មនុស្សយើងភាគច្រើនតែងមានទម្លាប់ញ៉ាំទឹកច្រើនៗក្រោយបាយរួច ឬអួលបាយ ឬពេលហាត់ប្រាណ ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះគឺថា អ្នកក៏អាចចាប់ផ្តើមទម្លាប់ដ៏ល្អមួយក្នុងការញ៉ាំទឹកដែរ ជាពិសេសការញ៉ាំទឹកក្នុងពេលវេលាដែលត្រឹមត្រូវប្រចាំថ្ងៃតែម្តង។ កាលណាអ្នកអាចអនុវត្តទម្លាប់នេះបាន អ្នកនឹងអាចទទួលបានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ និងមានសុខភាពល្អទៀត។ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីពេលវេលាដ៏ល្អបំផុតដែលអ្នកគួរតែញ៉ាំទឹក៖
ចូរញ៉ាំទឹកពីរកែវនៅពេលព្រឹក
រឿងដែលអ្នកត្រូវធ្វើដំបូងគេពេលភ្ញាក់ពីគេងគឺញ៉ាំទឹកឲ្យបានពីរកែវ។ ជាតិទឹកនេះនឹងជួយភ្ញោចដល់សរីរាង្គក្នុងពោះ និងដាក់រាងកាយឲ្យត្រៀមខ្លួនសម្រាប់អាហារពេលព្រឹក។ ចូរញ៉ាំទឹកទាំងពោះទរទេទើបជារឿងល្អ។
ចូរញ៉ាំទឹក ៣០នាទីមុនពេលបាយ
ការញ៉ាំទឹកបែបនេះមុនពេលអាហារថ្ងៃ ឬពេលយប់តែងតែជារឿងល្អ ដោយសារតែវានឹងជួយឲ្យក្រពះឆ្អែតមុន។ ជាមួយគ្នានេះដែរ មិនត្រូវភ្លេចញ៉ាំទឹកខណៈពេលញ៉ាំអាហារឡើយ ព្រោះវានឹងជួយបន្ថយការញ៉ាំអាហារច្រើនៗជ្រុលបាន។
ចូរញ៉ាំទឹកមួយកែវមុនពេលងូតទឹក
អ្នកគួរតែញ៉ាំទឹកមួយកែវមុនពេលងូតទឹកដើម្បីជួយរក្សាសម្ពាធឈាមកុំឲ្យឡើងខ្ពស់ ជាពិសេសពេលសីតុណ្ហភាពរាងកាយចុះក្តៅបន្តិច។ នៅពេលអ្នកងូតទឹកត្រជាក់ ឬទឹកក្តៅ សម្ពាធឈាមនឹងមិនអាចឡើងខ្ពស់ឡើយបើសិនជាអ្នកសម្រួលសីតុណ្ហភាពរាងកាយរួចជាមួយនឹងការញ៉ាំទឹកមួយកែវហើយ។
ញ៉ាំទឹកខណៈពេលកំពុងតែរងចាំអាហារបន្ទាប់
ចាប់តាំងពីវាត្រូវការពេល ៤ ទៅ ៧ម៉ោងនៅចន្លោះអាហារថ្ងៃត្រង់ និងអាហារពេលយប់ អ្នកគួរតែប្រាកដថា អ្នកបានញ៉ាំទឹកនៅចន្លោះពេលនេះដែរ។ ចូរស្តាប់រាងកាយខ្លួនឯងផងថា ពេលណាដែលអ្នកត្រូវស្រេកទឹក ហើយញ៉ាំទឹកភ្លាមដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន និងផ្តល់ថាមពល។
ចូរញ៉ាំទឹកមុនពេលអាហារពេលយប់
អ្នកគួរតែញ៉ាំទឹកនូវកែវទី ៨ហើយ ហើយគួរតែអបអរសារទដល់ខ្លួនឯងផង ថាអ្នកអាចគ្រប់គ្រងការញ៉ាំទឹកបានត្រឹមត្រូវហើយ។ ជាថ្មីម្តងទៀត ចូរញ៉ាំទឹក ៣០នាទីមុន អាហារពេលយប់ និងខណៈពេលដែលអ្នកកំពុងតែញ៉ាំអាហារផងដើម្បីជាជំនួយដល់ការរំលាយអាហារ។
ញ៉ាំទឹកមុនពេលគេង
អ្នកគួរតែញ៉ាំទឹកមួយកែវទៀតមុនពេលចូលគេង ព្រោះវានឹងជួយបង្ការការកើតជំងឺដាច់សរសៃឈាមខួរក្បាល ព្រមទាំងគាំងបេះដូងបាន។
សរុបសេចក្តីមក ដូចអ្នកដឹងហើយថា ពេលណាដែលជាពេលវេលាត្រឹមត្រូវដែលត្រូវញ៉ាំទឹក ព្រោះវាអាចជួយបង្ការបញ្ហាសុខភាពជាច្រើន ខណៈពេលជំរុញដល់ការរំលាយអាហារកាន់តែល្អ និងបង្កើនថាមពលក្នុងរាងកាយ។ ចូរអនុវត្តធ្វើបែបនេះឲ្យវាក្លាយទៅជាទម្លាប់មួយទើបអ្នកនឹងមានសុខភាពល្អបានយូរ៕