើនលំហូរឈាម និងកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់។ លើសពីនេះទៅទៀត កាលណាលំហូរឈាមប្រក្រតី ហើយកម្រិតសម្ពាធឈាមត្រឹមត្រូវនោះ គឺជួយបង្កើនសុខភាពបេះដូងល្អប្រសើរ និងកាត់បន្ថយសម្ពាធលើបេះដូងផងដែរ។
២. ជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ
ផ្លែក្រូចទ្រើង មានផ្ទុកសម្បូរទៅដោយវីតាមីន A និង វីតាមីន C ព្រមទាំងសារជាតិ phytonutrients ដែលជួយរក្សា និងធ្វើឲ្យមុខងារនៃប្រព័ន្ធភាពស៊ាំរាងកាយមានលក្ខណៈកាន់តែប្រសើរឡើង។ ការទទួលទានផ្លែឈើនេះទៀងទាត់នឹងធ្វើឲ្យអ្នកអាចជៀសផុតពីជំងឺទូទៅដូចជា ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ និងរោគឆ្លងមួយចំនួនទៀត។
៣. សុខភាពសសៃឈាមបេះដូង
ផ្លែក្រូចទ្រើង គឺជាផ្លែឈើដែលមានផ្ទុកជាតិខ្លាញ់ទាប និងស្ទើតែគ្មានជាតិកូឡេស្តេរ៉ូល ដែលល្អសម្រាប់សុខភាពបេះដូង ក៏ដូចជាសសៃឈាមបេះដូង។ លើសពីនេះទៅទៀត ផ្លែក្រូចទ្រើង ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អក្នុងឈាម ហើយបង្កើនកូឡេស្តេរ៉ូលល្អជំនួសវិញ។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាកូឡេស្តេរ៉ូលមិនល្អ គឺជាសត្រូវលេខមួយនៃបេះដូង។
៤. ទប់ស្កាត់ជំងឺមហារីក
ផ្លែក្រូចទ្រើង ក៏ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់រ៉ាឌីកាល់សេរីបង្ការជំងឺមហារីកមិនឲ្យកើតមានឡើង។ វាក៏មានផ្ទុកនូវសារធាតុ flavonoids, វីតាមីន C និង phenolic ដែលសុទ្ធតែជាសារធាតុមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរីកលូតលាស់នៃជំងឺមហារីក ជាពិេសសមហារីកសួត និងមហារីកមាត់ធ្មេញ។
៥. សុខភាពប្រព័ន្ធរំលាយអាហារ
ផ្លែក្រូចទ្រើង មានផ្ទុកនូវជាតិសសៃរលាយខ្ពស់ដែលល្អប្រសើរចំពោះដំណើរការនៃការរំលាយអាហារ និងចលនានៃពោះវៀន។ ការទទួលទានផ្លែក្រូចទ្រើងជួយអ្នកឲ្យជៀសផុតពីបញ្ហាទាក់ទងនឹងការរំលាយអាហារដូចជា អាការៈទល់លាមក និងសូម្បីតែជំងឺមហារីកពោះវៀន។
៦. បង្កើនសុខភាពភ្នែក
ផ្លែផាស្សិន គឺជាប្រភេទនៃអាហារដែលល្អបំផុតមួយសម្រាប់សុខភាពភ្នែក ដោយវាមានផ្ទុកបរិមាណខ្ពស់នៃវីតាមីន A, វីតាមីន C និងសារធាតុ flavonoids។ សារធាតុ និងវីតាមីនទាំងនេះជួយការពារភ្នែកមិនឲ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី និងការពារភ្នាសទឹករំអិលដែលជាខែលការពារភ្នែកផងដែរ៕