តើអ្នកមានដឹងទេថា វាមិនមែនមានតែអាហារដែលអ្នកញ៉ាំទេ តែអ្វីដែលអ្នកផឹកក៏អាចធ្វើឲ្យរលាកសន្លាក់បានដែរ ។ ខណៈពេលដែល ការញ៉ាំកាហ្វេនៅពេលព្រឹកអាចជារឿងឆ្លាតវៃមួយ ហើយក៏ទទួលបានអង់ទីអុកស៊ីដង់ច្រើនសម្រាប់រាងកាយពេញមួយថ្ងៃ តែការញ៉ាំភេសជ្ជៈផ្អែមវិញ អាចមិនល្អចំពោះសុខភាព ហើយក៏អាចងាយនឹងឈឺសន្លាក់បានដែរ។
ខាងក្រោមនេះ ខ្ញុំសូមណែនាំភេសជ្ជៈមួយចំនួន ដែលត្រូវបានគេរកឃើញថា អាចជួយបន្ថយអាការៈ ឬការកើតការរលាកសន្លាក់បាន ។
ទឹកផ្លែឈើ
ទឹកផ្លែប៉េងប៉ោះ ក្រូច ការ៉ុត និងម្នាស់សម្បូរទៅដោយវីតាមីន C ដែលវាសម្បូរទៅដោយអង់ទីអុកស៊ីដង់ សម្រាប់បន្សាបរ៉ាឌីកាលសេរីដែលនាំឲ្យមានការរលាកបាន។ ទឹកផ្លែឈើរីត្រូវបានគេរកឃើញថា អាចបន្ថយអាការៈរលាកឆ្អឹងខ្ចីក្នុងសន្លាក់ និងការពារជំងឺរលាកសន្លាក់ហ្គោដកុំឲ្យធ្វើទុក្ខទៀត។
ទឹកដោះគោ
អ្នកខ្លះនិយាយថា យើងគួរតែញ៉ាំអាហារណាកុំឲ្យមានជាតិទឹកដោះគោនៅពេលមានការរលាកសន្លាក់ ប៉ុន្តែវាមិនមានការស្រាវជ្រាវណាមួយគាំទ្រដល់រឿងនេះទេ។ ការសិក្សាបានបង្ហាញថា វាមិនមានអ្វីខុសគ្នារវាងអ្នកជំងឺរលាកសន្លាក់ Rhumatoid Arthritis ដែលញ៉ាំអាហារមិនមានជាតិទឹកដោះគោ និងអ្នកញ៉ាំអាហារមានជាតិទឹកដោះគោឡើយ។ ការញ៉ាំទឹកដោះគោប្រហែលជាជួយបង្ការជំងឺរលាកសន្លាក់ហ្គោដ និងទប់ស្កាត់ការវិវត្តន៍របស់ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ផង។
ស្រាក្រហម
ស្រាក្រហមផ្ទុកទៅដោយសារធាតុ Resveratrol ដែលត្រូវបានគេស្គាល់ថា មាននាទីប្រឆាំងការរលាក។ ការញ៉ាំស្រាក្រហមទៀងទាត់ត្រូវបានគេរកឃើញថា មានជាប់ទាក់ទងការថយចុះការប្រឈមនឹងជំងឺរលាកសន្លាក់ប្រភេទ Rhumatoid Arthritis និងរលាកឆ្អឹងខ្ចីក្នុងសន្លាក់។ ប៉ុន្តែអ្នកត្រូវតែញ៉ាំវាក្នុងកម្រិតមធ្យមបានហើយ ដោយបុរសអាចញ៉ាំពីរកែវក្នុងមួយថ្ងៃ និងស្ត្រីបាន ១កែវ។
តែ
តែស បៃតង និងខ្មៅសម្បូរទៅដោយសារធាតុ Polyphenols ដែលមានឥទ្ធិពលជាសារធាតុប្រឆាំងការរលាក។ កម្រិតដ៏ខ្ពស់របស់សារធាតុនេះ ឬ Epigallocatechin 3-gallate (EGCG) មានប្រយោជន៍ណាស់ ជាពិសេសតែបៃតងតែម្តង។ វាមានសមត្ថភាពខ្លាំងជាងវីតាមីន E និង C រហូតដល់ ១០០ដងឯណោះ។ ការសិក្សាបានបង្ហាញថា វាអាចជួយថែរក្សាឆ្អឹង និងឆ្អឹងខ្ចីលើអ្នកជំងឺរលាកសន្លាក់បាន។
ទឹក
ការញ៉ាំទឹកគ្រប់គ្រាន់គឺជារឿងសំខាន់សម្រាប់ច្រោះជាតិពុលក្នុងរាងកាយ ដែលអាចជួយប្រឆាំងការរលាកបាន។ ការញ៉ាំទឹកបានគ្រប់គ្រាន់ក៏អាចជួយថែរក្សាសន្លាក់មានភាពរអិលស្រួល ខណៈពេលជួយបង្ការការធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ហ្គោដផង។ ការញ៉ាំទឹកមុនពេលបាយ ក៏អាចជួយឲ្យញ៉ាំអាហារកាន់តែតិច ដូច្នេះវានឹងជំរុញដល់ការសម្រកទម្ងន់ថែមទៀត៕