បើសិនជាអ្នកមានអាការៈឈឺចាប់ ក្អួត ចង្អោរ រាគរូស ឬរោគសញ្ញាផ្សេងៗទៀត ដែលទាក់ទងនឹងបញ្ហាក្រពះ អ្នកពិតជាចង់អោយវាបាត់ទៅវិញខ្លាំងណាស់ ។ សំណាងដែរ បញ្ហាក្រពះ ភាគច្រើន គឺមានរយៈពេលខ្លីទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ការជ្រើសរើសអាហារដើម្បីទទួលទានខុសនៅពេលចាប់ផ្តើមញ៉ាំអាហារនោះ វាប្រហែលជាធ្វើអោយបញ្ហាកាន់តែធ្វើទុក្ខដល់អ្នកធ្ងន់ធ្ងរទៀតបាន។ ខាងក្រោមនេះ គឺជាអាហារដែលអ្នកគួរជៀសវាង ។

ស្ករកែច្នៃ
អាហារផ្អែមខ្លាំងដូចជា អាហារមានជាតិស្ករកែច្នៃច្រើន សុទ្ធតែអាចធ្វើអោយកម្រិតអាំងស៊ុយលីនក្នុងខ្លួនកើនឡើង និងជាតិស្ករក្នុងឈាមមានការឡើងចុះៗបាន ។ ទោះបីជារឿងនេះប្រហែលជាមិនប៉ះពាល់លើក្រពះផ្ទាល់ក៏ដោយ ក៏វាអាចធ្វើអោយអ្នកមានអារម្មណ៍បែកញើសសើមស្អិត និងញ័រសាច់ ហើយវាក៏នឹងមិនធ្វើអោយស្ថានភាពទូទៅ ជាពិសេសការឈឺក្រពះស្រួលបួលមកវិញដែរ។
អាហារធ្វើពីទឹកដោះគោ
ផលិតផលធ្វើពីទឹកដោះគោដូចជា ទឹកដោះគោ និងហ្វ្រូម៉ាត សុទ្ធតែជាអាហារដែលអ្នកមិនគួរទទួលទាននៅពេលមានបញ្ហាឈឺក្រពះ។ រឿងមួយទៀតដែលអ្នកគួរយល់ដឹងគឺថា អត្រាប្រជាជនច្រើនជាងពាក់កណ្តាលនៃប្រជាជនទាំងអស់លើពិភពលោក មានបញ្ហាមិនទទួលយកសារធាតុ Lactose មានន័យថា ពួកគេខ្វះអង់ស៊ីមសំខាន់ៗសម្រាប់រំលាយអាហារធ្វើពីទឹកដោះគោ។
ប៉ុន្តែ ទោះបីជាអ្នកមិនមានបញ្ហានេះក៏ដោយ ក៏ការបង្ករោគដោយវីរុស ឬបាក់តេរី អាចប៉ះពាល់ដល់សារអង់ស៊ីមសម្រាប់រំលាយជាតិ Lactose ដែរ (Lactase) ព្រមទាំងធ្វើអោយអ្នកបាត់បង់សមត្ថភាពក្នុងការរំលាយជាតិ Lactose បណ្តោះអាសន្ន ឬរហូតទៀតផង។
សូកូឡា និងជាតិកាហ្វេអ៊ីន
មូលហេតុដ៏សំខាន់ដែលធ្វើអោយជាតិកាហ្វេអ៊ីន និងសូកូឡាធ្វើអោយរលាក ឬឈឺក្រពះនោះគឺ វាធ្វើអោយសាច់ដុំខ្ជឹបលើក្រពះសម្រាក ដែលជាហេតុនាំអោយច្រាលទឹកអាស៊ីតឡើងមកលើបាន។ ជាតិកាហ្វេអ៊ីន ក៏អាចធ្វើអោយលាមកទន់ ដូច្នេះ វាពិតជាមិនល្អទេ បើសិនជាអ្នកមានបញ្ហារាគរូសហើយនោះ។ ចំណែកឯសូកូឡាដែលផ្ទុកទៅដោយផលិតផលធ្វើពីទឹកដោះគោ អាចនឹងពិបាករំលាយចំពោះអ្នកដែលមានបញ្ហាមិនអាចទទួលយកសារធាតុ Lactose បាន ឬអាលែកស៊ីនឹងវា។
អាហារសម្បូរជាតិអាស៊ីត
ផ្លែឈើជូរៗ ព្រមទាំងផលិតផលដែលធ្វើពីប៉េងប៉ោះ សុទ្ធតែមានឥទ្ធិពលខ្លាំងដែលនាំអោយអាស៊ីតក្រពះច្រាលចេញទៅខាងលើវិញណាស់។ ខណៈពេលដែលទឹកផ្លែប៉ោមមិនបង្កបញ្ហាអ្វីនោះ តែទឹកក្រូចពិតជាមិនមែនជម្រើសដ៏ល្អបំផុតនោះទេ៕